អាណាព្យាបាល​សម័យថ្មី​គួរ​បង្រៀន​កូន​ឱ្យមាន​ភាព​ទទួលខុសត្រូវ

អាណាព្យាបាល​សម័យមុន តែង​ចង់ឱ្យ​កូន​ស្តាប់បង្គាប់ តែ​អាណាព្យាបាល​សម័យនេះ​បានចាប់ផ្តើម​ផ្លាស់ប្តូរ​និន្នាការ​ចាស់​ទាំងអស់នោះ ដោយ​ងាក​មក​ជំរុញ​ឱ្យកូនៗមាន​ភាព​ទទួលខុសត្រូវ និងមាន​ភាព​ច្នៃប្រឌិត​ខ្ពស់​វិញ​ម្ដង។ ការបង្រៀន​កូន​ឱ្យ​គ្រាន់តែ​ចេះ​ស្តាប់បង្គាប់​តែ​ម្យ៉ាង អាចជា​កត្តា​អវិជ្ជមាន​មួយ​ដែល​បង្កើតជា​ដែន​កំណ​ត់ដល់​ការអភិវឌ្ឍ​សមត្ថភាព​របស់​កូន ព្រោះ​ក្មេង​អាចមាន​សមត្ថភាពល្អៗ និង​អស្ចារ្យ​ជាច្រើន​ដែល​មនុស្ស​ចាស់​នឹកស្មាន​មិន​ដល់ ហេតុនេះ​អ្វី​ដែលជា​ចំណុច​សំខាន់​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​របស់​ពួកគេ គឺ​ជំរុញ​ឱ្យគេ​មានការ​ទទួលខុសត្រូវ​ខ្ពស់​លើ​អ្វីដែល​គេ​ចង់​ធ្វើ ឬ​បានធ្វើ​ហើយ។

បើ​និយាយ​ពី​គំនិត​វិញ យើង​ឃើញថា អ្វីដែល​ក្មេង​គិត មិន​ដូចគ្នា​ទៅនឹង​អ្វីដែល​មនុស្ស​ធំ​គិត​នោះទេ ព្រោះ​ក្មេង​មានការ​យល់ដឹង​តិច តែ​ពោរពេញ​ដោយ​ក្តីសង្ឃឹម និង​ភាព​ស្រស់ស្រាយ ខុសប្លែក​ពី​មនុស្ស​ធំ​ដែលមាន​បទពិសោធ​ជីវិត​ច្រើន ជួប​រឿងរ៉ាវ​ច្រើន និង​ក៏មាន​ការភ័យខ្លាច​ច្រើន​ដូចគ្នា ហេតុនេះ​សូមកុំ​ព្យាយាម​ឱ្យ​ក្មេង​ធ្វើ​អ្វី​ដើម្បី​តម្រូវ​ចិត្ត​មនុស្ស​ធំ តែ​គួរតែ​ធ្វើជា​អ្នក​តម្រង់ទិស​ក្នុងពេលដែល​ឃើញ​ក្មេង​ធ្វើ​ខុស​វិញ​ទើប​ជាការ​ប្រសើរ។

ខាងក្រោម​នេះ​ជា​វិធី​មួយចំនួន​ក្នុងការ​ជំរុញ​ក្មេងតូចៗឱ្យមាន​ការទទួលខុសត្រូវ មាន​ភាពជា​អ្នកដឹកនាំ​ខ្ពស់ និង​មានការ​សម្រេច​ចិត្តបាន​ល្អ។

  1. ផ្តល់​ការសម្រេចចិត្ត​លើ​រឿងតូចៗ

ក្មេងៗតែងតែ​ស្រមៃ​ចង់បាន​ឯករាជភាព ចង់​ធ្វើតាម​មនុស្ស​ធំ និង​ចង់​សម្រេចចិត្ត​ដោយ​ខ្លួនឯង។ ថ្វីដ្បិតតែ​ពេលខ្លះ​យើង​មើលឃើញថា ក្មេង​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​មួយចំនួន​មិនសូវ​ចូលចិត្ត​សម្រេចចិត្ត​ក៏ដោយ តែ​វា​មាន​មូលហេតុ​មួយចំនួន​ដែល​ជំរុញ​ឱ្យ​ពួកគេ​ស្ថិតក្នុង​ស្ថានភាព​បែប​នោះ។

