កុមារជនជាដើមតិភាគតិច ពិបាកទទួលបានការអប់រំតាមប្រព័ន្ធត្រឹមត្រូវ

បន្ទាប់ពីមានការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជា ជាពិសេសនៅពេលប្រឡងដែលកាន់តែមានលក្ខណៈសុក្រឹត ហើយធ្វើឱ្យសិស្សខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួនឯង ស្របពេលដែលស្ថាប័នអប់រំនានាពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការបណ្តុះបណ្តាលផងដែរ។

សាលារៀនកាន់តែខិតទៅជិតផ្ទះរបស់សិស្ស ហើយចំនួនគ្រូបង្រៀនក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ដែរនៅគ្រប់រាជធានី-ខេត្ត តែក៏នៅមានចំណុចដែលគួរឱ្យចាប់អាម្មណ៍មួយចំនួនទៀតដែរ ដូចជាកុមារជនជាតិដើម ឬជនជាតិភាគតិចហាក់មានភាពពិបាកក្នុងការទទួលបានការអប់រំតាមប្រព័ន្ធត្រឹមត្រូវដោយសារតែមានឧបសគ្គដ៏ច្រើនប្រភេទផ្សេងៗគ្នា។

សមាជិកគណៈកម្មការទ្រទ្រង់សាលានៃសាលាបឋមសិក្សាចងរ៉ា ក្នុងខេត្តរតនគីរី ដែលជាសាលាបណ្តុះបណ្តាលកុមារដែលភាគច្រើនជាជនជាតិដើមភាគតិច លោក ទូច ជ្រៀង បានថ្លែងនៅក្នុងវីដេអូដែលផលិតឡើងដោយអង្គការ UNICEF ថា ភូមិរបស់លោកជាភូមិមួយដែលនៅដាច់ស្រយាលពីទីប្រជុំជន និងឆ្ងាយពីគេ។ បន្ទាប់ពីរដ្ឋាភិបាលបានអភិវឌ្ឍ សាលារៀនក៏ត្រូវបង្កើតឡើង ហើយធ្វើឱ្យចំនួនសិស្សមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ទោះបីជាយ៉ាងនេះក្តី សិស្សមួយចំនួនក៏នៅតែជួបបញ្ហាជាច្រើន ដូចជាការធ្វើដំណើរ ដែលនៅកន្លែងខ្លះគ្មានផ្លូវ និងស្ពានមិនល្អដែលរាំងស្ទះដល់ការមកសិក្សារបស់ពួកគេ។ មានសិស្សតូចៗខ្លះទៀតត្រូវធ្វើដំណើរទៅ-មកសាលារៀនប្រមាណ5គីឡូម៉ែត្រក្នុងមួយថ្ងៃ ហើយកន្លែងខ្លះទៀតត្រូវធ្វើដំណើរប្រមាណ8គីឡូម៉ែត្រឯណោះដើម្បីមកដល់សាលារៀន។

លោក ទូច ជ្រៀង បាននិយាយថា៖ «ទោះបីជាមានសាលាហើយ មានគ្រូបង្រៀនហើយ មានគណៈកម្មការសាលា រួមទាំងប្រព័ន្ធអប់រំល្អហើយក៏ដោយ តែប្រសិនបើគ្មានផ្លូវ គ្មានស្ពានទេ គ្មានអ្នកណាចង់មករៀននោះទេ»។

យោងតាមការបង្ហាញរបស់អង្គការ UNICEF បានបង្ហាញថា នៅកម្ពុជាមានភាសាជនជាតិដើមភាគតិចជាង 20 អម្បូរ ហើយនៅក្នុងខេត្តរតនគីរី នាភាគឦសាន មានប្រជាជនប្រមាណជាង 60ភាគរយជាជនជាតិដើមភាគតិច ហើយជាញឹកញាប់ កុមារនៃសហគមន៍ជនជាតិដើមភាគតិច គឺពុំសូវទទួលបានការអប់រំតាមប្រព័ន្ធអប់រំត្រឹមត្រូវឡើយ៕

Advertisement