NUS ជា​សាកលវិទ្យាល័យ​ដែលមាន​និស្សិត​មានការ​ងារ​ធ្វើ​ច្រើន​លំដាប់​ទី 16 លើ​ពិភពលោក

យោងតាម​ការស្ទង់មតិ​ជា​សកល​មួយ​បាន​បង្ហាញថា អ្នក​ដែល​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី National University of Singapore (NUS) មានការ​ងារ​ធ្វើ​ច្រើន​លំដាប់​ទី 16 លើ​ពិភពលោក។

NUS ជា​សាកលវិទ្យាល័យ​មួយ​របស់​សិង្ហ​បុរី​ដែល​ស្ថិត​ក្នុងចំណោម​សាកលវិទ្យាល័យ​ល្អ​បំផុត​ទាំង 20លើ​ពិភពលោក​ដែលមាន​និស្សិត​ទទួលបាន​ការងារ​ធ្វើ​ច្រើន​បំផុត។

សាស្ត្រាចារ្យ Tan Eng Chye នាយករង​ផ្នែក​កិច្ចការ​អប់រំ​របស់ NUS បាន​ថ្លែងថា លក្ខខណ្ឌ​ដែល​ធ្វើឱ្យ NUS ទទួលបាន​ចំណាត់ថ្នាក់​ល្អ​នេះ គឺ​ផ្អែកទៅលើ​ភាពល្អប្រសើរ​ក្នុងការ​ចែករំលែក​ចំណេះដឹង ការគ្រប់គ្រង​ភាព​តានតឹង ឬ​ភាព​ធុញថប់​ក្នុងការ​សិក្សា ការអនុវត្ត និង​បទពិសោធ​បានល្អ និង​ការជំរុញ​ឱ្យមាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ស្ថាប័នសំខាន់ៗនានា​លើ​ពិភពលោក​ជាដើម។

សាស្ត្រាចារ្យ Tan Eng Chye បាន​និយាយថា៖ «NUS នឹង​បន្ត​អនុវត្ត និង​អភិវឌ្ឍ​នូវ​យុទ្ធសាស្ត្រ​របស់ខ្លួន​ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​និស្សិត​ឱ្យមាន​សមត្ថភាព​កាន់តែខ្លាំង​ស្របតាម​ការផ្លាស់ប្តូ​ររ​បស់​ពិភពលោក ហើយនឹង​ទាន់​តម្រូវការ​ទីផ្សារការងារ​នៅ​ថ្ងៃ​អនាគត​ដែល​នឹង​ចូលមក​ដល់»។

សាស្ត្រាចារ្យ​ខាងលើ​បានលើកឡើង​ផងដែរ​ថា សាកលវិទ្យាល័យ​ដ៏​ល្បី​នេះ​នឹង​បន្ត​អភិវឌ្ឍ​មុខជំនាញ និង​មេរៀន​របស់ខ្លួន​ដូចជា​ការបង្កើត​វិទ្យាស្ថាន​ដើម្បី​សិក្សា​ឱ្យមាន​ជីវិត​រស់នៅ​យូរអង្វែង (lifelong learning) ហើយនឹង​បន្ត​តាមដាន និង​អភិវឌ្ឍ​សមត្ថភាពថ្មីៗដល់​និស្សិត​ឱ្យស្រប​នឹង​ការងារ​ក្នុងប្រទេស​សិង្ហ​បុរី និង​ពិភពលោក​ទាំងមូល។

គួរបញ្ជាក់​ផងដែរ​ថា របាយការណ៍​នៃ​ការស្ទង់មតិ​ជាស​កល​នេះ គឺធ្វើឡើង​ដោយ​ស្ថាប័ន Time Higher Education ដែល​ស្ថាប័ន​ដ៏​ល្បីល្បាញ​នេះ​បានធ្វើ​ការស្ទង់មតិ​លើ​ស្ថាប័នឯកជន​ជាច្រើន​ដែល​ក្នុង​ស្ថាប័ននីមួយៗមាន​បុគ្គលិក​ប្រមាណ​ជាង 5,000នាក់ ហើយ​បានជ្រើសរើស​បុគ្គលិក​ប​ន្ថែ​ម​ប្រហែលជា 50នាក់​ជា​រៀងរាល់ឆ្នាំ។

ជា​លទ្ធផល​នៅក្នុង​ឆ្នាំនេះ សាកលវិទ្យាល័យ​ដែល​ល្អ​ជាងគេ​បំផុត​គឺ California Institute of Technology និង​ដេញតាម​ពីក្រោយ​ដោយ​សាកលវិទ្យាល័យ Harvard University និង Columbia University តាម​លំដាប់៕

Advertisement