រដ្ឋមន្ត្រីក្រសួងអប់រំ ចង់ឃើញក្មេងខ្មែរចេះគ្រប់គ្រងហិរញ្ញវត្ថុ

ការចេះគ្រប់គ្រងហិរញ្ញវត្ថុ គឺជាផ្នែកទន់យ៉ាងសំខាន់មួយសម្រាប់មនុស្សគ្រប់គ្នា ហើយវាក៏ជាផ្នែកមួយដែលជំរុញឱ្យមនុស្សទទួលបានជោគជ័យក្នុងជីវិតផងដែរ។ ពាក់ព័ន្ធនឹងបញ្ហានេះ សាលារដ្ឋ រួមទាំងឯកជនមួយចំនួនបានចាប់ផ្តើមបញ្ចូលមុខវិជ្ជាគ្រប់គ្រងហិរញ្ញវត្ថុនេះ ដើម្បីឱ្យសិស្សអាចរៀនសូត្របានយ៉ាងទូលំទូលាយ។

ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រសួងអប់រំ ចង់ឃើញសិស្សកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់លើជំនាញទន់ឱ្យបានច្រើន ដើម្បីឱ្យអនាគតធនធានមនុស្សរបស់យើង មានភាពរឹងមាំសម្រាប់ការឆ្លើយតបគ្រប់តម្រូវការរបស់សង្គម។ ការបណ្តុះបណ្តាលផ្នែកជំនាញទន់ និងការហ្វឹកហាត់ផ្នែកសហគ្រិនភាព ជាផ្នែកមួយដែលក្រសួងអប់រំ យុវជន និងកីឡា កំពុងយកចិត្តទុកដាក់ ហើយដាក់សាកល្បងឱ្យគ្រូគាត់បណ្តុះបណ្តាល។

ឯកឧត្តម ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា៖ «ខ្ញុំគិតថាការដែលបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុនេះ គឺត្រូវការការចូលរួមពីស្ថាប័ននានា ទាំងវិស័យឯកជន និងអង្គការសង្គមស៊ីវិលជាដើម ដើម្បីរួមចំណែកជាមួយស្ថាប័នរដ្ឋបណ្តុះបណ្តាលដល់សិស្សនៅកម្ពុជា»។

គួរបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុនេះ នៅប្រទេសមួយចំនួនត្រូវបានគេដាក់បញ្ចូលតាំងពីកម្រិតបឋមសិក្សាមកម្ល៉េះ ហើយកម្ពុជាក៏មានគម្រោងជាច្រើនដើម្បីបណ្តុះបណ្តាលកុមារកម្ពុជាផងដែរលើផ្នែកសំខាន់មួយនេះ៕

Advertisement