គ្រាន់តែ​និយាយ​ជាមួយ​កូនតូច​ ក៏អាច​ជួយ​ឱ្យ​គេ​ក្លាយជា​មនុស្ស​ពូកែ​បាន​ដែរ​

វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ បាន​បង្ហាញ​ការស្រាវជ្រាវ​មួយ​ស្តី​ពី​ការអប់រំ​កុមារ​តូច​ថា​ គ្រាន់តែ​អាណាព្យាបាល​ឧស្សាហ៍​និយាយ​ ឬសន្ទនា​ជាមួយ​កូនតូច​ឱ្យ​បាន​ច្រើន​ក៏អាច​ជំរុញ​ការ​អភិវឌ្ឍ​ខួរក្បាល​របស់​ក្មេង​បាន​យ៉ាង​លឿន​ផង​ដែរ​។

អ្នក​វិទ្យាសាស្ត្រ​នៃ​ស្ថាប័ន​ចិត្តសាស្ត្រ​ MIT​, Psychological​ Science​ បាន​បង្ហាញថា​ការ​និយាយ​ជាមួយ​ក្មេង​ជា​រឿយ​ៗនឹង​ធ្វើ​ឱ្យ​ក្មេង​ក្លាយជា​មនុស្ស​ពូកែ​សន្ទនា​ ហើយក៏​ជួយ​អភិវឌ្ឍ​សមត្ថភាព​ជាច្រើន​ផ្សេងទៀត​ផង​ដែរ​ ជាពិសេស​ផ្នែក​ភាសា​។ កុមារ​ដែល​ឧស្សាហ៍​សន្ទនា​ជាមួយនឹង​មនុស្ស​ធំ​មាន​សមត្ថភាព​ចងចាំ​ និង​យល់​ពី​ការប្រើ​ប្រាស់​ពាក្យ​សំ​ខាន់​ៗបាន​ល្អ​ជាង​កុមារ​ដែល​មិនសូវ​និយាយ​ស្តី​ព្រោះ​តាមរយៈ​ការស្រាវជ្រាវ​បាន​បង្ហាញថា​ កុមារ​ចន្លោះ​ពី​ 4ឆ្នាំ​ ដល់6ឆ្នាំ​ដែល​បាន​និយាយ​ និង​ស្និទ្ធស្នាល​ជាមួយ​គ្រួសារ​ច្រើន​មាន​សមត្ថភាព​យល់​ពី​ពាក្យ​ វេយ្យាករណ៍​ និង​ផ្នែក​ផ្សេង​ៗនៃ​ភាសា​។

ការ​បកស្រាយ​របស់​អ្នក​ចិត្តសាស្ត្រ​កុមារ​បាន​បង្ហាញ​ផង​ដែរ​ថា​ អាណាព្យាបាល​ក៏អាច​បង្រៀន​កូន​ប្រកបដោយ​ប្រសិទ្ធភាព​ផង​ដែរ​បើ​ទោះបីជា​កូន​នោះ​មិនទាន់​ដល់​វ័យ​អាច​និយាយ​បាន​ក៏ដោយ​ ព្រោះ​ក្មេង​អាច​ព្យាយាម​ស្វែងយល់​បាន​តាមរយៈ​សំ​ឡេង​ដដែល​ៗ និង​ការ​ធ្វើមុខធ្វើមាត់​របស់​មនុស្ស​ធំ​ជាដើម​។

ផ្ទុយ​មកវិញ​ អាណាព្យាបាល​នា​ពេល​បច្ចុប្បន្ន​នេះ​បែរជា​មិនសូវ​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការសន្ទនា​ជាមួយ​កូន​ទៅវិញ​ ព្រោះ​មនុស្ស​ម្នា​ក់ៗ​មានការ​ងារ​ច្រើន​ត្រូវ​ធ្វើ​ប្រចាំថ្ងៃ​ ហើយ​មាន​អ្នកខ្លះ​ទៀត​បណ្តែតបណ្តោយ​ឱ្យ​កូន​រស់នៅ​ជាមួយ​បច្ចេកវិទ្យា​ច្រើនជ្រុល​ រហូត​ធ្វើ​ឱ្យ​ពួកគេ​ឃ្លាតឆ្ងាយ​ពីគ្នា​។ បញ្ហា​នេះ​ធ្វើ​ឱ្យ​កុមារ​អាច​ក្លាយជា​មនុស្ស​ធំ​ដែល​មាន​សមត្ថភាព​ភាសា​មិនល្អ​ សរសេរខុស​ច្រើន​ មានការ​លំបាក​ក្នុង​ការ​អាន​ និង​ស្តាប់​ចំណុច​សំ​ខាន់​ៗនានា​។ កត្តា​នេះ​អាច​ជា​គ្រោះថ្នាក់​មួយ​ដែល​ធ្វើ​ឱ្យ​កើតមាន​ជា​ក្តី​បារម្ភ​សម្រាប់​អនាគត​ធនធានមនុស្ស​ដែល​កំពុង​ត្រូវការ​ភាព​ប៉ិនប្រសប់​កាន់តែ​ខ្លាំង​។

ឪពុក​ម្តាយ​គួរ​នៅ​ក្បែរ​កូន​ឱ្យ​បាន​ច្រើន​បន្ទាប់ពី​ការងារ​ ឬយ៉ាង​ហោច​មាន​ពេលវេលា​ជជែក​ជាមួយ​កូន​ឱ្យ​បាន​ទៀងទាត់​រាល់ពេល​ល្ងាច​ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល​ បង្រៀន​កូន​ឱ្យ​ស្វែងយល់​ពី​ការរស់នៅ​តាមរយៈ​សកម្ម​ភា​ពស​ប្បា​យៗ​ និង​និយាយ​ជាមួយ​ពួកគេ​ឱ្យ​បាន​ច្រើន​ ប្រសិនបើ​ចង់​ឱ្យ​កូន​ៗក្លាយជា​មនុស្ស​ខ្លាំង​ម្នាក់​នៅ​ថ្ងៃ​អនាគត​។ សកម្មភាព​ទាំងអស់​នេះ​មិនមែន​ជា​រឿង​លំបាក​នោះ​ទេ​ តែ​វា​ជា​រឿង​សំខាន់​ដែល​មិន​គួរ​មើល​រំលង​៕

Advertisement