សិស្សត្រៀមបាក់ឌុបសម័យនេះ អាចសាកសមត្ថភាពខ្លួនឯងតាមបច្ចេកវិទ្យាបាន

ការប្រឡងមធ្យមសិក្សាទុតិយភូមិជាដំណាក់កាលសំខាន់មួយដែលសិស្សទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ ព្រោះវាជារបាំងដំបូងបំផុតមុននឹងឈានចូលទៅដល់ជីវិតជានិស្សិតមហាវិទ្យាល័យ។

កាលពីប៉ុន្មានឆ្នាំមុន ដើម្បីត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ សិស្សត្រូវទិញសៀវភៅជាច្រើនក្បាលដើម្បីហ្វឹកហាត់ធ្វើលំហាត់ និងដុសខាត់សមត្ថភាពអោយបានល្អមុនពេលប្រឡង ដែលឯកសារទាំងនោះពេលខ្លះមិនសូវឆ្លើយតបជាមួយនឹងស្ថានភាពជាក់ស្តែងនៃការប្រឡងក៏មានដែរ។

ក្រោយមកដោយសារតែបច្ចេកវិទ្យាមានការអភិវឌ្ឍ ហើយក្រសួងអប់រំ យុវជន និងកីឡា ក៏មានកំណែទម្រង់ ទើបក្រសួងបង្កើតសៀវភៅ និងឯកសារត្រៀមប្រឡងជា PDF ដើម្បីឱ្យសិស្សអាចទាញយកលំហាត់គំរូដើម្បីអនុវត្តដោយឥតគិតថ្លៃ។ ម្យ៉ាងវិញទៀត សិស្សក៏អាចធ្វើការបោះពុម្ពឯកសារនោះដោយខ្លួនឯង និងធានាថាលំហាត់ទាំងអស់នោះមានភាពឆ្លើយតបច្រើនជាមួយនឹងវិញ្ញាសាក្នុងការប្រឡង។

នាពេលថ្មីៗនេះ ក្រសួង អប់រំ យុវជន និងកីឡា បានដាក់ចេញនូវកម្មវិធីថ្មីរបស់ខ្លួន ដោយបង្កើតលំហាត់សាកល្បងដែលសិស្សអាចធ្វើលំហាត់ទាំងនោះលើទូរស័ព្ទដៃ ឬកុំព្យូទ័រដោយខ្លួនឯងតែម្តង។ វាបានសម្រួលដល់សិស្សយ៉ាងច្រើនក្នុងការសិក្សា និងអាចជំរុញឱ្យសមត្ថភាពសិស្សរបស់កម្ពុជាកាន់តែល្អឡើង ហើយអាចប្រឡងជាប់មធ្យមសិក្សាទូតិយភូមិបានកាន់តែច្រើនទៀតផង៕

 

Advertisement