សិស្ស​កាន់តែ​ស្និទ្ធ​ជាមួយ​បច្ចេកវិទ្យា ក្រោយ​រឹតបន្តឹង​ការប្រឡង​បាក់​ឌុប

ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ លទ្ធផល​នៃ​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​បានបង្ហាញ​ឱ្យឃើញ​នូវ​ភាព​ប្លែក​ថ្មី និង​កាន់តែ​ប្រសើរឡើង តែ​ខណៈពេល​ដូចគ្នានេះដែរ សិស្ស​ក៏​ចាប់ផ្តើម​យកចិត្តទុកដាក់​ក្នុងការ​ស្វែងរក​ឯកសា​រ និង​ប្រភព​ចំណេះដឹង​ដែលមាន​ប្រយោជន៍​សម្រាប់​ត្រៀមប្រឡង​នៅ​ឆ្នាំ​បន្ទាប់។

ជា​ដំណោះស្រាយ និង​ជា​ជំនួយ​សម្រាប់​សិស្ស​ឱ្យមាន​ការត្រៀម​បានល្អ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្កើត​បណ្តាញ​ព័ត៌មាន និង​ចែករំលែក​ឯកសារ​ប្រកបដោយ​គុណ​តម្លៃ​ជាច្រើន​នៅក្នុង​បណ្តាញ​បច្ចេកវិទ្យា​ដែល​សិស្ស​អាច​ទាញយក​ទៅប្រើ​ប្រាស់​តាម​តម្រូវការ​ជាក់ស្តែង។

ពាក់ព័ន្ធ​នឹង​បញ្ហា​បណ្តាញ​បច្ចេកវិទ្យា​នេះ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា ក្រោយពី​ការធ្វើកំណែទម្រង់​ប្រព័ន្ធ​អប់រំ ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅក្នុង​ឆ្នាំ2014 កន្លងមកនេះ ក្រសួង​បានធ្វើការ​សង្ខេប​មេរៀន​មួយចំនួន ហើយ​បាន​ផ្សព្វផ្សាយ​ទៅតាម​បណ្តាញ​សង្គម ក៏ដូចជា​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត ដើម្បី​ជួយ​ទៅដល់​សិស្ស និង​គ្រូ​ក្នុងការ​ពង្រឹងសមត្ថភាព។

ឯកឧត្តម​រដ្ឋមន្ត្រី​បានលើកឡើង​ផងដែរ​ថា ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ អាចធ្វើឱ្យ​អ្នកសិក្សា​ចំណេញ​ពេលវេលា​ច្រើន ព្រោះ​អ្នកសិក្សា​មិនចាំបាច់​ទៅ​អង្គុយ​រៀន​ដោយផ្ទាល់​ជាមួយ​គ្រូ​គ្រប់ពេល​នោះទេ។ តាមរយៈ​កម្មវិធីសិក្សា​អន​ឡាញ យើង​អាច​ផ្សព្វផ្សាយ​នូវ​កម្មវិធីសិក្សា និង​ឯកសារ​ដល់​សិស្ស​បាន​យ៉ាង​ទូលំទូលាយ មាន​ប្រសិទ្ធភាព និង​មាន​ភាពងាយស្រួល។ យុវជន​ជាច្រើន​នៅ​កម្ពុជា បានចាប់ផ្តើម​ងាក​មកប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា​ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​លើ​ឯកសារសំខាន់ៗដែល​បម្រើ​ដល់​ការសិក្សា​របស់​ពួកគេ។

ដោយ​មើលឃើញ​នូវ​ចរន្ត​វិជ្ជមាន​មួយ​នេះ សិស្ស​ជាច្រើន​ចាប់ផ្តើម​ខិតជិត​យ៉ាង​ស្និទ្ធ​ជាមួយនឹង​បណ្តាញ​បច្ចេកវិទ្យា ព្រោះ​កម្ម​វី​ធី​នេះ​អាចជួយ​ឱ្យ​ពួកគេ​ប្រមូលបាន​ឯកសារល្អៗ និង​ជា​គំរូ​មេរៀន​សម្រាប់​អនុវត្ត​សមត្ថភាព​បាន​យ៉ាងច្រើន ដែល​អាចធ្វើឱ្យ​ពួកគេ​មាន​ភាពកក់ក្តៅ និង​អាចធ្វើឱ្យ​សិស្ស​មួយចំនួន​ទទួលបាន​និទ្ទេស​ល្អ​ថែម​ទៀតផង។

យុវជន លី ហ៊ាង ដែលជា​សិស្ស​កំពុង​ត្រៀម​ចូល​ថ្នាក់​ទី 12 បាន​ប្រាប់​ឱ្យដឹងថា ខ្លួន​ចាប់ផ្តើម​ប្រមូល​ឯកសារ និង​តាមដាន​ឯកសារ​ដែល​ក្រសួង​អប់រំ រួមទាំង​អ្នកស្រាវជ្រាវ​ជាច្រើន​ទៀត​នៅក្នុង​បណ្តាញ​អន​ឡាញ។ យុវជន​រូបនេះ​បាន​ថ្លែង​ផងដែរ​ថា ខ្លួន​អាចមាន​ភាពកក់ក្តៅ​ច្រើន​ជាមួយនឹង​ប្រភព​ឯកសារ​ដែលមាន​នៅក្នុង​ដៃ ព្រោះថា ការប្រមូល​ឯកសារ​ដើម្បី​រំឭក និង​អនុវត្ត​លំ​ហាត់​ជាក់ស្តែង​នេះ អាចធ្វើឱ្យ​គាត់​មានការ​ត្រៀមខ្លួន​បានល្អ​មុនពេល​ប្រឡង​ចូលមក​ដល់​នៅ​ចុងឆ្នាំ​ក្រោយ៕

Advertisement