រៀន​តាម​ចំណូលចិត្ត​ជា​វិធី​សាស្រ្ត​ល្អ​បំផុត​ដែល​ជំរុញ​ឱ្យ​មានប្រសិទ្ធភាព​ទាំង​ការងារ​ និង​ការ​ធ្វើអាជីវកម្ម​

មនុស្ស​មួយចំនួន​យល់ឃើញ​ថា​ ការ​បន្ត​ការ​សិក្សា​នៅ​កម្រិត​ឧត្តម​សិក្សា​ គួរតែ​ជ្រើសរើស​យក​មុខវិជ្ជា​ណា​ដែល​ធ្វើ​ឱ្យ​ខ្លួនឯង​រីករាយ​ ឬស្របតាម​ចំ​-ណង់​ចំណូលចិត្ត​ ព្រោះ​គេ​យល់ឃើញ​ថា​ ការអប់រំ​ គឺ​ដើម្បី​ទទួល​បាន​សេចក្តី​សុខ​ពេញ​មួយ​ជីវិត​ ខណៈ​មនុស្ស​មួយចំនួន​ទៀត​យល់ថា​ ការ​ចាប់​យក​អាជីព​សម្រាប់​អនាគត​ គួរតែ​ជ្រើសរើស​យក​អាជីព​ណា​ដែលគេ​ពេញនិយម​ ទទួល​បាន​លុយកាក់​ច្រើន​ ឬមានមុខមាត់​ល្បី​ជាដើម​។

លោក​ អាំង​ ភារៈ​ ប្រធាន​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ​ បាន​លើកឡើង​ថា​ ការ​ជ្រើសរើស​ការងារ​ដែល​ខ្លួន​ពេញចិត្ត​ ជា​កត្តា​សំខាន់​ដែល​មនុស្ស​ម្នា​ក់ៗ​គួរ​ពិចារណា​។ ប្រសិនបើ​យើង​ជ្រើសរើស​មុខជំនាញ​ដែល​មិន​ត្រូវ​នឹង​អ្វី​ដែល​យើង​ស្រឡាញ់​ពិតប្រាកដ​ នោះ​ការសិក្សា​ក៏​មិន​អាច​ធ្វើ​បាន​ល្អ​ដែរ​ ព្រោះ​យើង​មិន​ចូលចិត្ត​ ហើយ​គិតថា​ វា​ជា​សម្ពាធ​សម្រាប់​ការ​អភិវឌ្ឍ​ខ្លួនឯង​ ហើយ​បើ​ទោះបីជា​ខំ​សិក្សា​ ឬធ្វើ​ការងារ​បាន​ល្អ​ហើយក៏​ដោយ​ ក៏​ពេលខ្លះ​យើង​នៅតែ​មិន​សប្បាយចិត្ត​ដែរ​។ ជាក់ស្តែង​ យើង​ឃើញថា​ មាន​មនុស្ស​មិន​តិច​ទេ​ដែល​បាន​បោះបង់​អាជីព​ដែល​មាន​ប្រាក់​ចំ​ណូល​ខ្ពស់​ៗ ហើយ​មក​ធ្វើការងារ​ដែល​ខ្លួន​ស្រឡាញ់​វិញ​ បើ​ទោះបីជា​អាជីព​នោះ​មាន​ចំណូល​តិច​ជាង​អាជីព​ចាស់​ក៏ដោយ​។

លោក​ អាំង​ ភារៈ​ បាន​និយាយ​ថា​៖ «មុន​ចាប់​អាជីព​ការងារ​ គួរ​ស្វែងយល់​ពី​ខ្លួនឯង​ឱ្យ​បាន​ច្បាស់លាស់​ថា​ តើ​យើង​ជា​មនុស្ស​មាន​ទេពកោសល្យ​ផ្នែក​ណាខ្លះ​ មាន​ចំណង់​ចំណូលចិត្ត​អ្វីខ្លះ​ ហើយ​ការងារ​របៀបណា​ខ្លះ​ដែល​ធ្វើ​ឱ្យ​យើង​ធ្វើការងារ​ដោយ​មិន​នឿយហត់​»។

អ្នកជំនាញ​ផ្នែកការ​ងារ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ មាន​មនុស្ស​ខ្លះ​ឆាប់​ដឹងខ្លួន​ឯង​ថា​ ពេល​មិន​សូវ​ស្រឡាញ់​ការងារ​របស់​ខ្លួនឯង​ ក៏អាច​ឆាប់​ងាក​ទៅ​ស្វែងរក​អ្វី​ដែល​ខ្លួន​ស្រឡាញ់​ តែ​មាន​មនុស្ស​ខ្លះទៀត​ចំណាយពេល​វេលា​ជាច្រើន​ឆ្នាំ​ដើម្បី​មក​វិញ​។ គោលដៅ​នៃ​ការរស់នៅ​របស់​មនុស្ស​ម្នា​ក់ៗ​ ចង់​បាន​សេចក្តី​សុខ​ ហេតុនេះ​ការ​ធ្វើអ្វី​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត​ពិតប្រាកដ​ អាច​ធ្វើ​ឱ្យ​យើង​រីករាយ​ជាមួយ​នឹង​អ្វី​ដែល​យើង​កំពុង​ធ្វើ​រាល់ថ្ងៃ​ ហើយ​កម្លាំង​ជំរុញ​វិជ្ជមាន​ជាច្រើន​នឹង​ចូល​មក​ក្នុង​ជីវិត​របស់​យើង​ធ្វើ​ឱ្យ​ការងារ​កាន់តែ​ប្រសើរ​ឡើង​ តែ​ប្រសិនបើ​យើង​ធ្វើ​ការងារ​ដែល​មិន​ស្រឡាញ់​វិញ​នោះ​ យើង​នឹង​មាន​អារម្មណ៍​ថា​ ឆាប់​នឿយហត់​ ឬងាយ​បាក់ទឹកចិត្ត​ ទោះ​បី​ជា​មាន​លុយកាក់​ច្រើន​ក៏​មិន​ប្រាកដ​ថា​ សប្បាយចិត្ត​ដែរ​។

