ការដំឡើងប្រាក់ឈ្នួលអប្បបរមាប៉ះពាល់ដល់សហគ្រាសផ្សេងក្រៅពីរោងចក្រដែរឬទេ?

ថ្មីៗនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យម្ចាស់រោងចក្រ​ទាំងអស់អនុវត្តតាមគោលការណ៍ដំឡើងប្រាក់ឈ្នួលអប្បបរមា និង​លក្ខខណ្ឌការងារជាច្រើនដល់កម្មករ និងកម្មការិនីរោងចក្រ ដែលធ្វើឱ្យកម្មករ-កម្មការិនីមាន​ភាពរីករាយ ខណៈមានស្ថាប័នមួយចំនួនផ្សេងទៀត​កំពុងមានការបារម្ភខ្លះៗពីផលប៉ះពាល់ពីបញ្ហានេះ។

លោកមេធាវី សោម ចំណាន អ្នកជំនាញច្បាប់ការងារបានលើកឡើងថា រាជរដ្ឋាភិបាល​បានចេញគោលការណ៍ដំឡើងប្រាក់ឈ្នួលអប្បបរមាចំពោះតែរោងចក្រសហគ្រាសដែលផលិតស្បែកជើង និង​កាត់ដេរតែប៉ុណ្ណោះ។ តែពេលខ្លះម្ចាស់អាជីវកម្មផ្សេងក៏អាច​ប៉ះពាល់ខ្លះដែរព្រោះប្រសិនប្រាក់ឈ្នួលអប្បបរមា​របស់កម្មកររោងចក្រ​ខ្ពស់ជាងប្រាក់ខែនៅសហគ្រាសផ្សេង បុគ្គលិក​អាចនឹង​មិនពេញចិត្ត ឬស្នើសុំឱ្យមានការដំឡើងដូចគ្នាកុំឱ្យចាញ់កម្មកររោងចក្រ។

លោកមេធាវី សោម ចំណាន បាននិយាយថា៖ «​កន្លងមកមានបុគ្គលិកផ្នែកមន្ត្រីឥណទានមកពី​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតូចៗមួយចំនួនបានរត់ទៅសុំធ្វើការងារនៅរោងចក្រវិញ ព្រោះនៅស្ថាប័នគាត់បានប្រាក់ខែត្រឹមតែ180ដុល្លារ ហើយត្រូវជិះម៉ូតូ​រហូត តែសម្រាប់កម្មករ-កម្មការិនីរោងចក្រឥឡូវអាចបានដល់ជាង 200ដុល្លារ បើគាត់ថែមម៉ោង ព្រោះ​គ្រាន់តែប្រាក់ឈ្នួលអប្បបរមាបូកនឹងថ្លៃផ្សេងៗមិនទាន់ថែមម៉ោងផង ក៏បានប្រមាណ 187ដុល្លារបាត់ទៅហើយ»។

អ្នកជំនាញច្បាប់ការងារខាងលើបានលើកឡើងថា ពេលខ្លះម្ចាស់ស្ថាប័នមួយចំនួនមានការយល់ច្រឡំពីប្រាក់ខែគោល និងប្រាក់ឈ្នួលអប្បបរមា ហើយមានការបារម្ភពីការដំឡើងប្រាក់ខែគោល។ តាមពិតប្រាក់ខែគោល និងប្រាក់ឈ្នួលអប្បបរមាគឺខុសគ្នា ព្រោះប្រាក់ខែគោលគឺប្រាក់ខែដែលផ្តល់ឱ្យបុគ្គលិកទូទៅតាមជំនាញ និងតំណែងរបស់គាត់ តែគាត់ក៏អាចកំណត់ប្រាក់ខែគោលផ្នែកខ្លះជាប្រាក់ខែអប្បបរមាដែរ។ ចំណែកឯប្រាក់ខែអប្បបរមាវិញ គឺការកំណត់ពីប្រាក់ខែចាប់ផ្តើមទាបបំផុតសម្រាប់ស្ថាប័ន មានន័យថា​តំណែងតូចបំផុតមិនត្រូវក្រោមប្រាក់ឈ្នួលអប្បបរមាដែលក្រសួងបានកំណត់នោះទេ ហើយជាទូទៅក្រសួងមិនមែនជំរុញឱ្យដំឡើងប្រាក់ខែគោលនោះទេ គឺជំរុញឱ្យតម្លើងប្រាក់ឈ្នួលអប្បបរមាតែប៉ុណ្ណោះ៕

Advertisement