ហេតុអ្វីបានអ្នករៀន​តែមួយមហាវិទ្យាល័យ ទទួលជោគជ័យខ្ពស់ជាង​អ្នករៀនច្រើនមហាវិទ្យាល័យក្នុងពេលតែមួយ?

ការសិក្សាច្រើនមហាវិទ្យាល័យក្នុងពេលតែមួយបានក្លាយជា​ប្រធានបទដ៏សំខាន់នាពេលបច្ចុប្បន្ន​ព្រោះនិស្សិតជាច្រើនយល់ឃើញថា ​ការសិក្សាច្រើនមហាវិទ្យាល័យក្នុងពេលតែមួយ អាចជួយឱ្យ​ជោគជ័យក្នុងជីវិត ឬបង្ហាញពីការសង្វាតប្រឹងប្រែងជាដើម។ តែស្ថានភាពពិតប្រាកដ អ្នកជំនាញអប់រំ​ជាច្រើន​បានធ្វើការណែនាំថា គួរសិក្សាក្នុងមហា-វិទ្យាល័យតែមួយបានហើយ ព្រោះ​ការសិក្សាច្រើនមហាវិទ្យាល័យ​មិនអាចធ្វើឱ្យមនុស្សជោគជ័យខ្លាំងទាំងស្រុងនោះទេ តែពួកគេនឹងបាត់បង់ឱកាសក្នុងការអនុវត្តជំនាញដែលគេកំពុងសិក្សាឱ្យច្បាស់លាស់នោះ ដែលនឹងនាំឱ្យពួកគេមិនអាចស្វែងរកការងារឱ្យត្រូវជំនាញបាន។

លោកឧកញ៉ា​ គួច ម៉េងលី អគ្គនាយកនៃក្រុមហ៊ុន Mengly J. Quach Group បានលើកឡើងថា សិស្សនៅក្នុងប្រទេសអភិវឌ្ឍន៍​នានាលើពិភពលោក គេមិនសូវសិក្សា​ច្រើនមហាវិទ្យាល័យនោះទេ ហើយភាគច្រើន គេសិក្សាតែក្នុងមហាវិទ្យាល័យមួយប៉ុណ្ណោះ ព្រោះគេទុកពេលវេលាសម្រាប់អនុវត្តការងារជាក់ស្តែង។ ការសិក្សនៅមហាវិទ្យាល័យ ចាំបាច់ត្រូវមានការស្រាវជ្រាវឱ្យបានច្រើន​ដើម្បីយល់ពីឫសគល់នៃមុខវិជ្ជានីមួយៗឱ្យបានស៊ីជម្រៅ និងអនុវត្តជាក់ស្តែង​ឱ្យបានច្រើន ហេតុនេះ​បានជាមហាវិទ្យាល័យគេមិនរៀនច្រើនម៉ោងពេកទេនៅសាលា តែត្រូវចំណាយពេលច្រើន​នៅក្នុងការរស់នៅជាក់ស្តែង។ ការសិក្សានៅមហាវិទ្យាល័យគេរៀនតែ 4-5ម៉ោងប៉ុណ្ណោះ មិនមែន​គេទុកពេលឱ្យរត់ទៅរៀន​មហាវិទ្យាល័យមួយ ឬពីរទៀតនោះទេ តែគេទុកពេលវេលាឱ្យ​ធ្វើការងារ​ហាត់ការ ឬធ្វើសកម្មភាពផ្សេងៗទៀតដើម្បីយកបទពិសោធជាក់ស្តែង តែនិស្សិតនៅស្រុកយើងភាគច្រើន​មានការយល់ច្រឡំ ហើយខំរៀន​ច្រើនមហាវិទ្យាល័យ ហើយចុងក្រោយមានអ្នកខ្លះមិនច្បាស់ទាំងអស់ក៏មាន។

លោកឧកញ៉ា​ គួច ម៉េងលី អគ្គនាយកក្រុមហ៊ុន Mengly J. Quach Group

លោកឧកញ៉ា គួច ម៉េងលី បានមានប្រសាសន៍ថា៖ “​វ័យជានិស្សិត​គួរចំណាយពេលក្នុងឆ្នាំដំបូងដើម្បីសិក្សាឱ្យបានច្បាស់លាស់ពីមូលដ្ឋានគ្រឹះបន្ទាប់ពីមានគ្រឹះរឹងមាំហើយ គឺដល់ពេលអនុវត្តជាក់ស្តែង​នៅក្នុងក្រុមហ៊ុន ឬ​កន្លែងដែលយើងចង់ធ្វើការងារ។ ការងារដំបូង​មិនបាច់​ស្វែងរកកន្លែងដែលមានលុយច្រើននោះទេ តែត្រូវស្វែងរក​កន្លែងណាដែលផ្តល់ឱកាសឱ្យរៀនបានច្រើន។ ក្រោយពេលធ្វើការងារបានល្អ រៀនចប់មានបទពិសោធស្រាប់ និស្សិតនឹងអាចរកការងារធ្វើបានដោយងាយស្រួល មិនចាំបាច់ហក់លោតទៅរៀន 2-3សាលារួចចេញមកមិនស្គាល់ពិភពការងារនោះទេ”។

