អង្គការ Plain ថាក្មេងស្រីតាមជនបទប្រឈមខ្លាំងនឹងការបោះបង់ការសិក្សា ក្នុងពេលមាន Covid-19

ស្ថិតក្នុង​វិបត្តិ​នៃ​ការរីក​រាលដាល​ជំងឺ Covid-19 នេះ កុមារ​ជាច្រើន​បាន​ប្រឈម​ជាមួយនឹង​ការបោះបង់​ការសិក្សា ដោយសារ​ពួកគេ​មាន​បញ្ហា​ជីវភាព និង​មិនមាន​ឧបករណ៍​គ្រប់គ្រាន់​ក្នុងការ​សិក្សា​តាម Online។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​អង្គការ Plan International Cambodia បាន​លើកឡើងថា អង្គការ Plan បាន​ពិភាក្សា​ជាមួយ​ក្រុម​ក្មេងស្រី​នៅតាម​តំបន់​ការងារ​របស់ខ្លួន ដោយ​ក្នុង​នោះបាន​រកឃើញថា​ក្មេងស្រី​មួយចំនួន​ជាពិសេស​កុមារី​នៅតាម​តំបន់​ដាច់ស្រយាល​នៃ​ខេត្តមណ្ឌលគិរី ស្ទឹងត្រែង និង​ខេត្តសៀមរៀប បាន​ប្រឈម​នឹង​ការបោះបង់ចោល​ការសិក្សា​នៅក្នុង​អំឡុងពេល​មាន​វិបត្តិ Covid-19នេះ។

លោក យី គឹម​ថា​ន នាយករង​ប្រចាំ​ប្រទេស​កម្ពុជា​ទទួលបន្ទុក​ក​ម្ម​វិធី​នៃ​អង្គការ Plain International Cambodia បានឱ្យដឹងថា សិស្សស្រី​មួយចំនួន​ប្រឈម​នឹង​ការបោះបង់ចោល​ការសិក្សា និង​បាន​ចំណាកស្រុក​ដើម្បី​ស្វែងរក​ការងារ​ធ្វើ។

អង្គការ​ខាងលើ​ក៏បាន​លើកឡើង​ផងដែរ​ថា កត្តា​ជីវភាព និង​កង្វះ​មធ្យោបាយ​រៀន​តាម Online ជា​មូលហេតុ​ជំ​រុញឱ្យ​កុមារី​មួយចំនួន​នៅ​តំបន់​ដាច់ស្រយាល​ក្នុងប្រទេស​កម្ពុជា បានសម្រេច​បាន​ងាក​ទៅរក​ការដាំ​បន្លែ ធ្វើ​ចំការ មើល​គោ និង​ក្របី បន្ទាប់ពី​ពួកគេ​សម្រេចចិត្ត​បោះចោល​ការសិក្សា​អំឡុងពេល​នៃ​វិបត្តិ​នេះ៕

Advertisement