សាស្រ្តាចារ្យ ឆាំ ប៊ុនថេត៖ យុវជនគួរបើកចិត្តឱ្យទូលាយ និងទទួលស្គាល់ការពិតសម្រាប់ខ្លួនឯង

ចាប់ផ្តើមចេញសម្ដីជាមួយនឹងសំណើចលាយឡំជាមួយអត្ថន័យអប់រំ ក្នុងសិក្ខាសាលា «បេសកកម្មនិស្សិតសាកលវិទ្យាល័យ» លោក ឆាំ ប៊ុនថេត សាស្រ្តាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បានលើកឡើងនូវគោលការណ៍ជាច្រើនដែលយុវជនអាចពិចារណាសម្រាប់ប្រើប្រាស់ក្នុងជីវិតឱ្យកាន់តែមានលក្ខណៈប្រសើរឡើង។

សាស្រ្តាចារ្យប្រកបដោយប្រជាប្រិយភាពរូបនេះបានលើកឡើងថា កុំនិយាយថា «ខ្ញុំមិនអីទេ!» បើខ្លួនឯងកំពុងមានបញ្ហា តែត្រូវបើកចិត្តឱ្យទូលាយទទួលយកការពិតសម្រាប់ខ្លួនឯង។ ប្រសិនបើមានបញ្ហា ឬកំពុងស្ថិតក្នុងឧបសគ្គក្នុងជីវិត ត្រូវទទួលស្គាល់ថា ខ្លួនពិតជាមានបញ្ហា ហើយប្រមូលបញ្ហាទាំងអស់នោះដើម្បីត្រៀមខ្លួនដោះស្រាយប្រកបដោយថាមពល និងភាពវិជ្ជមាន។

លោក ឆាំ ប៊ុនថេត ក៏បានលើកឡើងផងដែរថា ប្រសិនបើយើងមានបញ្ហា ហើយយើងនៅតែមិនបើកចិត្តទទួលស្គាល់ថា យើងកំពុងមានបញ្ហា ហើយគេចវេះពីបញ្ហាដែលកំពុងប្រឈម រឿងអវិជ្ជមានដែលកើតឡើងពីបញ្ហាក្នុងជីវិតនឹងវាយប្រហារយើង ហើយធ្វើឱ្យជីវិតរបស់យើងបាត់បង់សេចក្តីសុខ។ ហេតុនេះការដែលយើងព្យាយាមប្រើជីវិតក្នុងផ្លូវវិជ្ជមានដើម្បីដើរទៅមុខសម្រាប់ការអភិវឌ្ឍខ្លួនឯង ស្របពេលដែលយើងព្យាយាមប្រឈមជាមួយបញ្ហាហើយដោះស្រាយឱ្យអស់នោះ យើងនឹងទទួលបានសេចក្តីសុខនៅក្នុងការរស់នៅ។

សូមមានភាពស្មោះត្រង់ជាមួយខ្លួនឯង កុំលាក់ខ្លួនឯង ហើយត្រូវច្បាស់ថា យើងដឹងពីខ្លួនឯងគ្រប់ពេលដើម្បីគ្រប់គ្រងស្ថានការណ៍ក្នុងជីវិត កុំឱ្យស្ថានការណ៍គ្រប់គ្រងជីវិតរបស់យើងវិញឱ្យសោះ៕

Advertisement