ក្មេង​ដែល​មិន​ចូលចិត្ត​សម្រេចចិត្ត ឬ​មិន​ហ៊ាន​សម្រេចចិត្ត ភាគច្រើន​មកពី​ពួកគេ​មិនមាន​ទម្លាប់​ក្នុងការ​សម្រេចចិត្ត ឬ​ត្រូវបាន​ឪពុកម្តាយ​សម្រេចចិត្ត​ជំនួស​គ្រប់បែបយ៉ាង​តាំងពី​តូច​ដល់​ធំ ហេតុនេះ​នៅពេលដែល​គាត់​ត្រូវ​សម្រេចចិត្ត​ដោយ​ខ្លួនឯងម្តងៗគាត់​តែងតែមាន​អារម្មណ៍​តឹងតែង ហើយ​ចង់​គេច​ចេញពី​បញ្ហា។ បញ្ហា​នេះ ជា​កត្តា​មួយ​ដែលនាំឱ្យ​ក្មេង​ក្លាយជា​មនុស្ស​ខ្វះ​ការទទួលខុសត្រូវ។

អ្នកជំនាញ​អប់រំ បាន​ណែនាំ​ថា ការជំរុញឱ្យ​ក្មេង​មានការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង ដូចជា​ការជ្រើសរើស​ព​ណ៌​នៃ​សម្ភារ ប្រើប្រាស់​ជ្រើសរើស​ទីតាំង​ទុកដាក់​សម្ភារ​ក្នុង​បន្ទប់​របស់គេ ឬ​លើកទឹកចិត្ត​ឱ្យ​ជ្រើសរើស​ដំណាំ​ណាមួយ​ដើម្បី​ដាំ​នៅក្នុង​ផ្ទះ​ជាដើម នឹង​អាចជួយ​ឱ្យគេ​ចាប់ផ្តើម​មាន​អារម្មណ៍​ថា កក់ក្តៅ និង​មាន​ទំនុកចិត្ត ព្រោះ​ពួកគេ​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ការសម្រេចចិត្ត​លើ​ជីវិត​ខ្លួនឯង។ ជា​បន្តបន្ទាប់​ពួកគេ​នឹង​ចាប់ផ្តើម​ហ៊ាន​សម្រេចចិត្ត​លើ​រឿង​ធំឡើងៗ ក្រោយ​ពេលដែល​យើង​ជួយ​តម្រង់ទិស និង​ផ្តល់ឱកាស​ឱ្យគេ​កាន់តែច្រើន​ទៅតាម​វ័យ។ នៅពេលដែល​ក្មេង​ហ៊ាន​សម្រេចចិត្ត គេ​នឹង​ហ៊ាន​ទទួលខុសត្រូវ​ចំពោះ​ការសម្រេចចិត្ត​នោះ ព្រោះ​ពួកគេ​មាន​ភាពម្ចាស់ការ​លើ​សក​ម្ម​ភាព​របស់ខ្លួន។

  1. បើសិន​គ្មានអ្វី​ខូចខាត សាកល្បង​បណ្តោយ​ឱ្យគេ​បង្កើត​គំនិត​ថ្មី​ដោយ​ខ្លួនឯង

ការជំរុញឱ្យ​ក្មេង​បង្កើត​គំនិត​ថ្មី​ដោយ​ខ្លួនឯង ឬ​ស្តាប់​សម្តី​របស់គេ​ជា​វិធី​មួយ​ដ៏​សំខាន់​ដែល​អាណាព្យាបាល​ជាច្រើន​បាន​មើលរំលង។ ពេលខ្លះ​សំណួរ​ដែល​សួរថា “តើ​គួរ​ធ្វើយ៉ាងណា?” ជា​សំណួរ​ដ៏​មានន័យ​បំផុត​សម្រាប់​ក្មេង ព្រោះ​ពួកគេ​ហាក់​កំពុង​ទទួលបាន​អំណាច​សំខាន់​មួយ​សម្រាប់​ខ្លួនឯង។

នៅពេល​ក្មេង​បានផ្តល់​ចម្លើយ​មក​យើង​វិញ​ថា​គួរ​ធ្វើយ៉ាងណា​ហើយ​នោះ គេ​នឹង​ចាប់ផ្តើម​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ធ្វើ​វា​ឱ្យ​បានល្អ​បំផុត ព្រោះ​ជា​ធម្មជាតិ​របស់​ក្មេង​គឺ​ចង់បង្ហាញ​ប្រាប់​មនុស្ស​ធំ​ថា គេ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ធ្វើ​រឿង​គ្រប់យ៉ាង។ អាណាព្យាបាល​ជាច្រើន អាច​ប្រើប្រាស់​វិធី​នេះ​បាន ព្រោះថា នៅពេលដែល​យើង​ចង់ឱ្យ​ក្មេង​ធ្វើ​រឿង​អ្វីមួយ យើង​មិនដែល​គិតដល់​អារម្មណ៍​របស់​ក្មេង​នោះទេ ហេតុនេះហើយ​ទើប​ធ្វើឱ្យ​ពួកគេ​ព្យាយាម​ប្រឆាំង តែ​ប្រសិនបើ​យើង​សាកល្បង​សួរ​ពួកគេ​តែមួយ​ម៉ាត់​វិញ​នោះ វា​នឹងមាន​ប្រសិទ្ធភាព​ហួស​ពី​ការ​ស្មាន ព្រោះ​ពួកគេ​នឹងធ្វើ​ដោយ​មិនបាច់​បង្ខំ។

