ការ​រត់តាម​ក្រសែភ្នែក​អ្នកដទៃ ជាការ​បំផ្លាញ​សេចក្តីសុខ​ខ្លួនឯង

គោលបំណង​សំខាន់​នៃ​ការរស់នៅ​របស់​មនុស្ស គឺ​ស្វែងរក​សេចក្តីសុខ តែ​ជា​អកុសល មនុស្ស​ជាច្រើន​បែរជា​ច្រឡំ​វិធី​ដើម្បី​ស្វែងរក​សេចក្តីសុខ ហើយ​បែរជា​បង្កើន​សេចក្តី​ទុក្ខ​សម្រាប់​ខ្លួនឯង​ទៅវិញ។

លោក គឹម អឿន នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ​បាន​លើកឡើងថា មនុស្ស​ជាច្រើន​កំពុង​រស់ក្នុង​សភាព​ជា​ចំណាប់ខ្មាំង​របស់​អ្នកដទៃ ព្រោះ​យើង​អនុញ្ញាត​ឱ្យគេ​ចាប់ជំរិត​យើង​យ៉ាង​ងាយស្រួល។ យើង​អាច​ក្លាយជា​ចំណាប់ខ្មាំង​របស់​អ្នកដទៃ​តាមរយៈ​ការ​ខ្វាយខ្វល់​ច្រើន​ជ្រុល​ពីស​ម្តី​របស់​អ្នកដទៃ ពី​ការទិតៀន ពី​ភាព​ឆេវឆាវ​ដែលមាន​ក្នុង​ខ្លួន​យើង​ផ្ទាល់ និង​ដោយ​កត្តា​ជាច្រើន​ផ្សេងទៀត។

លោក គឹម អឿន បាន​និយាយថា៖ «នៅពេលដែល​អ្នកដទៃ​និយាយ​ប៉ះពាល់​ដល់​យើង យើង​ចាប់ផ្តើម​ខឹង​ខ្លាំង​ហើយ​តបត​ទៅវិញ​ភ្លាម និង​នៅពេលដែល​គេ​គិត​មិន​ដូច​យើង ហើយ​និយាយ​ជំទាស់​យើង យើង​ចាប់ផ្តើម​ពិបាកចិត្ត​ភ្លាម។ ចំណុច​ទាំងអស់នេះ​គឺអាច​បំផ្លាញ​សេចក្តីសុខ​របស់​យើង​បាន​យ៉ាង​ងាយ ហើយ​យើង​នឹង​ក្លាយជា​ចំណាប់ខ្មាំង​របស់​អ្នកដទៃ​ជាក់​ជាមិនខាន»។

នាយក​ស្ថាប័ន​បណ្តុះបណ្តាល​ខាងលើ​បានលើកឡើង​ផងដែរ​ថា យើងទាំងអស់គ្នា​ត្រូវតែ​បើក​ចិត្ត​ឱ្យ​ទូលាយ ហើយ​រស់ក្នុង​នាម​ជា​យើង​ខ្លួនឯង​តាមរយៈ​ការ​ស្គាល់​ខ្លួនឯង​ឱ្យ​ច្បាស់ ហើយ​កុំ​បណ្តោយឱ្យ​សេចក្តីសុខ​ផ្ទាល់ខ្លួន​បាត់បង់​តាមរយៈ​ពាក្យសម្តី​របស់​អ្នកដទៃ​ឱ្យសោះ។ ដើម្បី​រក្សា​សេចក្តីសុខ គឺ​យើង​កុំ​អនុញ្ញាតឱ្យ​អ្នកណា​មក​ធ្វើបាប​យើង​ស្រេច​នឹង​ចិត្តបាន តាមរយៈ​ការរស់នៅ​ប្រកបដោយ​សន្តិភាព និង​សម្រប​ខ្លួន​ឱ្យបាន​គ្រប់​ស្ថានភាព។

ស្រដៀង​គ្នា​នេះដែរ លោកជំទាវ តាំង ហ្គិ​ច​លៀង អគ្គនាយិកា​នៃ​ក្រុមហ៊ុន DFurniture បាន​ថ្លែងថា ការ​ដេញតាម​សម្ភារ​នៃ​សង្គម​ក៏​ជា​ប្រភព​មួយ​ដែលនាំឱ្យ​យើង​ពិបាក​ដែរ។ មនុស្ស​ជាច្រើន​នា​សម័យនេះ តែងតែ​ព្យាយាម​ស្វែងរក​ថវិកា​ដើម្បី​ផ្គត់ផ្គង់​លើ​ការទិញ​សម្ភារ​ទំនើប​ដែល​តែងតែ​ចេញ​ជា​រៀងរាល់ថ្ងៃ ហើយ​អ្វីដែល​គាត់​ធ្វើ​គឺ​ដើម្បី​ឱ្យឃើញ​ពី​ភាពទាន់សម័យ ឬ​ភាពមានបាន​តាម​ការឱ្យ​តម្លៃ​របស់​សង្គម។

សហគ្រិន​ខាងលើ បាន​លើកឡើងថា សម្រាប់​លោកជំទាវ​ផ្ទាល់​គឺ​មិន​ចូលចិត្ត​ដេញតាម​សម្ភារ​និយម​នោះទេ ព្រោះ​លោកជំទាវ​មាន​វិធីសាស្ត្រ​ចាយវាយ​ប្រកបដោយ​សេចក្តីសុខ​បែប​ផ្សេង។ ការដែល​ដេញតាម​សម្ភារ គឺ​យើង​មិនអាច​ដេញទាន់​នោះទេ ព្រោះ​របស់​ទាំងអស់នោះ​វា​ចេញ​ថ្មី​ជា​រៀងរហូត​មិនចេះចប់​មិនចេះហើយ ហេតុនេះ​យើង​នឹងត្រូវ​ខ្វល់ខ្វាយ និង​រក​មធ្យោបាយ​ដើម្បី​តែ​ស្វែងរក​វារ​ហូត។ សម្រាប់​លោកជំទាវ គឺ​ទិញ​របស់​មានតម្លៃ​សម្រាប់​ខ្លួនឯង​នៅពេលណា​ដែលមាន​សមិទ្ធផល ឬ​ទទួលបាន​ជោគជ័យ​ថ្មី​តែប៉ុណ្ណោះ៕

Advertisement