ជប៉ុន​ប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ក្នុង​កម្រិត​ឧ​ត្ត​មសិ​ក្សា និង​ជំនាញ​បច្ចេកទេស

រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​អាហារូបករណ៍​ជាថ្មី​ទៀតហើយ​សម្រាប់​មន្ត្រី​រាជការ និស្សិត និង​សិស្ស​កម្ពុជា ដើម្បី​បន្ត​ការសិក្សា​នៅ​ប្រទេស​ជប៉ុន ដោយ​សោហ៊ុយ​ទៅមក ការហូបចុក ស្នាក់នៅ និង​រៀនសូត្រ ទាំងអស់​ជា​បន្ទុក​របស់​រដ្ឋាភិបាល​ជប៉ុន។

អាហារូបករណ៍​ដែល​ផ្តល់ជូន​នេះ គឺ​ត្រូវ​បែង​ចែកជា 4 កម្រិត​គឺ​កម្រិត​ឧ​ត្ត​ម​សិក្សា​រយៈពេល2ឆ្នាំ កម្រិត​ឧ​ត្ត​ម​សិក្សា​រយៈពេល5ឆ្នាំ កម្រិត​មធ្យមសិក្សា​បច្ចេក​ទេស​រយៈពេល4ឆ្នាំ និង​ថ្នាក់​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រយៈពេល 3ឆ្នាំ។

សម្រាប់​កម្រិត​ឧ​ត្ត​មសិ​ក្សា​មាន​រយៈពេល 2ឆ្នាំ គឺ​មុខវិជ្ជា​ដូចជា វិទ្យាសាស្ត្រ​សង្គម និង​មនុស្សសាស្ត្រ និង​វិទ្យាសាស្ត្រ​ធម្មជាតិ ដែល​លក្ខខណ្ឌ​គឺ​ត្រូវតែ​ជា​ជនជាតិខ្មែរ​ដែលមាន​អាយុ​ក្រោម 34ឆ្នាំ គិត​ត្រឹម​ថ្ងៃទី2 ខែមេសា ឆ្នាំ2018នេះ។ បេក្ខជន​គួរ​មាន​សញ្ញាបត្រ​ដែល​ទទួល​បាន GPA ចាប់ពី​ពិន្ទុ 7/10ឡើងទៅ ចេះ​ភាសា​អង់គ្លេស ឬ​ភាសា​ជប៉ុន​ជ្រៅជ្រះ និង​មានភ្ជាប់​មកជា​មួយ​នូវ​ផែនការ​សិក្សា​របស់ខ្លួន​ក្នុងពេល​ដាក់ពាក្យ​សុំ​អាហារូបករណ៍​ផងដែរ។

ចំណែកឯ​មុខវិជ្ជា​ឧ​ត្ត​ម​សិក្សា​រយៈពេល 5ឆ្នាំ មានមុខ​វិជ្ជា ដូចជា​វិទ្យាសាស្ត្រ​សង្គម និង​មនុស្សសាស្ត្រ និង​មុខវិជ្ជា​ធម្មជាតិវិទ្យា​ដូចជា​អេឡិចត្រូនិក ការសិក្សា​ពី​ម៉ាស៊ីន វិស្វកម្ម និង​ស្ថាបត្យកម្ម កសិកម្ម និង​វិស័យ​មួយចំនួនទៀត។

ចំពោះមុខ​វិជ្ជា​មធ្យមសិក្សា​បច្ចេកទេសៈ​ពេលពេល 4ឆ្នាំ មានដូចជា​មុខវិជ្ជា វិស្វកម្ម​ម៉ាស៊ីន វិស្វកម្ម​អេឡិចត្រូនិក ព័ត៌មានវិទ្យា វិស្វកម្ម​ទំនាក់ទំនង និង​នែ​ត​វើក កសិកម្ម និង​វិស័យ​មួយចំនួនទៀត។

ហើយ​ថ្នាក់​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រយៈពេល 3ឆ្នាំ មានដូចជា​បច្ចេកវិទ្យា ការអប់រំ និង​សង្គមកិច្ច ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​ការ​រចនា​ម៉ូដ និង​ការអប់រំ​វប្បធម៌ និង​អប់រំ​ទូទៅ​ជាដើម។

បេក្ខជន​ទាំងអស់​ត្រូវដាក់​ពាក្យ​ឱ្យបាន​មុន​ថ្ងៃទី31 ខែឧសភា ឆ្នាំ2018 នៅ​ការិយាល័យ​អាហារូបករណ៍ និង​កម្ម​វិ​សិក្សា​នៃ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍​អគារ​លេខ23 ផ្លូវ360 សង្កាត់​បឹង​កេងកង​ទី1 ខណ្ឌចំការមន​រាជធានី​ភ្នំពេញ៕

Advertisement