ហ្វាំងឡង់​ មិន​ត្រឹមតែ​មាន​ប្រព័ន្ធ​អប់រំ​ល្អ​ទេ​ តែ​ថែម​ទាំង​ជា​ប្រទេស​មាន​សុភ​មង្គល​បំផុត​លើ​លោក​

កាលពី​ឆ្នាំមុន​ ហ្វាំងឡង់​បាន​ក្លាយ​ជា​ប្រទេស​ដ៏​ល្បីល្បាញ​មួយ​ផ្នែក​អប់រំ​ ដែល​ពិភពលោក​ស្ងើចសរសើរ​ព្រោះ​ប្រទេស​នេះ​បាន​ទទួល​ចំណាត់ថ្នាក់​លេខ1​ ផ្នែក​អប់រំ​។ នៅ​ឆ្នាំ​ 2019​ នេះ​ប្រទេស​ហ្វាំងឡង់​បាន​បង្កើត​កំណត់ត្រា​ល្អ​បំផុត​ថ្មី​មួយទៀត​របស់​ខ្លួន​ គឺ​បាន​ក្លាយជា​ប្រទេស​ដែល​ប្រជាជន​មាន​សេចក្តី​សុខ​បំផុត​លើ​ពិភពលោក​។នេះ​បើ​យោង​តាម​របាយការណ៍​សុភមង្គល​ពិភពលោក​ប្រចាំឆ្នាំ2019​ (WorldHappiness​ Report​ 2019​)។

ហ្វាំងឡង់​ ហាក់ដូចជា​ប្រទេស​អច្ឆ​រិយៈ​មួយ​ដែល​អាច​អភិវឌ្ឍ​ខ្លួន​បាន​ល្អឥតខ្ចោះ​ពី​ប្រទេស​ដែល​មាន​មនុស្ស​ធ្វើ​អត្តឃាត​លំដាប់ថ្នាក់​លេខ2​ លើ​ពិភពលោក​កាលពី​ប្រមាណ​ជាង​ 20ឆ្នាំមុន​ មក​ជា​ប្រទេស​ដែល​ប្រជាជន​មាន​ភាព​រីករាយ​បំផុត​។ ការ​ប្រែក្លាយ​ស្ថានភាព​បែបនេះ​ មិនមែន​ជា​រឿង​ងាយ​នោះ​ទេ​ តែ​វា​បាន​កើតឡើង​ហើយ​សម្រាប់​ប្រទេស​មួយ​នេះ​។

មូលហេតុ​សំខាន់​ដែល​ធ្វើ​ឱ្យ​មានការ​កែប្រែ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​នេះ​ គឺ​រដ្ឋាភិបាល​បាន​ចាប់ផ្តើម​យកចិត្ត​ទុកដាក់​ខ្លាំង​លើ​ការអប់រំ​មនុស្ស​ ទាំង​ការអប់រំ​ចំណេះ​ជំនាញ​ និង​ការអប់រំ​ពី​វិធីសាស្ត្រ​រស់នៅ​ប្រកបដោយ​ភាព​ស្ងប់​សុខ​។ ការអប់រំ​ដោយ​មិន​ដាក់​សម្ពាធ​ ហើយ​ផ្តល់​ឱកាស​ឱ្យ​ក្មេង​ៗស្វែងយល់​ពី​ស្ថានភាព​ជាក់ស្តែង​នៃ​ជីវិត​ និង​សិក្សា​តាម​ក្តី​ស្រឡាញ់​ត្រូវ​បាន​គេដាក់​ឱ្យ​អនុវត្ត​នៅ​គ្រប់​គ្រឹះស្ថាន​អប់រំ​ទាំងអស់​នៅក្នុង​ប្រទេស​។ លើស​ពីនេះ​ទៅទៀត​ ស្ថាប័ន​អប់រំ​របស់​ប្រទេស​នេះ​ ក៏បាន​បង្រៀន​មនុស្ស​ឱ្យ​ចាប់​ផ្តើម​ចេះ​សហការ​ល្អ​ និង​កាត់បន្ថយ​ការប្រកួត​ប្រជែង​ ដែល​ធ្វើ​ឱ្យ​មនុស្ស​ចាប់ផ្តើម​មានស្មារតី​ចេះ​ជួយ​គ្នា​កាន់តែ​ច្រើនឡើង​ និង​មិន​ចង់​មាន​ចង់បាន​ហួសហេតុ​ រហូតដល់​កេងប្រវ័ញ្ច​គ្នា​ទៀតផង​។