លោក​ អុិន​ ច័ន្ទ​ធា​រ៉ា​ ស្ថាបនិក​ក្រុមហ៊ុន​នា​ឡិ៍​ បាន​លើកឡើង​ថា​ នា​ពេល​បច្ចុប្បន្ន​ មាន​មនុស្ស​វ័យក្មេង​ជាច្រើន​ដែល​បរាជ័យ​ក្នុង​ការ​រកស៊ី​ជាច្រើនលើក​ច្រើនសា​ ហើយ​នៅតែ​បន្ត​ធ្វើ​មិនបាន​ល្អ​ដដែល​ បើ​ទោះបីជា​ខិតខំ​ប្រឹងប្រែង​យ៉ាងណាក៏ដោយ​។ បញ្ហា​ទាំងអស់​នោះ​កើតមក​ពួកគេ​រក​មិនឃើញ​ពី​អ្វី​ដែល​ខ្លួន​ស្រឡាញ់​ពិតប្រាកដ​។ លោក​ថា​ បច្ចុប្បន្ន​នេះ​មនុស្ស​វ័យក្មេង​មួយចំនួន​បាន​មើលឃើញ​ពី​រូបភាព​ខាងក្រៅ​ច្រើនជាង​មើលឃើញ​ពី​ចំណូលចិត្ត​ខាង​ក្នុង​របស់​ខ្លួន​ ដូចជា​ស្វែងរក​មុខរបរ​ដែលគេ​រកលុយ​បាន​ច្រើន​ រកមុខ​របរ​ដែល​អាច​លេចមុខលេចមាត់​ ឬហ៊ឺហា​ជាង​មុខរបរ​ដែល​ពួកគេ​ពេញចិត្ត​នឹង​ធ្វើ​យ៉ាង​អស់ពី​ចិត្ត​។

លោក​ អុិន​ ច័ន្ទ​ធា​រ៉ា​ បាន​និយាយ​ថា​៖ «សម្រាប់​ខ្ញុំ​ក៏​ដូចគ្នា​ ខ្ញុំ​បាន​ចំណាយពេល​ជា​យូរឆ្នាំ​ដើម្បី​ស្វែងរក​អ្វី​ដែល​ខ្ញុំ​ស្រឡាញ់​ពិតប្រាកដ​ មុននឹង​ខ្ញុំ​សម្រេចចិត្ត​អភិវឌ្ឍ​ចង្វាក់​ផលិតកម្ម​នេះ​ឡើង​ រហូត​មានការ​អភិវឌ្ឍ​ជាបន្តបន្ទាប់​»។

សហគ្រិន​ខាងលើ​បាន​លើកឡើង​ថា​ ការ​ធ្វើអាជីវកម្ម​មិនមែន​ងាយស្រួល​ដូច​គ្រប់គ្នា​ ជាពិសេស​យុវជន​យល់ឃើញ​នោះ​ទេ​ តែ​វា​មាន​ឧបសគ្គ​ជាច្រើន​ដែល​ទាមទារ​ឱ្យ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ដោះស្រាយ​វា​ឱ្យ​បាន​ស្វិតស្វាញ​បំផុត​ ហេតុនេះ​ប្រសិនបើ​យើង​មិន​ស្រឡាញ់​វា​ពិតប្រាកដ​ ឬវា​មិន​ស្រប​ជាមួយនឹង​ចំណង់​ចំណូលចិត្ត​ពិតប្រាកដ​យើង​អាច​នឹង​មាន​ភាព​នឿយណាយ​បន្តិច​ម្តង​ៗរហូត​បោះបង់​វា​ចោល​នៅពេល​រវល់​ខ្លាំង​ជាមួយនឹង​ការ​ដោះស្រាយ​បញ្ហា​ច្រើនពេក​។ លោក​ថា​ ពេលខ្លះ​ចំពោះ​អាជីវកម្ម​ចាប់ផ្តើម​ដំបូង​ ត្រូវ​ដោះស្រាយ​រឿង​ហិរញ្ញវត្ថុ​ និង​បញ្ហា​បុគ្គលិក​ជាដើម​ ដែល​ទាមទារ​ឱ្យ​មាន​ភាព​បត់បែន​ខ្ពស់​ និង​តស៊ូ​រហូតដល់​ចំណុច​វិជ្ជមាន​មួយ​ ហេតុនេះ​ប្រសិនបើ​យើង​ពិតជា​ស្រឡាញ់​វា​ពិតប្រាកដ​ នោះ​មានន័យថា​ វា​ជា​ឱកាស​ដែល​ធ្វើ​ឱ្យ​យើង​បញ្ចេញ​សមត្ថភាព​ដើម្បី​បំពេញ​រឿង​ដ៏​មានន័យ​សម្រាប់​ជីវិត​ មិន​មាន​សម្ពាធ​ខ្លាំងពេក​នោះ​ទេ​។ ការ​ធ្វើបែប​នេះ​ធ្វើ​ឱ្យ​យើង​មាន​កម្លាំង​ជំរុញ​វិជ្ជមាន​ជាប់​ជានិច្ច​ ព្រោះ​គោលដៅ​របស់​យើង​គឺ​ដើម្បី​ធ្វើ​រឿង​អស្ចារ្យ​មួយ​ដែល​ចិត្ត​យើង​ចង់​ និង​រីករាយ​ក្នុង​ការ​ធ្វើ​វា​៕

Advertisement