លោក គីម ដារ៉ា បង្ហាញ​វិធីសាស្រ្តជាប់​អាហារូបករណ៍ផ្នែកវិទ្យាសាស្រ្តពិតនៅបរទេស

សិស្សវិទ្យាល័យភាគច្រើន​សុទ្ធតែបានស្គាល់​លោក គីម ដារ៉ា អតីតនិស្សិតអាហារូបករណ៍វិស្វករនៃប្រទេសជប៉ុន និង​ជាស្ថាបនិក​​គ្រឹះស្ថានអប់រំ Start Up Cambodia ដែលជាកន្លែងបណ្តុះបណ្តាល​សិស្សធម្មតាឱ្យក្លាយជាសិស្សពូកែ​ផ្នែក​វិទ្យាសាស្រ្តពិត និង​ភាគច្រើន​មានសមត្ថភាព​ប្រឡងជាប់ទៅសិក្សានៅក្រៅប្រទេសថែមទៀតផង។

ចាប់ផ្តើមពីសិស្សពូកែ ​និងលេចធ្លោ​ម្នាក់នៅវិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) លោក គីម ដារ៉ា បានប្រឡងជាប់អាហារូបករណ៍នៅប្រទេសជប៉ុន និងជាប់អាហារូបករណ៍សំខាន់ៗមួយចំនួន​ទៀត មុននឹងត្រឡប់មកកម្ពុជា​ដើម្បី​ធ្វើជាអ្នកបណ្តុះបណ្តាល​គណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា ប្រកបដោយទេពកោសល្យ និងប្រសិទ្ធភាព​ខ្ពស់។ តាមរយៈបណ្តាញសង្គម និងវីដេអូក្នុង You Tube អ្នកជំនាញ​​ផ្នែកវិទ្យាសាស្រ្តរូបនេះបានបង្រៀន​យុវជនកម្ពុជាជាច្រើនឱ្យមានលទ្ធភាព​ក្នុងការ​កសាងសមត្ថភាព​ផ្នែកវិទ្យាសាស្រ្តពិត​រួមទាំង​ជំរុញឱ្យយុវជនកម្ពុជា​ច្រើន​ជាង 20នាក់ឱ្យទទួល​បានអាហារូបករណ៍ទៅសិក្សានៅបរទេស។ ក្នុងនោះជាបទពិសោធ ឬអាចហៅបានថា ជាជោគជ័យ​ក្នុងការ​ផ្តល់យោបល់​សម្រាប់អាហារូបករណ៍ លោកដារ៉ា បានជួយឱ្យនិស្សិតយ៉ាងហោចណាស់ 54នាក់ក្នុងចំណោម​56នាក់ ឱ្យជាប់ទៅសិក្សានៅប្រទេសជប៉ុន។

លោក គីម ដារ៉ា បាននិយាយថា៖ «​មុននឹងជាប់អាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស​ លុះត្រាតែយើង​ដឹង​មានបំណង​ពិតប្រាកដ​ ហើយដឹងច្បាស់ថា យើងចង់បានអ្វីឱ្យពិតប្រាកដ ចៀសវាង​ទៅដល់ក្រៅប្រទេសហើយ​ត្រូវត្រឡប់មកស្រុកខ្មែរវិញដោយគ្មានសញ្ញាបត្រ»។

លោកបានបញ្ជាក់ថា ការកំណត់​គោលដៅឱ្យបានច្បាស់លាស់​អាចជួយឱ្យ​យើង​មានចិត្តសម្រាប់ត្រៀម និងមាន​កម្លាំងចិត្តដើម្បី​ធ្វើការស្រាវជ្រាវដោយមិន​នឿយហត់។ ការរៀន​ដើម្បី​ទទួលបានអាហារូបករណ៍​គឺទាមទារឱ្យចេះជ្រើសរើស​ឯកសារ និងមុខវិជ្ជា​ឱ្យស្របនឹងចំណុច​សំខាន់​ៗ​ដែលគេត្រូវការ ហើយក៏ទាមទារឱ្យមានការតាំងចិត្តខ្ពស់ផងដែរ។

ដើម្បីស្គាល់លំហាត់​ប្រឡងជាប់អាហារូបករណ៍​ទៅក្រៅប្រទេស​យើងគួរ​ស្វែងរកវិញ្ញាសាចាស់ៗ ឬសៀវភៅដែលភាគច្រើន​មានលំហាត់ដែលប្រឡងចេញដើម្បីស្វែងរកចំណុចប្រសព្វ​ដើម្បីកំណត់​ថា លំហាត់ណាតែងតែចេញប្រឡង។ ចំណុចប្រសព្វត្រង់ចំណុចនេះគឺសំដៅលើ​ភាពដូចគ្នា ឬភាពមិនដែលខាន​លើ​វិញ្ញាសាច្រើនឆ្នាំជាប់ៗគ្នា។ នៅពេលដែលយើង​ច្បាស់ថា​លំហាត់ណាខ្លះ​ជាលំហាត់ដែល​ស្ទើរតែចេញ ១០០% ហើយ យើងត្រូវ​ព្យាយាម​ដោះស្រាយលំហាត់នោះឱ្យច្បាស់ដូចបាតដៃ នោះយើងនឹងអាចមានទំនុកចិត្តខ្ពស់ថា អាចជាប់នៅពេលប្រឡង។

ម្យ៉ាងវិញទៀត ភាសាអង់គ្លេសក៏ជា​ធាតុមួយយ៉ាងសំខាន់ផងដែរ​ក្នុង​ប្រឡង​អាហារូបករណ៍​ទៅក្រៅប្រទេស។ លោកដារ៉ា បានបញ្ជាក់ថា ការសិក្សាភាសាអង់គ្លេស គួររៀនឱ្យចំចំណុច គឺមិនមែនរៀន​តាមបែបទូទៅ ដែលត្រូវចំណាយពេលដល់​ទៅ 4 ឆ្នាំ ដើម្បីទទួលបានសញ្ញាបត្រមួយនោះទេ យើងត្រូវរៀន​តែចំណុចណាដែលមានសារៈសំខាន់សម្រាប់ការប្រឡងតែប៉ុណ្ណោះ។ ភាគច្រើននិស្សិតដែលចង់ប្រឡងគួររៀនតាមសៀវភៅ ឬវិញ្ញាសា​ដែលពាក់ព័ន្ធនឹងជំនាញដែលចង់ប្រឡង។

ជាវិធីសាស្រ្តល្អមួយទៀតដើម្បីងាយធ្វើលំហាត់​ យើងអាច​មើលខ្នាត ប្រសិនបើ​មិនយល់ច្បាស់ពីភាសា។ លោកថា ពេលខ្លះលោក​ក៏មិន​យល់ពីភាសាដូចគ្នា លើលំហាត់មួយចំនួន តែនៅពេលដែលលោកមើលលើខ្នាត លោកអាចយល់បានថា ប្រធានលំហាត់គេចង់បានអ្វី បន្ទាប់មក​លោក​ក៏ដោះស្រាយលំហាត់នោះ៕

Advertisement