ទូរស័ព្ទ Galaxy S8 Plus ចេញពណ៌ថ្មី តម្លៃក្បែរ 1ពាន់ដុល្លារ

តាមគេហទំព័រ Samsung បានឱ្យដឹងថា ខ្លួនកំពុងត្រៀមបង្ហាញស្មាតហ្វូនពណ៌ផ្កាឈូកស្រស់ (Rose Pink) មួយទៀតសម្រាប់ទូរស័ព្ទម៉ូដែល Galaxy S8 Plus នៅខែក្រោយនេះសម្រាប់ទីផ្សារកោះតៃវ៉ាន់ ក្នុងតម្លៃប្រមាណជា 920 ដុល្លារអាមេរិក។

ពណ៌ថ្មីនេះនឹងមានលក់ក្នុងរយៈពេលកំណត់មួយ តែមិនបានបញ្ជាក់អំពីចំនួនដែល S8 Plus ពណ៌ថ្មីនេះនឹងត្រូវបញ្ចេញលក់លើទីផ្សារនោះទេ។ ក្នុងនោះ Samsung ក៏បានបន្ថែមពណ៌ថ្មីៗទៀតចំពោះម៉ូដែលទាំង 2 ដូចជាពណ៌ Ice Lake Blue, Smoked Purple Grey និង Quickstand Gold ក្នុងទីផ្សារដដែលនេះ។

ដោយឡែកចំពោះលក្ខណសម្បត្តិរបស់ទូរស័ព្ទ Galaxy S8 Plus ពណ៌ផ្កាឈូកស្រស់នេះ គឺមិនមានអ្វីខុសប្លែកគ្នាពីទូរស័ព្ទពណ៌ផ្សេងដែល Samsung ធ្លាប់ដាក់លក់មកនោះទេ ពោលគឺនៅប្រើអេក្រង់ទំហំ 6.2 អ៊ីញកម្រិត Quad HD 2560×1440 ភិកសេល ជាអេក្រង់ពេញកោង បំពាក់បន្ទះឈីបប្រភេទ Exynos 8895 ប្រើឈីប Exynos 8895 octa-core, កាមេរ៉ាក្រោយទំហំ 12MP និងខាងមុខទំហំ 8MP កម្លាំងថ្ម 3500mAh និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 7.0 ដដែល៕

Advertisement