ការស្រាវជ្រាវ​បញ្ជាក់​ថា​ ក្មេង​ដែល​បាន​សិក្សា​ពី​ការ​គ្រប់​គ្រង​ស្ត្រេស​ និង​អប់រំ​ផ្លូវចិត្ត​ មាន​អនាគត​ល្អ​ជាង​ក្មេង​ទូទៅ​

ចរន្ត​ថ្មី​នៅ​លើស​កល​លោក​បច្ចុប្បន្ន​នេះ​កំពុង​ជំរុញ​មនុស្ស​ឱ្យ​ឈាន​មួយ​ជំហាន​ថ្មីទៀត​ ពី​ការសិក្សា​ដោយ​គ្រាន់តែ​ចូលរួម​ដោះស្រាយ​បញ្ហា​របស់​មនុស្ស​ឬក្លាយជា​អ្នកជំនាញ​ ទៅជា​បុគ្គល​ដែល​មាន​សេចក្តី​សុខ​ក្នុង​ការរស់នៅ​។

សាលា​នៅក្នុង​ប្រទេស​ជាច្រើន​ចាប់ផ្តើម​ទទួល​បានការ​បណ្តុះបណ្តាល​ផ្នែក​កាយសម្ព័ន្ធ​ ការ​សមាធិ និង​បង្រៀន​ពី​វិធី​សា​ស្រ្តល្អ​ៗក្នុង​ការគ្រប់គ្រង​ផ្លូវចិត្ត​ឱ្យ​មាន​របៀបរៀបរយ​ ហើយ​រក្សា​បាន​នូវ​ក្តី​ស្រឡាញ់​សម្រាប់​ការរស់នៅ​។ នៅ​ប្រទេស​អឺរ៉ុប​មួយចំនួន​ដូចជា​សាលា​ Robert​ W. Coleman​ ជាដើម​ បាន​ចាប់ផ្តើម​បន្ថែម​មុខវិជ្ជា​សំខាន់​មួយ​សម្រាប់​សិស្ស​ គឺ​ការគ្រប់គ្រង​ការដកដង្ហើម​ និង​ប្រមូល​ចិត្ត​ឱ្យ​ស្ងប់​មុន​ចាប់ផ្តើម​សិក្សា​មេ​រៀន​ផ្សេង​ៗ។

យោង​តាម​ការ​បង្ហាញ​របស់​សាលា​ខាងលើ​បាន​បញ្ជាក់​ថា​ ការ​ផ្តល់​ឱកាស​ឱ្យ​កុមារ​ចំណាយពេល​ប្រមាណ​ 15នាទី​ក្នុង​មួយថ្ងៃ​ដើម្បី​ធ្វើលំ​ហាត់​ Yoga​ និង​សមាធិ​ អាច​ធ្វើ​ឱ្យ​ការសិក្សា​របស់​សិស្ស​កាន់តែ​ប្រែប្រួល​។ ព្រោះថា​ សិស្ស​ក្មេង​ៗភាគច្រើន​អាច​មាន​អារម្មណ៍​គិត​ និង​ប្រែប្រួល​លឿន​ជាង​មនុស្ស​ធំ​ច្រើនដង​ ហើយ​ពេលខ្លះ​នៅពេល​ដែល​អារម្មណ៍​របស់​ពួកគេ​មិន​ស្ងប់​ នោះ​គេ​នឹង​ធ្វើ​ឱ្យ​លំហាត់​ ឬការងារ​សាលា​របស់​គេ​ខុស​ច្រើន​ តែ​ប្រសិនបើ​គេ​ប្រមូល​អារម្មណ៍​ និង​ផ្តោត​បាន​ល្អជា​មួយ​អារម្មណ៍​ស្រឡះ​ និង​រីករាយ​ គេ​អាច​សិក្សា​បាន​យ៉ាង​ស៊ីជម្រៅ​លើ​មេរៀន​ ហើយ​កាត់បន្ថយ​កំហុស​បាន​ច្រើន​។

លោកនាយក​សាលា​ Carillian​ Thompson​ ជា​រៀងរាល់​ 2ថ្ងៃ​ម្តង​ សិស្ស​ជាង​ 300នាក់​បាន​ចូលរួម​វគ្គ​អប់រំ​ផ្លូវចិត្ត​ (mindful​ moments​) ដើម្បី​សិក្សា​ពី​ការគ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ និង​បិទ​ឱ្យ​អស់​នូវ​ភាព​រញ៉េរញ៉ៃ​ដែល​ជា​ទម្លាប់​មិនល្អ​ក្នុង​ខួរក្បាល​ ហើយ​ប្រែក្លាយ​ជា​មនុស្ស​រីករាយ​បំផុត​ក្នុង​ការរស់នៅ​ និង​ការសិក្សា​។

វា​មិនមែន​ជា​រឿង​ងាយ​នោះ​ទេ​ក្នុង​ការ​បង្រៀន​កុមា​រតូចៗ​ឱ្យ​ប្រមូល​ចិត្ត​ឱ្យ​ស្ងប់​ ព្រោះ​ក្មេង​ជា​វ័យ​រពឹស​ ហើយ​ឆាប់​ភ្លេច​ តែ​អ្នកអប់រំ​មាន​វិធីសាស្ត្រ​ជំរុញ​ពួកគេ​ដោយ​ការបង្កើត​ជាសកម្ម​ភាព​រីករាយ​ និង​ខ្លី​ៗ ហើយ​បង្កើន​ឱ្យ​បាន​កាន់តែ​ច្រើន​ឡើង​ៗបន្តិច​ម្តង​ៗ រហូត​ពួកគេ​ចូលចិត្ត​ការ​ធ្វើស​មា​ធិ​ និង​ក្លាយជា​មនុស្ស​ដែល​មានទម្លាប់​រីករាយ​ជាមួយ​ភាព​មាន​របៀប​ផ្នែក​ផ្លូវចិត្ត​ដែល​នេះ​ជា​កត្តា​សំខាន់​ផង​ដែរ​ក្នុង​ការជំរុញ​សកម្មភាព​ពួកគេ​ឱ្យ​ក្លាយជា​មនុស្ស​ល្អ​ម្នាក់​នៅ​ថ្ងៃ​អនាគត​។

តាម​ការសង្កេត​របស់​អ្នក​ចិត្តសាស្ត្រ​ផ្នែក​អប់រំ​បាន​បញ្ជាក់​ថា​ កុមារ​ដែល​ធ្លាប់​ឆ្លងកាត់​វគ្គ​អប់រំ​ផ្លូវចិត្ត​នេះ​ភាគច្រើន​ចម្រើន​ធំធាត់​ឡើងជា​មួយ​ភាព​រីករាយ​ ទំនាក់ទំនង​ល្អ​ មាន​ភាព​ច្នៃប្រឌិត​ ហើយ​ថែមទាំង​អាច​ក្លាយជា​មនុស្ស​ដែល​ចេះ​ចាត់ចែង​បាន​ល្អ​នូវ​ហិរញ្ញវត្ថុ​ និង​គ្រប់គ្រង​ចំណង់​អវិជ្ជមាន​បាន​ខ្ពស់​ជាង​ក្មេង​ទូទៅ​ដែល​មិនបាន​អប់រំ​ចិត្ត​៕

Advertisement