ក្រសួងអប់រំ លើកថ្ងៃប្រឡងបាក់ឌុបសម្រាប់សាលាឯកជនទៅថ្ងៃក្រោយវិញ

តាម​ការប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា កន្លងមក​បានឱ្យដឹង​ថា ពេលវេលា​សម្រាប់​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ចំពោះ​សាលា​ឯកជន​នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃទី 17-18 ខែសីហា​ខាងមុខនេះ តែ​មុននេះ​បន្តិច​អ្នកនាំពាក្យ​ក្រសួង​អប់រំ បាន​បញ្ជាក់ថា​ក្រសួង​លើក​ថ្ងៃ​ប្រឡង​វិញ។

ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បានបញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​ថា កាលបរិច្ឆេទ​ប្រឡង​បាក់​ឌុប សម្រាប់​សាលា​ឯកជន​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី 17-18 ខែសីហា​នេះ ត្រូវ​លើក​ទៅ​ថ្ងៃ​ផ្សេង​វិញ ព្រោះ​ចំ​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​សម្រេច​ឱ្យ​ឈប់សម្រាក។

ឯកឧត្តម​អ្នកនាំពាក្យ​បាន​លើកឡើងថា សម្រាប់​ការប្រឡង​បាក់​ឌុប​នៅ​គ្រឹះស្ថាន​ឯកជន មាន​រយៈពេល2ថ្ងៃ ក្រសួង​នឹង​ជម្រាបជូន​បច្ចុប្បន្នភាព នៃ​កាលបរិច្ឆេទ​សម័យ​ប្រឡង​នាពេល​ក្រោយ។ ដោយសារតែ​ការកំណត់​បរិច្ឆេទ​ក្នុង​សេចក្តីជូនដំណឹង​កាលពី​ថ្ងៃទី 14 ខែកក្កដា ឆ្នាំ2020 ដោយ​កំណត់​យក​ថ្ងៃទី 17-18 ខែសីហា ចំ​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ឈប់សម្រាក​រយៈពេល5ថ្ងៃ ដើម្បី​សង​ថ្ងៃ​សម្រាក​ចូលឆ្នាំថ្មី៕

Advertisement