បន្ទាប់ពី​ការអប់រំ​ ប្រជាជន​នៅ​ប្រទេស​ហ្វាំងឡង់​ ចាប់ផ្តើម​ចេះ​ស្វែងរក​សេចក្តី​សុខ​ជាមួយ​ធម្មជាតិ​ ហើយ​រីករាយ​ជាមួយនឹង​អាកាសធាតុ​ត្រជាក់​ក្នុង​សហគមន៍​របស់​ពួកគេ​។ ប្រជាជន​ចេះ​សម្រប​ខ្លួន​បាន​ល្អ​ ហើយ​ថែរក្សា​ធម្មជាតិ​ ដែល​ធ្វើ​ឱ្យ​បរិស្ថាន​ជុំវិញ​ខ្លួន​ពោរពេញ​ដោយ​ភាព​ស្រស់ស្រាយ​ និង​គ្មាន​ការ​បំផ្លិច​បំផ្លាញ​ធម្មជាតិ​ដើម្បី​អភិវឌ្ឍន៍​ឡើយ​ ព្រោះ​ពួកគេ​យល់ថា​ ការ​អភិវឌ្ឍ​ គឺ​ដើម្បី​សេចក្តី​សុខ​ ហេតុនេះ​ប្រសិនបើ​គេ​ស្រឡាញ់​ធម្មជាតិ​ ការ​ថែរក្សា​ទ្រង់ទ្រាយ​ដើម​នៃ​ធម្មជាតិ​ គឺជា​សេចក្តី​សុខ​ដែល​គ្មានអ្វី​មក​ជំនួស​បាន​ឡើយ​។

ក្រៅពី​នេះ​ អ្វី​ដែល​ប្រទេស​ដ៏​អស្ចារ្យ​នេះ​អាច​ធ្វើ​បាន​ គឺ​ការ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការបម្រើ​សេវា​សាធារណៈ​ ដោយ​ការកាត់បន្ថយ​អំពើពុករលួយ​ជា​អតិបរមា​ ហើយ​ផ្តល់​ជូន​នូវ​សេវា​សាធារណៈ​ល្អឥតខ្ចោះ​ដែល​សូម្បីតែ​សេវា​ឯកជន​នៃ​ប្រទេស​មួយចំនួន​ក៏​មិន​អាច​ធ្វើ​បាន​ល្អ​ដូច​ផង​។ ចាប់ផ្តើម​ពី​ភាព​ប្រសើរ​ឡើង​នៃ​សេវា​សាធារណៈ​ធ្វើ​ឱ្យ​ប្រជាជន​ចាប់ផ្តើម​ជឿ​ទុកចិត្ត​កាន់តែ​ខ្លាំង​លើ​រដ្ឋបាល​តំបន់​របស់​គេ​ ហើយ​រីករាយ​សហការ​ដើម្បី​ផ្តល់​ពន្ធ​ បើ​ទោះបីជា​ពន្ធ​លើ​ផ្នែក​ខ្លះ​មានតម្លៃ​ថ្លៃ​ក៏ដោយ​ ជាពិសេស​ពន្ធ​លើ​ប្រព័ន្ធ​សន្តិសុខ​សង្គម​។

បន្តិច​ម្តង​ៗ ប្រជាជន​នៃ​ប្រទេស​ហ្វាំងឡង់​ចាប់ផ្តើម​ទម្លាប់​រស់នៅ​ដោយ​ភាព​ស្កប់ស្កល់​ និង​ឈានជំហាន​ជាបន្តបន្ទាប់​ទៅ​ជួយ​អ្នកដទៃ​ឱ្យ​បាន​ច្រើន​ថែម​ទៀត​។ ប្រជាជន​មិនសូវ​ខ្វល់​ពី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​ទេ​ តែ​គេ​មានទម្លាប់​ជួយគ្នា​ និង​ថែរក្សា​សម្បត្តិ​សាធារណៈ​បាន​ល្អ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ របាយការណ៍​សុភមង្គល​ពិភពលោក​ប្រចាំឆ្នាំ2019​ (World​ Happiness​ Report​2019​) បាន​វាយតម្លៃ​ប្រទេស​នី​មួយ​ៗលើ​ពិភពលោក​ដោយ​ផ្តោត​លើ​ចំណុច​សំខាន់​មួយចំនួន​ដូចជា​ ប្រាក់ចំណូល​របស់​ប្រជាជន​ សេរីភាព​ ការ​ជឿ​ទុកចិត្ត​ សុខភាព​ និង​អាយុ​សង្ឃឹម​រស់​ (life​ expectancy​) ការ​គាំទ្រ​ពីសង្គម​ និង​សមភាព​យេនឌ័រ​ក្នុង​សង្គម​។

នៅក្នុង​តារាង​ប្រទេស​ដែល​មាន​សុភមង្គល​បំផុត​លើ​ពិភពលោក​នៅ​ឆ្នាំនេះ​ គឺ​ប្រទេស​ហ្វាំងឡង់​ឈរ​នៅ​លំដាប់ថ្នាក់​លេខ1​។ ប្រទេស​ដាណឺម៉ាក​ឈរ​នៅ​លំដាប់ថ្នាក់​លេខ2​ ន័​រវេ​យ៍​ឈរ​នៅ​លំដាប់ថ្នាក់​លេខ3​ អៀ​កឡង់​ឈរ​នៅ​លំដាប់ថ្នាក់​លេខ4​ ប្រទេស​ហូ​ឡង់​ឈរ​នៅ​លំដាប់ថ្នាក់​លេខ5​ ប្រទេស​ស្វ៊ី​សស្ថិ​តនៅ​លំដាប់ថ្នាក់​លេខ6​ និង​ប្រទេស​ស៊ុយអែត​ស្ថិត​នៅ​លំដាប់ថ្នាក់​លេខ7​៕

Advertisement