ចង់​ក្លាយជា​អ្នក​ច្នៃ​បង្កើត​របស់​ថ្មី​ៗ ចាំបាច់​ត្រូវ​ចេះ​ស្រឡាញ់​បញ្ហា​

ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ មនុស្ស​ក្នុង​ពិភពលោក​កំពុង​មានការ​ប្រកួតប្រជែង​គ្នា​ខ្លាំង​ទាំង​រឿង​អវិជ្ជមាន​ និង​វិជ្ជមាន​។ ការប្រកួត​ប្រជែង​អវិជ្ជមាន​ គឺ​ការប្រកួត​ប្រជែង​ខាង​ឥទ្ធិពល​ និង​សព្វាវុធ​ជាដើម​ តែ​ការប្រកួត​ប្រជែង​បែប​វិជ្ជមាន​ ភាគច្រើន​ជា​ការប្រកួត​ប្រជែង​ខាង​ស្នាដៃ​ដែល​កើត​ចេញពី​ភាព​ច្នៃប្រឌិត​ របស់​ធនធានមនុស្ស​នៅក្នុង​ប្រទេស​នោះ​ ដើម្បី​បង្កើត​ជា​ផលិតផល​បច្ចេកវិទ្យា​ និង​ផលិតផល​ថ្មី​ ឬនវានុវត្តន៍​ជា​ច្រើន​ផ្សេង​ៗទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​មនុស្ស​។

លោក​ ហាវ​ គង់​ងី​ សហ​ស្ថាបនិក​សហគ្រាស​សង្គម​ផ្ទះ​តាម​ក្តី​ប្រាថ្នា​ បាន​លើកឡើង​ថា​ បញ្ហា​គឺជា​គន្លឹះ​យ៉ាង​សំខាន់​ក្នុង​ការបង្កើត​ឱ្យ​មាន​ភាព​ច្នៃប្រឌិត​ ហេតុនេះ​មិន​គួរ​មើល​រំលង​ ឬគេច​ចេញពី​បញ្ហា​នោះ​ទេ​ តែ​គួរ​យកចិត្ត​ទុកដាក់​ដោយ​ប្រើប្រាស់​បញ្ហា​ជា​ចំណុច​គោល​ក្នុង​ការ​ដោះស្រាយ​ដោយ​សមត្ថភាព​ដើម្បី​ការ​ច្នៃប្រឌិត​របស់​យើង​ផ្ទាល់​។ លោក​បាន​លើកឡើង​ផង​ដែរ​ថា​ អ្នក​ដែល​មើលឃើញ​ពី​បញ្ហា​ច្រើន​ នោះ​នឹង​មានឱកាស​ច្រើន​ក្នុង​ការ​ព្យាយាម​ស្វែងរក​សមិទ្ធ​ផល​ថ្មី​ៗដែល​មានតម្លៃ​សម្រាប់​មនុស្ស​បាន​ច្រើន​ដែរ​ ព្រោះ​របស់​សំខាន់​ គឺជា​របស់​ដែលគេ​ត្រូវការ​ហេតុនេះ​ស្រប​ពេល​ដែល​មនុស្ស​ត្រូវការ​ដំណោះស្រាយ​ ហើយ​យើង​អាច​ប្រើប្រាស់​ចំណេះដឹង​របស់​យើង​ទៅ​ដោះស្រាយ​បាន​ នោះ​មានន័យថា​ យើង​អាចប​ង្កើត​ស្នាដៃ​ដែល​មានតម្លៃ​បាន​ហើយ​។

លោក​ ហាវ​ គង់​ងី​ បាន​និយាយ​ថា​៖ “គ្មានអ្វី​ដែល​ថា​ មនុស្ស​ធ្វើ​មិនបាន​នោះ​ទេ​ ហេតុនេះ​យើង​គួរតែ​សាកល្បង​ស្វែងរក​បញ្ហា​នានា​ដែល​កើតឡើង​ក្នុង​សង្គម​ ហើយដែល​មិនទាន់​ត្រូវ​បាន​គេ​ដោះស្រាយ​ ដើម្បី​យក​មក​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​ និង​បង្កើត​សមិទ្ធផល​ដើម្បី​ដោះស្រាយ​វា​”។

លោក​ គង់​ងី​ បាន​លើកឡើង​ផង​ដែរ​ថា​ កុំ​បារម្ភ​ពេក​ថា​ យើង​មើលឃើញ​បញ្ហា​ហើយ​មិន​មាន​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​វា​នោះ​ ឱ្យ​តែ​យើង​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​ ហើយ​បន្ត​ស្រាវជ្រាវ​ឱ្យ​កាន់តែ​លម្អិត​ នោះ​យើង​នឹង​រក​ឃើញ​ផ្លូវ​ជាច្រើន​ដើម្បី​ធ្វើ​វា​ហើយ​វិធីសាស្ត្រ​ដោះស្រាយ​ដើម្បី​សម្រេចការ​ងារ​នោះ​នឹង​លេចចេញ​មកតាមក្រោយ​មិនខាន​។ កាលណា​យើង​ចង់​សម្រេច​គោលដៅ​បង្កើត​របស់​ថ្មី​មួយ​ ច្បាស់​ណាស់​ វា​តែងតែមាន​បញ្ហា​តូច​ៗជាច្រើន​ដែល​ទាមទារ​ឱ្យ​យើង​ដោះស្រាយ​ តែ​ប្រសិនបើ​យើង​ប្រឹងប្រែង​ស្វែងរក​ដំណោះស្រាយ​ នោះ​វា​នឹង​ធ្វើ​ឱ្យ​យើង​ឈានជើង​បន្តិច​ម្តង​ៗដើម្បី​សម្រេច​បាន​ស្នាដៃ​ថ្មី​ជាមិនខាន​។