  1. រំ​ឮ​ក និង​ទទួលយក​ចំណុច​ល្អ​ដែលក្មេងៗមាន

មិន​ថា​មនុស្ស​វ័យ​ណា​ទេ សុទ្ធតែ​ចង់ឱ្យ​គេ​សរសើរ បើទោះបីជា​ពេលខ្លះ​គេ​តែងតែ​ឮ​មនុស្ស​ធំ​និយាយថា ធ្វើ​ការងារ​មិនចាំបាច់​គេ​សរសើរ​ក៏ដោយ។ ក្មេង​កាន់តែ​ត្រូវការ​ពាក្យ​សរសើរ​ខ្លាំង​ជា

មនុស្ស​ធំ​ទៅទៀត ហេតុនេះ​ប្រសិនបើ​មនុស្ស​ធំ​ចាប់​ចំណុច​នេះ​បាន ពួកគេ​នឹង​អាច​ជំរុញ​ឱ្យកូនតូចៗក្លាយជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ការទទួលខុសត្រូវ​ក្នុង​ផ្លូវ​ល្អ​បាន។

 

ក្មេង​ជា​វ័យ​ដែល​ឆាប់​ភ្លេច ឬ​ជា​វ័យ​ដែល​ចូលចិត្ត​ធ្វើ​អ្វី​តែមួយ​ឆាវ ហេតុនេះ​ដើម្បី​រក្សា​ទម្លាប់​ល្អ និង​ជំរុញឱ្យមាន​ការទទួល​ខុសត្រូវ​កាន់តែច្រើន​ក្នុង​ជីវិត​របស់គេ មនុស្ស​ធំ​អាច​សាកល្បង​លើកសរសើរ

នូវ​ចំណុច​ល្អ​ដែល​គេ​ធ្លាប់ធ្វើ​នៅ​ចំពោះមុខ ហើយ​ជំរុញ​លើកទឹកចិត្ត​បន្ថែមទៀត នោះ​ពួកគេ​នឹង​ចាប់ផ្តើម​គិតថា​ខ្លួនគេ​កាន់តែ​មានតម្លៃ ហើយនឹង​បន្តធ្វើ​រឿងល្អៗជាច្រើន​ផ្សេងទៀត​ដើម្បី​ទទួលបាន​ការសរសើរ​ពី​មនុស្ស​ធំ។

 

  1. បន្ថយ​ការចាប់​កំហុស តែ​បង្កើត​ទម្លាប់​ទទួលខុសត្រូវ

កើតជា​មនុស្ស​តែងតែមាន​កំហុស​ជា​រឿង​ធម្មតា​មិន​ថា​វ័យ​ណាក៏ដោយ។ នៅពេលដែល​យើង​ធ្វើ​ខុស យើង​តែងតែមាន​ការព្រួយបារម្ភ​ថា​នឹង​ទទួលរង​នូវ​ការស្តីបន្ទោស ទទួលរង​នូវ​ការឈឺចាប់​ជាដើម ហេតុនេះ​ពេលខ្លះ​មនុស្ស​ធំ​ក៏​ព្យាយាម​គេច​ចេញពី​ការទទួលខុសត្រូវ ឬ​ចាប់ផ្តើម​ចេះ​លាក់បាំង​កំហុស​ខ្លួនឯង ដែល​អាចធ្វើឱ្យ​រឿង​កាន់តែ​រីកធំឡើង​ដូចគ្នា។ ងាក​មក​ក្មេងតូចៗវិញ​ក៏​ដូចគ្នា

ប្រសិនបើ​មនុស្ស​ធំ​ចាំតែ​ចាប់កំហុស​គ្រប់ពេល ពួកគេ​នឹង​ព្យាយាម​លាក់បាំង​កាន់តែច្រើន តែ​ប្រសិនបើ​មនុស្ស​ធំ​ផ្តល់ឱកាស​ឱ្យគេ​បកស្រាយ​ពី​ហេតុផល និង​មិន​ធ្វើឱ្យ​ពួកគេ​មាន​ភាពភ័យខ្លាច​នឹង​សារភាព​កំហុស​នោះ គេ​នឹង​ហ៊ាន​ទទួលខុសត្រូវ​កាន់តែច្រើន​ឡើង​នៅក្នុង​ការរស់នៅ៕

 

Advertisement