ចាប់ពីពេលនេះទៅសិស្សអាចសិក្សាពីចម្ងាយតាមរយៈទូរទស្សន៍នៅគ្រប់កន្លែងក្នុងប្រទេសកម្ពុជា

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយនឹងក្រសួងព័ត៌មាន​ផលិត និងផ្សព្វផ្សាយកម្មវិធី «ការសិក្សាពីចម្ងាយ» និង «ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក» ដើម្បី​អនុញ្ញាតឱ្យសិស្សានុសិស្សនៅទូទាំងប្រទេសអាចសិក្សាបាននៅគ្រប់ទីកន្លែង។

កម្មវិធីសិក្សាដែលក្រសួងទាំងពីរបានផលិតឡើងគឺមានចាប់ពីថ្នាក់កុមារតូចរហូតដល់ថ្នាក់ទី12 ដោយចាប់ផ្តើមចាក់ផ្សាយ 24ម៉ោង ក្នុងមួយថ្ងៃ និង​ជារៀងរាល់ថ្ងៃ ដែលម៉ោងផ្សាយគឺចាប់ផ្តើមពីម៉ោង 8:00នាទីព្រឹកទៅ ដល់ម៉ោង 24:00នាទីយប់ និងចាក់ផ្សាយឡើងវិញចាប់ពីម៉ោង 24:00នាទីយប់ រហូតដល់ម៉ោង 8:00នាទីព្រឹកតាមកាលវិភាគនានា។ សម្រាប់សិស្សានុសិស្សថ្នាក់ទី9 និងថ្នាក់ទី12 ដែលជាឆ្នាំប្រឡងអាចទស្សនាវីដេអូនៃការបង្រៀនបានរយៈពេល 3ម៉ោងក្នុងមួយថ្ងៃ។

សម្រាប់ប៉ុស្តិ៍ទូរទស្សន៍ដែលសិស្សានុសិស្សអាចទស្សនាបានមានដូចជា៖

  • ទូរទស្សន៍ជាតិកម្ពុជាទី2 ទទក២ ឬ TVK2 ដែលជាប៉ុស្តិ៍ទូរទស្សន៍ទើបតែបង្កើតថ្មីសម្រាប់បម្រើដល់ការចាក់ផ្សាយស្តីពីការអប់រំ
  • ទូរទស្សន៍ផ្កាយរណបតេជោឌីធីវី Decho DTV ប៉ុស្តិ៍លេខ22
  • ទូរទស្សន៍ខ្សែកាបនៅទូទាំង25រាជធានីខេត្តដែលមានចំនួន 55ប៉ុស្តិ៍ថ្មី ដែលផ្សាយបន្តពីទូរទស្សន៍ជាតិកម្ពុជា ទទក២ ឬ TVK2៕

Advertisement