លោក​ ជិម​ មិនា​ សហ​ស្ថាបនិក​ SmartBin​ Cambodia​ បាន​លើកឡើង​ថា​ អ្នក​ដែល​រក​ឃើញ​បញ្ហា​ល្អ​ជាងគេ​ អាច​ជា​អ្នក​ដែល​មានឱកាស​ល្អ​ក្នុង​ការបង្កើត​ស្នាដៃ​ល្អ​ដូចគ្នា​។ ពេលខ្លះ​បញ្ហា​មិន​ចាំបាច់​ធំ​ពេក​នោះ​ទេ​ តែ​វា​ជា​បញ្ហា​ដែល​មនុស្សជា​ច្រើន​មិនសូវ​ចាប់អារម្មណ៍​ ឬដោះស្រាយ​មិនបាន​ក្នុងរយៈពេល​យូរ​មក​ហើយ​ជាដើម​។ មាន​បញ្ហា​ខ្លះ​ជា​រឿង​កំប៉ិកកំប៉ុក​ តែ​វា​អាច​ផ្តល់​ផល​អវិជ្ជមាន​ខ្លាំង​ដល់​សង្គម​ ប្រសិនបើ​មិនបាន​ដោះស្រាយ​ ហេតុនេះ​ប្រសិនបើ​យើង​អាច​ចាប់​ឱកាស​ក្នុង​ការ​ដោះស្រាយ​វា​បាន​ នោះ​យើង​នឹងអាច​ធ្វើ​ឱ្យ​មនុស្សជា​ច្រើន​ភ្ញាក់ផ្អើល​ ហើយ​ថែមទាំង​អាច​ជួយ​សង្គម​បាន​ទៀតផង​។

លោក​ ជិម​ មិនា​ បាន​និយាយ​ថា​៖ “សម្រាប់​ក្រុម​យើងខ្ញុំ​ គឺ​បង្កើត​បច្ចេកវិទ្យា​គ្រប់គ្រង​សំរាម​។ តាមពិត​រឿង​សំរាម​មិនមែន​ជា​រឿង​ថ្មី​ ឬរឿង​ដែល​មនុស្ស​មិនសូវ​ជួប​នោះ​ទេ​ តែ​វា​ជា​បញ្ហា​មួយ​ដែល​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ ព្រោះ​បើ​មិន​អាច​ដោះស្រាយ​បានទេ​វា​នឹង​បង្ក​ជា​ឧបសគ្គ​ជាច្រើន​ដល់​ការ​អភិវឌ្ឍ​សង្គម​”។

អ្នកជំនាញ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ដោយសារតែ​មើលឃើញ​ពី​បញ្ហា​ក្នុង​ការគ្រប់គ្រង​សំរាម​នេះ​ហើយ​ ទើប​ធ្វើ​ឱ្យ​ពួក​លោក​មាន​មូលដ្ឋាន​ និង​គោលដៅ​មួយ​ច្បាស់លាស់​ ដើម្បី​ប្រមូល​ផ្តុំគ្នា​ដោះស្រាយ​ទៅតាម​ជំនាញ​។ សម្រាប់​អ្នក​បច្ចេកវិទ្យា​គាត់​គិត​បែប​បច្ចេកវិទ្យា​ ហើយ​អ្នកស្រាវជ្រាវ​ គាត់​គិត​តាម​បែប​ស្រាវជ្រាវ​ ហើយ​អ្នក​ទីផ្សារ​គាត់​រៀបចំ​ការ​បង្ហាញ​តាមវិធី​របស់​គាត់​ រហូតដល់​លទ្ធផល​ចុងក្រោយ​ យើង​អាច​រួមគ្នា​បង្កើត​ធុងសំរាម​ឆ្លាតវៃ​មួយ​។ ហេតុនេះ​ប្រសិនបើ​គ្មាន​បញ្ហា​ នោះ​ពួក​យើង​ក៏​មិន​អាចប​ង្កើត​បាន​ជា​ផលិតផល​ថ្មីនេះ​ឡើង​ដែរ​។ នៅពេល​ដែល​យើង​តាំងចិត្ត​ថា​ ចង់​បង្កើត​អ្វីមួយ​ដើម្បី​ជួយ​ដល់​មនុស្ស​ហើយ​នោះ​ យើង​នឹង​ក្លាយជា​មនុស្ស​ស្រឡាញ់​បញ្ហា​ ហើយ​ចង់​ដោះស្រាយ​វា​ ដោយ​មិន​ខ្លាច​បញ្ហា​នោះ​ឡើយ​៕

Advertisement