​Samsung ចេញទូរស័ព្ទ A70 មួយ​ទៀត​តម្លៃ​សម​រម្យ កាមេរ៉ា​មុខ​ទំហំ 32MP

ក្រុមហ៊ុន Samsung បាន​បន្ត​ចេញ​ផ្សាយ​នូវ​ត្រកូល A មួយ​ម៉ូឌែល​ទៀត គឺ Galaxy A70 ដែល​មាន​ការ​វិវដ្ដ​អេក្រង់​កាន់​តែ​ធំរហូត​ដល់ 6.7អ៊ីញ ប្រភេទ Super AMOLED ជា​រចនា​ប័ទ្ម​អេក្រង់ Infinity-U បង្កប់​កាមេរ៉ា​មុខ​ទំហំ 32MP

កាមេរ៉ា​ 3 គ្រាប់​ខាង​ក្រោយ​ដោយ​មួយ​ទំហំ 32MP មាន Aperture f/1.7 ខណៈ​គ្រាប់​ទី​ពីរមាន​ទំហំ 8MP ប្រភេទ Ultra-Wide Angle (123 ដឺក្រេ) និង​គ្រាប់​ទី​បី​ប្រភេទ Depth Sensor ទំហំ 5MP។ ទូរស័ព្ទដៃប្រភេទនេះមាន​មុខងារ​ប្រព័ន្ធ​សុវត្ថិភាព​ពីរ រួម​មាន​ជម្រើស​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់ ឬ​ស្កេន​មុខ​ដោះ​សោ។

A70 មាន​ថាមពល​ថ្ម​ធំ​ដល់ 4,500mAh គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស​កម្លាំង 25 វ៉ាត់ ដែល​ធំ​ជាង​ត្រកូល Galaxy ដទៃៗ​ទៀត ពោល​ដូច​ជា Galaxy S10 5G ត្រឹម 18វ៉ាត់​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ទូរស័ព្ទ​កម្រិត​មធ្យម ​អត់​មាន​គាំទ្រ​ប្រព័ន្ធ​សាក​ថ្ម​ឥត​ខ្សែ Wireless Charging ​ឡើយ។ 


ស្ថិត​ក្នុង​ជម្រើស RAM 6GB 8GB អមដោយ​អង្គ​ផ្ទុក (memory) ​ក្នុង​ម៉ាស៊ីន​ទំហំ 12GB អាច​បន្ថែម microSD Card ដល់​ទំហំ 512GB នៅ​អម​នឹង​ប្រអប់​ស៊ីម​កាត​ចំនួន​ពីរ។
 

អេក្រង់ 6.7 អ៊ីញ​អាច​មើលទៅ​ធំ​ពេក ប៉ុន្តែ​ក្រុមហ៊ុន Samsung បាន​រចនា​តួ​ខ្លួន​ជា​រាង​ទ្រវែង​ដែល​មាន​បណ្តោយ 76.7 មីលីម៉ែត្រ ពោល​គឺ​កាន់​ពេញ​ដៃ​សម​ល្មម ឬ​អាច​ប្រើប្រាស់​មុខងារ​ដៃ​ម្ខាង One Handed Navigation ក៏​បាន។  


ទូរស័ព្ទដៃ Samsung A70 មាន 4 ពណ៌​គឺ Coral, Blue, Black និង White ប៉ុន្តែ​ចំពោះ​តម្លៃ​ និង​ការ​ចេញ​លក់​លម្អិត ខាង​ក្រុមហ៊ុន​សុំ​លាក់​សិន ដោយ​អាច​នឹង​បញ្ជាក់​​បន្ថែម​នា​ថ្ងៃ​ទី10 មេសា​ខាង​មុខ៕

Advertisement