ជុំទី2 The Perspectives Cambodia នឹងមកដល់នៅដើមខែកក្កដានេះ

The Perspectives Cambodia ជាកម្មវិធីជជែកពិភាក្សាលើបញ្ហាសំខាន់ៗនានានៅក្នុងសង្គម ហើយកម្មវិធីនេះ ក៏ជាកម្មវិធីមួយដែលផ្តល់ឱកាសឱ្យយុវជនវ័យក្មេងរបស់កម្ពុជាបានបញ្ចេញសមត្ថភាពប្រកបដោយវិជ្ជាជីវៈដែរ។  ដោយមើលឃើញពីភាពជោគជ័យក្នុងការប្រកួតប្រជែងរបស់កម្មវិធីនៅវគ្គជម្រុះទី1 យុវជនកម្ពុជាជាច្រើនបានចាប់ផ្តើមចាប់អារម្មណ៍ និងផ្តល់តម្លៃប្រកបដោយពុទ្ធិមកលើកម្មវិធីមួយនេះ។

នៅក្នុងការប្រកួតពិភាក្សាយ៉ាងក្តៅគគុកនោះ បានបង្ហាញឱ្យឃើញពីចំណេះដឹងលើវិស័យអប់រំ វិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងវិស័យនយោបាយជាដើម។ ការប្រកួតរបស់កម្មវិធី The Perspectives Cambodia មិនត្រឹមតែជាវេទិកានៃការប្រកួតដណ្តើមពានរង្វាន់នោះទេ តែវាក៏ជាវេទិកាមួយក្នុងការបង្ហាញពីគំនិតយល់ឃើញប្រកបដោយភាពប្រាកដនិយម ជាមួយនឹងភស្តុតាងជាក់ស្តែងដើម្បីបង្ហាញទៅសាធារណជននូវដំណោះស្រាយថ្មីៗសម្រាប់សង្គមផងដែរ។

នៅថ្ងៃទី1 ខែកក្កដា ឆ្នាំ2017 ខាងមុខនេះ កម្មវីធី The perspectives Cambodia នឹងបើកការប្រកួតជម្រុះជុំទី2 ដែលនឹងប្រព្រឹត្តទៅនៅវិទ្យាស្ថានជាតិអប់រំ លើប្រធានបទសំខាន់ៗលើផ្នែកកសិកម្ម ដែលទាក់ទងនឹងការគាំទ្រផលិតផលក្នុងស្រុក ការលើកកម្ពស់វិស័យអប់រំ កិច្ចពិភាក្សាពីបញ្ហាជំនួយបរទេស រួមជាមួយនឹងបញ្ហាសុខាភិបាល។

កិច្ចពិភាក្សាទាំងអស់នេះនឹងត្រូវធ្វើឡើងដោយក្រុមយុវជនឆ្នើមៗដែលបានជាប់ពីវគ្គជម្រុះទី1 ដែលពួកគេនឹងបង្ហាញនូវវោហាសព្ទលើប្រធានបទនីមួយៗទៅកាន់សាធារណជន និងគណៈកម្មការដោយលើកទឡ្ហីករណ៍ច្បាស់លាស់ ដែលទទួលបានពីការស្រាវជ្រាវ និងដំបូន្មានពីអ្នកជំនាញ៕

Advertisement