Ford ជិត​បង្ហាញ​រថយន្តអគ្គិសនី​​ប្រភេទ SUV 7 កៅអី

អគ្គនាយក​ប្រតិបត្តិ​របស់ Ford លោក Jim Farley ថ្មីៗនេះ​បានឱ្យដឹងថា ក្រុមហ៊ុន​នេះ​មាន​គម្រោង​ផលិត​រថយន្ត SUV អគ្គិសនី​ដែលមាន​កៅអី​បី​ជួរ និង​អង្គុយ​បាន 7 នាក់ ដែល​នេះ​បង្ហាញថា Ford កំពុងតែ​ពង្រឹង​ការប្រកួតប្រជែង​ជាមួយ Tesla និង​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​លើ​ពិភពលោក។

នៅពេល Farley ឡើងកាន់​អំណាច​នៅ Ford ក្រុមហ៊ុន​នេះ​ក៏បាន​បញ្ចេញ​រថយន្ត​ប្រភេទ crossover Mustang ដើរ​ដោយ​ថាមពល​អគ្គិសនី និង F-150 Lightning ដែលជា​រថយន្ត​ភី​ក​អាប់​អគ្គិសនី​ដំបូង​របស់ Ford។

យោងតាម​លោក Farley ក្រុមហ៊ុន Ford ត្រូវតែ​ផ្ដោតទៅលើ​ប្រភេទ​រថយន្ត​អគ្គិសនី​ដែលមាន​កៅអី​ច្រើនជាង​ពីរ​ជួរ ព្រោះ​យល់ថា រថយន្ត​អគ្គិសនី​កៅអី​ពីរ​ជួរ​មាន​ច្រើនណាស់​ហើយ​នៅក្នុង​ទីផ្សារ។ Ford គណនា​ឃើញថា នឹងមាន​រថយន្ត SUV អគ្គិសនី​ដែលមាន​កៅអី​ពីរ​ជួរ​ចំនួន 45 ម៉ូ​ដែល​ក្នុង​ទីផ្សារ​​នៅ​ឆ្នាំ 2025។

ការសម្រេចចិត្ត​ខាងលើ​អាច​នឹង​ធ្វើឱ្យ Ford ខាត យ៉ាងហោចណាស់​ក៏​នៅក្នុង​ដំណាក់កាល​ដំបូង។ ប៉ុន្តែ ចុងក្រោយ Ford នឹង​ចំណេញ។ លោក Farley និយាយថា រថយន្ត​អគ្គិសនី​របស់ Ford នឹង​ចំណេញ 8% នៅ​ឆ្នាំ 2026។

Advertisement