គន្លឹះបង្កើតគោលដៅសម្រាប់ជីវិតឱ្យមានប្រសិទ្ធភាព

មនុស្សគ្រប់គ្នាតែងតែមានគោលដៅប្រចាំជីវិត ខណៈមានអ្នកខ្លះមិនដឹងវិធីសាស្រ្តដើម្បីស្វែងរកខ្លួនឯងដែលទាមទារឱ្យមានវិធីសាស្ត្រក្នុងការកំណត់គោលដៅ។ ជំហានដំបូងក្នុងការកំណត់គោលដៅ គឺត្រូវពិចារណាលើអ្វីដែលអ្នកចង់បាននៅលើគម្រោងសម្រាប់ពេលវេលានៃជីវិតរបស់អ្នក (អ្នកអាចធ្វើការរំពឹងទុកថា តើអ្នកនឹងមានអ្វីខ្លះនៅអាយុប៉ុន្មាន?) ។

ការបង្កើតនូវគម្រោងពេលវេលា (Lifetime) សម្រាប់គោលដៅផ្តល់ឱ្យអ្នកនូវរូបភាពយ៉ាងច្បាស់លាស់នៃទស្សនៈវិស័យទាំងឡាយដែលអ្នកបានរំពឹងទុក សម្រាប់ធ្វើការសម្រេចចិត្ត ។

ដើម្បីទទួលបាននូវភាពជោគជ័យលើគោលដៅរបស់អ្នក ហើយមានតុល្យភាពលើគ្រប់ផ្នែកដែលសំខាន់បំផុតក្នុងជីវិត អ្នកគួរតែកំណត់គោលដៅផ្ទាល់ខ្លួនរបស់អ្នកតាមវិធីដូចខាងក្រោម៖

1. អាជីព (Career): តើអាជីពដែលមានកម្រិតធំប៉ុនណាដែលអ្នកចង់សម្រេចបានក្នុងជីវិតរបស់អ្នក? ឬអ្វីខ្លះដែលអ្នកចង់ធ្វើសម្រាប់ជីវិត?

2. ហិរញ្ញវត្ថុ (Financial): តើអ្នកចង់រកប្រាក់ឱ្យបានច្រើនប៉ុនណាសម្រាប់ជីវិត? (អ្នកគួរធ្វើការប៉ាន់ស្មានថាតាមដំណាក់កាលនៃជីវិត ថាត្រឹមអាយុ ២០ ឆ្នាំអ្នកនឹងមានប្រាក់ច្រើនប៉ុនណា? អាយុ ៣០ ឆ្នាំនឹងមានលុយច្រើនប៉ុនណា?) ហើយអ្នកក៏ចាំបាច់ត្រូវឆ្លើយនឹងសំណួរថា តើប្រាក់ដែលអ្នករកបាននោះជាប់ទាក់ទងនឹងអាជីពក្នុងគោលដៅរបស់អ្នកយ៉ាងដូចម្តេចខ្លះ?

3. ការអប់រំ (Education): តើអ្នកនឹងត្រូវសិក្សាត្រឹមកម្រិតណា (បរិញ្ញាបត្រ, បរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិត) ជំនាញអ្វីដើម្បីសម្រេចគោលដៅរបស់អ្នក ? តើមានចំណេះដឹងអ្វីខ្លះដែលអ្នកចង់ទទួលបានជាពិសេស ក្រៅពីការអប់រំដែលអ្នកទទួលបានក្នុងសាកលវិទ្យាល័យ? តើពត៌មាន ឬជំនាញអ្វីខ្លះដែលអ្នកនឹងត្រូវការដើម្បីសម្រេចគោលដៅជាបន្តបន្ទាប់ទៀត?

4. គ្រួសារ (Family): តើអ្នកចង់ក្លាយជាបុគ្គលដែលមានសុភមង្គលបំផុតក្នុងជីវិតដែរឬទេ? តើអ្នកត្រូវសម្រេចវាដោយវិធីណា? តើអ្នកគួរស្វែងរកគូស្រករបែបណា? អ្នកត្រូវថ្លឹងថ្លែងឱ្យច្បាស់ពីសុភមង្គល និងការងារ ឬ សុភមង្គល និងទឹកប្រាក់។ អ្នកត្រូវចាំឱ្យច្បាស់ថា អ្នកធ្វើការងារដើម្បីសុភមង្គល ហើយអ្នកក៏រកប្រាក់ដើម្បីសុភមង្គលដែរ ហេតុនេះកុំឱ្យការងារ និងលុយដឹកមុខអ្នករហូតដល់ភ្លេចគិតពេលសុភមង្គលឱ្យសោះ បើមិនដូច្នេះទេ អ្នកនឹងរស់នៅដោយគ្មានភាពរីករាយពិតប្រាកដ ហើយប្រាក់ដែលអ្នករកបាននោះក៏លែងមានន័យដែរ (បើអ្នកគិតតែរកប្រាក់ ហើយភ្លេចគិតពីសុភមង្គល ហើយបណ្ដោយឱ្យវាខ្ទេចខ្ទាំដោយអំណាចទឹកប្រាក់ នោះអ្នកនឹងក្លាយជាមហាសេដ្ឋីក្នុងប្រទេសដែលគេមិនចាយលុយជាមិនខាន)៕

Advertisement