អប់រំ ជា​ផ្នែក​សំខាន់​មួយ​ក្នុង​យុទ្ធសាស្ត្រ​របស់​ធនាគារ​ពិភពលោក​ដើម្បី​ជួយ​កម្ពុជា

ធនាគារពិភពលោក ជា​ស្ថាប័ន​សកល​មួយ​ដែល​បាន​ចូលរួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ប្រទេស​នានា​លើ​ពិភពលោក ដោយ​ក្នុងនោះ​កម្ពុជា​ក៏​ជា​ប្រទេសមួយ​ផងដែរ​ដែល​ទទួលបាន​ផលប្រយោជន៍សំខាន់ៗជាច្រើន​ពី​ស្ថាប័ន​នេះ។

យោងតាម​ការបង្ហាញរ​បស់​ធនាគារពិភពលោក បានឱ្យដឹងថា កម្ពុជា​បានទទួល​ឥណទាន​លើកដំបូង​របស់ខ្លួន​ពី​ធនាគារពិភពលោក​នៅ​ឆ្នាំ1993 ដែល​ជំនួយ​សំខាន់​នេះ​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​ស្តារឡើងវិញ​នូវ​ស្ថាប័ន​សង្គមកិច្ច សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រូបវ័ន្ត។

នៅ​ក្នុងការ​ផ្តល់ជំនួយ​ទាំងអស់នោះ​ធនាគារពិភពលោក​បាន​រៀបចំ​យុទ្ធសាស្ត្រ​ទំនាក់ទំនង​ប្រចាំ​ប្រទេស​របស់​ធនាគារពិភពលោក ដែលជា​យុទ្ធសាស្ត្រ​មួយ​មាន​រយៈពេល​ពីរ​ឆ្នាំ​ដើម្បី​គាំទ្រ​ដល់​កម្ពុជា​ក្នុងការ​ទ្រទ្រង់​កំណើន​លើ​គ្រប់​វិស័យ និង​រឹងមាំ​សំដៅ​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​វិបុលភាព​រួម។

យុទ្ធសាស្ត្រ​ដែល​បានចែង​ក្នុង​ឯកសារ​យុទ្ធសាស្ត្រ​ទំនាក់ទំនង​នេះ គាំទ្រ​ដល់​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ2014 – 2018  របស់​កម្ពុជា និង​មាន​គោលបំណង​ជួយ​កម្ពុជា​កែលម្អ​បន្ថែមទៀត​នូវ​បរិយាកាស​ធុរកិច្ច​របស់ខ្លួន ផ្គត់ផ្គង់ នូវ​សេវា​សង្គមកិច្ច​និង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ឱ្យបាន​ល្អប្រសើរ​ជាង​មុន និង​បង្កើត​ឱកាស​សម្រាប់​ប្រជាពលរដ្ឋ​ទីទ័លក្រ​តាមរយៈ​ការវិនិយោគ​លើ​អ្វីដែល​អាច​ជំរុញ​ការផលិត។

ជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​នេះ ក្រុម​ធនាគារពិភពលោក​បាន​រៀបចំ​ការវិនិច្ឆ័យ​ស្ថានភាព​ប្រទេស​ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ(SCD) ដើម្បី​ជួយ​កំណត់​រកឱ្យឃើញ​នូវ​ឱកាស និង​បញ្ហា​ប្រឈម​នានា ព្រមទាំង​ផ្នែក​អភិវឌ្ឍន៍​ដែលជា​អាទិភាព​សម្រាប់​ធានា​ឱ្យបាន​នូវ​កំណើនសេដ្ឋកិច្ច​ដែល​រឹងមាំ។ យោងតាម​ការវិភាគ​នេះ​បាន​រកឃើញ​នូវ​យុទ្ធសាស្ត្រ​សំខាន់​មួយចំនួន ដែល​ក្នុងនោះ ការកសាង​ធនធានមនុស្ស​ត្រូវបាន​គេ​មើលឃើញថា ជា​យុទ្ធសាស្ត្រ​សំខាន់​មួយ​ដែល​ត្រូវបាន​រៀបចំឡើង​ដើម្បី​សម្រួល​ដល់​ចល័តភាព​សេដ្ឋកិច្ច និង​វិបុលភាព​រួម​នៅក្នុង​ប្រទេស។

ការអភិវឌ្ឍ​ធនធានមនុស្ស​នេះ ត្រូវបាន​គេ​មើលឃើញថា ជា​ផ្នែក​យ៉ាងសំខាន់​ដែល​គាំទ្រ​ដល់​សកម្មភាព​របស់​គ្រប់​វិស័យ​នៅក្នុង​សង្គម ទាំង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន ព្រោះថា​គ្រប់​ស្ថាប័ន​ទាំងអស់​សុទ្ធតែ​ត្រូវការ​មូលធន​មនុស្ស​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​សមត្ថភាព​ខ្ពស់​ដើម្បី​ចូលរួម​ជំរុញឱ្យមាន​ភាព​រីកចម្រើន៕

Advertisement