អាណាព្យាបាលគួរការពារកូនបែបណាពីគ្រោះថ្នាក់នៃបច្ចេកវិទ្យាក្នុងពេលរៀនតាមអនឡាញ?

នៅក្នុងរយៈពេលនៃការរីករាលដាលជំងឺ Covid-19 នេះអង្គការ UNICEF បានបញ្ជាក់ថា កុមារ និងមនុស្សវ័យក្មេងជាង 320លាននាក់ បានរងផលប៉ះពាល់​ដោយសារតែការបិទសាលារៀននៅអាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក។

ក្រៅពីផលប៉ះពាល់នៃ​ការមិនបានទៅរៀនសូត្រនៅក្នុងសាលាផ្ទាល់ អង្គការដែលធ្វើការងារដើម្បីកុមារខាងលើបានបញ្ជាក់ផងដែរថា ការសិក្សាតាមអនឡាញជារឿងល្អ តែក្នុងនោះបើអាណាព្យាបាលមិនបានយកចិត្តទុកដាក់ឱ្យបានល្អនោះទេ កុមារអាចនឹងរងគ្រោះថ្នាក់ដូចជាធ្វើឱ្យកុមារងាយរងគ្រោះដោយសារតែ​បញ្ហាកេងប្រវ័ញ្ចផ្លូវភេទ និងការល្បួងតាមប្រព័ន្ធអនឡាញ ដោយសារតែ​ជនខិលខូច​តែងតែព្យាយាមទាញយកប្រយោជន៍តាមបណ្តាញបច្ចេកវិទ្យា​នៅក្នុងពេលរាតត្បាតជាសកលនៃជំងឺ Covid-19 នេះ។

ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ UNICEF ណែនាំឱ្យ អាណាព្យាបាល គួរនិយាយទៅកាន់កូនៗអំពីសុវត្ថិភាពអនឡាញដើម្បីធានាថាពួកគេបានយល់ពីវិធីសាស្រ្តក្នុងការ​បញ្ចៀសខ្លួនឯងកុំឱ្យ​ជនដែលមានបំណងមិនល្អដឹងពីទីតាំង ឬសកម្មភាពប្រចាំថ្ងៃ។ ចំណុចបន្ទាប់គឺគួរស្វែងយល់ពី​ឧបករណ៍​រក្សាសុវត្ថិភាពតាមអនឡាញ ដើម្បី​ការពារកូនៗឱ្យជៀសផុតពីការល្បួង ឬការបោកបញ្ឆោតតាមរយៈអនឡាញ។ បន្ថែមពីលើនេះអាណាព្យាបាលគួរស្វែងយល់ពីហានិភ័យ ដែលកុមារអាចជួបប្រទះនៅពេលប្រើប្រាស់អនឡាញ និងជួយតម្រង់ទិសក្នុងករណីដែលគេចូលទៅក្នុងតំបន់គ្រោះថ្នាក់ ឬមានសកម្មភាពណាដែលអាចប្រឈមនឹងគ្រោះថ្នាក់​ដោយសារតែបណ្តាញអនឡាញ។ ចុងក្រោយគឺអាណាព្យាបាល​ត្រូវតាមដានដើម្បីសម្គាល់ដឹងពីសញ្ញាពិបាកចិត្តដែលកើតឡើងពីការប្រើប្រាស់អនឡាញច្រើនហួសកម្រិត និងដឹងពីកន្លែងស្វែងរកជំនួយ​ដូចជា​ការប្រឹក្សាជាមួយសាលារៀន ឬគ្រូពេទ្យចិត្តសាស្ត្រជាដើម៕

Advertisement