អ្នកជំនាញអប់រំខាងលើបានលើកឡើងផងដែរថា និស្សិតដែលខំរៀនពិតប្រាកដ គេមិនខ្វល់ខ្លាំងពេកទេ​ថា គ្មានការងារធ្វើនោះ តែអ្វីដែលគេខំធ្វើ គឺប្រើពេលវេលាដែលសល់ពីការសិក្សាលើមុខវិជ្ជាណាមួយនោះ មកខំប្រឹងអានឱ្យបានច្រើន ស្គាល់ឱ្យបានច្រើន ដើរឱ្យបានច្រើន និង​រៀន​ធ្វើការងារឱ្យបានច្រើន​ដើម្បីឆ្លើយតបទៅនឹងអ្វីដែល​កំពុងរៀន ឬអាចនិយាយបានថា គេសង្វាតយកមេរៀនដែលគេបានរៀនមកប្រើ។ ប្រសិនបើចំណាយថាមពេល ចំណាយកម្លាំងរៀន 2-3មហាវិទ្យាល័យវិញ ពេលខ្លះ​ហត់នឿយខ្លាំង រៀនមិនទាន់គេ ពេលខ្លះរៀនទាន់ តែគ្មានពេលអនុវត្តការងារជាក់ស្តែង ពេលចប់ពីសាលា ត្រូវខំប្រឹងតាមគេ ​ទម្រាំធ្វើការងារបានល្អក៏មាន។ ហើយអ្នកខ្លះទៀតហត់ខ្លាំងពេក​បោះបង់ចោលកណ្តាលទីក៏មានហេតុនេះ​ ការជ្រើសរើសរៀនតែមួយមហាវិទ្យាល័យជាជម្រើសល្អមួយដែលអាចឱ្យ​ប្អូនៗ​អភិវឌ្ឍខ្លួនបានយ៉ាងល្អដើម្បីចាប់អាជីពណាមួយឱ្យច្បាស់លាស់ឬឱ្យក្លាយជាអ្នកប្រសប់ កុំគ្រាន់តែចេះស្ទើរៗហើយធ្វើការងារមិនកើត។

លោក តន់ រតនា ប្រធានក្រុមយុវជនដើម្បីការអភិវឌ្ឍសង្គមដែលធ្វើការងារលើការតម្រង់ទិស និងអភិវឌ្ឍន៍យុវជន បានលើកឡើងថា ការសិក្សា​តែមួយមហាវិទ្យាល័យមិនមែនមានន័យថា ពួកគាត់សិក្សាតែមួយមុខនោះទេ តែគាត់ផ្តោតខ្លាំងតែលើមុខវិជ្ជាសម្រាប់អាជីពការងាររបស់គាត់នៅថ្ងៃអនាគត។ មាននិស្សិតមួយចំនួន​បានយល់ច្រឡំថា នៅពេលគាត់សិក្សាថ្នាក់បរិញ្ញាបត្រ​លើជំនាញណាមួយហើយ គាត់ចាំបាច់ត្រូវតែសិក្សាថ្នាក់បរិញ្ញាបត្រ​អក្សរសាស្ត្រអង់គ្លេសមួយផ្សេងទៀត ឬសិក្សាវិទ្យាសាស្ត្រកុំព្យូទ័រមួយបន្ថែមទៀតជាដើម។ ការធ្វើបែបនេះអាចធ្វើឱ្យពួកគាត់ហត់នឿយខ្លាំង​ និងបាត់បង់ថាមពលដើម្បីផ្តោតលើមុខវិជ្ជាដែលគាត់ត្រូវសម្រួច។

លោក តន់ រតនា បាននិយាយថា ៖ “​តម្រូវការការងារជាក់ស្តែងពិតជាត្រូវការ​ប្រើប្រាស់ភាសា និងបច្ចេកវិទ្យា តែមិនមែនត្រូវការឱ្យមានបរិញ្ញាបត្រលើផ្នែកនោះទាំងស្រុងទេ។ អ្វីដែលគេត្រូវការគឺជំនាញពិតប្រាកដលើការងារសម្រាប់ស្ថាប័ន និងបទពិសោធ​ជាក់ស្តែងដែល​អាចធ្វើការងារបានល្អ និងមានការរីកចម្រើន”។

លោករតនា បញ្ជាក់ផងដែរថា ដើម្បី​ធ្វើការងារបានល្អ លុះត្រាតែមនុស្សម្នាក់ៗចេះសម្របខ្លួនក្នុងបរិស្ថានច្រើនផ្សេងៗគ្នា និង​ស្វែងយល់ច្រើនពីពិភពការងារ និងការរស់នៅជាក់ស្តែង ហេតុនេះ​ការសិក្សាតែមួយមហាវិទ្យាល័យអាចផ្តល់ឱកាសឱ្យនិស្សិ​ត​មានពេលច្រើនដើម្បីស្វែងយល់ពីគ្រប់ជ្រុងជ្រោយ​ក្នុងសង្គម។ តែទោះបីជាយ៉ាងនេះក្តី ការសិក្សាតែមួយមហាវិទ្យាល័យ​ត្រូវចេះគ្រប់គ្រងពេលវេលារបស់ខ្លួនឱ្យបានល្អ បើមិនដូច្នោះទេ ការដែលមានពេលទំនេរច្រើន​អាចធ្វើឱ្យយើងខាតបង់កាន់តែខ្លាំងដោយសារតែការបណ្តែតបណ្តោយខ្លួនឱ្យ​សប្បាយជ្រុល​ភ្លេច​ផ្តោតលើគោលដៅសំខាន់សម្រាប់អនាគត៕

Advertisement