អ្នក​ប្រើ​ទិនានុលេខន៍​ជាប់​ជាប្រចាំ ភាគច្រើន​ជាម​នុស្ស​គ្រប់គ្រង​ខ្លួនឯង​បានល្អ

ទិនានុលេខន៍ (diary) ភាគច្រើន​គ្រប់គ្នា​ស្គាល់​ថា ជា​សៀវភៅ​កត់ត្រា​ពី​សកម្មភាព​ប្រចាំថ្ងៃ​លើ​គ្រប់ផ្នែក​នៃ​ការរស់នៅ ទាំងពី​ជីវិត​ការងារ ការសិក្សា ទំនាក់ទំនង និង​គម្រោង​ជាច្រើន​ទៀត។ នៅ​រដូវ​កាល​ចុងឆ្នាំ​នេះ មនុស្ស​ជាច្រើន​ចាប់ផ្តើម​ស្វែងរក​ទិញ​ទិនានុលេខន៍​នៅតាម​បណ្ណាគារ និង​កន្លែងផ្សេងៗទៀត​ដើម្បី​ត្រៀម​សម្រាប់​ប្រើប្រាស់​នៅ​ឆ្នាំក្រោយ​ដែល​នឹង​ចូល​មកដល់​ក្នុងពេល​ត្រឹមតែ​ជាង​មួយខែ​ទៀត​ប៉ុណ្ណោះ។

តាមរយៈ​ការបង្ហាញ​របស់​ស្ថាប័ន​ស្រាវជ្រាវ​ចិត្តសាស្ត្រ Psychology today បាន​លើកឡើងថា អ្នក​ដែល​ប្រើ​ទិនានុលេខន៍​ជាប្រចាំ ជាម​នុស្ស​ដែលមាន​ការគ្រប់គ្រង​ខ្លួនឯង​ល្អ ហើយ​ការងារ​គ្រប់យ៉ាង​របស់គាត់​គឺ​តែងតែ​អាច​អភិវឌ្ឍ​បាន​លឿន​ជាង​មនុស្ស​ទូទៅ​ដែល​មិន​កត់ត្រា​ពី​កំណត់ត្រា​ផ្ទាល់ខ្លួន​ប្រចាំថ្ងៃ។ ខាងក្រោម​នេះ​ជា​ចំណុច​មួយចំនួន​ដែល​បង្ហាញថា អ្នក​ដែល​ប្រើ​ទិនានុលេខន៍​ជា​មនុស្ស​ដែល​គ្រប់គ្រង​ខ្លួនឯង​បានល្អ។

  1. អ្នក​ប្រើ​ទិនានុលេខន៍​បង្ហាញ​ពី​ភាពជា​អ្នកមាន​គោលដៅ​ច្បាស់លាស់

ជា​រៀងរាល់ថ្ងៃ មនុស្ស​ដែលមាន​គោលដៅ និង​មនុស្ស​ដែល​គ្មាន​គោលដៅ ពួកគេ​ធ្វើ​ការងារ​ដូចគ្នា តែ​លទ្ធផល​នៃ​ការងារ​ខុសគ្នា​ដាច់ស្រឡះ ព្រោះថា អ្នក​ដែល​គ្មាន​គោលដៅ​តែងតែ​ត្រូវ​ចំណាយ​ពេលវេលា​ដើម្បី​ស្វែងរក​ចំណុច​ដែល​ត្រូវធ្វើ​ជាមុនសិន​ទើប​ចាប់​ផ្តើមធ្វើ ហើយ​រស់នៅ​មួយថ្ងៃ ដើម្បី​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ តែ​សម្រាប់​អ្នកមាន​គោលដៅ​វិញ គឺ​គេ​ដឹង​រូ​ច​ជាស្រេច​នៅ​រៀងរាល់​ព្រឹក​ថា ថ្ងៃនេះ​គេ​នឹងត្រូវ​សម្រេច​អ្វីខ្លះ ហើយនឹង​ទទួលបាន​អ្វីខ្លះ។

អ្នក​ដែល​ប្រើ​ទិនានុលេខន៍ ជា​អ្នក​ដែល​បាន​កត់ត្រា​រួចជាស្រេច​ពីអ្វី​ដែល​ខ្លួន​ត្រូវធ្វើ ហេតុនេះ​គេ​មិនចាំបាច់​ចំណាយពេល​ច្រើន​ដើម្បី​គិតថា គេ​ត្រូវធ្វើ​អ្វី​នៅពេល​ទៅដល់​ការិយាល័យ​នោះទេ។ គេ​ចំណាយពេល​ច្រើន​បំផុត​នៅ​កន្លែង​ការងារ​ដើម្បី​ធ្វើ​នូវ​អ្វីដែល​គេ​បានគ្រោង​ទុកជាមុន ដែល​អាចធ្វើឱ្យ​ពួកគេ​ធ្វើការ​ងារ​បាន​លឿន ហើយ​ថែមទាំង​សល់​ពេល​ដើម្បី​ស្វែងរក​ចំណុច​អភិវឌ្ឍន៍​ខ្លួនឯងបាន​ថែមទៀត​ផង។

  1. អ្នក​ប្រើ​ទិនានុលេខន៍​មិនសូវ​កុហក​ខ្លួនឯង​ទេ

កំណត់ត្រា​ប្រចាំថ្ងៃ គឺជា​ភ័ស្តុតាង​ដែល​បញ្ជាក់​ពី​ការងារ​ដែល​ត្រូវធ្វើ​ជាប្រចាំ។ ចំណុច​នេះ​គឺ​អាចជួយ​មនុស្ស​រួចផុត​ពី​វិបត្តិ​កុហក​ខ្លួនឯងបាន​ច្រើន​បំផុត ព្រោះថា ពួកគេ​គង់តែ​ត្រូវយក​ការងារ​ដែល​នៅសល់​ពីថ្ងៃ​នេះ​ទៅធ្វើ​នៅ​ថ្ងៃស្អែក​មិន​ខាន។ ការសរសេរ​ទុក​នូវ​ចំណុច​ដែល​ត្រូវធ្វើ និង​មិន​ត្រូវធ្វើ ជា​រឿង​សំខាន់​ណាស់ ព្រោះថា មនុស្ស​ដែល​មិន​សរសេរ​ទុក​តែងតែ​ភ្លេច​បាត់ ឬ​កុហកថា ភ្លេច​រឿង​ណាមួយ​ដែល​ខ្លួន​មិនបាន​ធ្វើ ដើម្បី​គេចវេះ​ពី​ការទទួលខុសត្រូវ​ដែល​ធ្វើឱ្យ​ប្រសិទ្ធភាព​ការងារ​ធ្លាក់ចុះ។

សម្រាប់​អ្នក​ដែល​បាន​តាមដាន និង​សរសេរ​ទុក​នូវ​ការងារ​របស់ខ្លួន​នៅក្នុង​សៀវភៅ​ទិនានុលេខន៍ គេ​ដឹង​យ៉ាងច្បាស់​ចំពោះ​ការងារ​ដែល​មិនទាន់​ធ្វើ ហើយ​ជា​កាតព្វកិច្ច គឺ​ត្រូវតែ​ដាក់​ចំណុច​អវត្តមាន​នៅថ្ងៃនេះ ជា​ចំណុច​ដែល​ត្រូវធ្វើ​សង​នៅ​ថ្ងៃស្អែក៕

Advertisement