ទោះមិនលួចមើលដោយផ្ទាល់ក៏អាច​ធ្លាក់បានដែរ អ្នកប្រឡងបាក់ឌុបសូមប្រយ័ត្ន

ក្រោយពេលមានកំណែទម្រង់​ប្រព័ន្ធអប់រំ ការប្រឡងបាក់ឌុប​បានចាប់ផ្តើម​រឹតបន្តឹងយ៉ាងខ្លាំង ​ដោយបេក្ខជន​ដែលធ្វើខុសនឹងវិន័យអាចប្រឈមជាមួយនឹងការធ្លាក់ ពិន័យ ឬ​បានពិន្ទុសូន្យលើវិញ្ញាសាណាមួយប្រសិនបើ​មិនបានដឹង​វិធីសាស្ត្រការពារខ្លួន ឬមិនគោរព​ទៅតាមបទ​បញ្ជាសំខាន់ៗមួយចំនួន។

ដើម្បី​ចៀសវាង​លើបញ្ហាទាំងអស់នេះ បេក្ខជន​ដែលត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិនា​ប៉ុន្មានថ្ងៃទៀត​នេះគួរយកចិត្តទុកដាក់​ចៀសវាង​ចំណុចមួយចំនួន​ដែល​អាចប៉ះពាល់ដល់ការប្រឡងរបស់ខ្លួន។

នាពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន​ និងកីឡា បាន​ផ្តល់និយមន័យ​ថា ការដែលមា​ន​ឯកសារ សំណៅ​ឯកសារ​សរសេរ​រូបមន្ត​លើ​បន្ទាត់ ឬ​ក្រដាស​ស​ដោយ​ ដែកចារ ការ​ចម្លង​រូបមន្ត ឬ​មេរៀន​នៅ​លើ​តុ​ទុកជា​មុន ការ​សរសេរ​លើ​បាតដៃ លើ​ភ្លៅ លើ​ទ្រនាប់​ជើង លើ​កន្សែង​ជូត​មុខ ក្នុង​បន្ទប់​ប្រឡង គឺរាប់ថាជាការលួច​ចម្លង​ដែលបេក្ខជនអាចប្រឈមជាមួយនឹង​ការកំណត់ឱ្យធ្លាក់ប្រសិនបើ​បេក្ខជន​ពុំព្រមប្រគលឯកសារ​ទាំងអស់នោះឱ្យទៅមេប្រយោគ។ មួយវិញទៀត ការចម្លងសំណៅកិច្ចការអ្នកដទៃ ឬ​យក​កិច្ចការអ្នកដទៃ​ដាក់នៅកន្លែងរបស់ខ្លួន​អង្គុយ ការអើតមើល​សន្លឹកកិច្ចការ​អ្នកដទៃ ការប្រើប្រាស់​ទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកនៅក្នុងបន្ទប់ប្រឡង​ក៏រាប់ថាជាការលួចចម្លងផងដែរ។ ក្រៅពីនេះក្រសួងក៏បានកំណត់ថាជាការលួចចម្លងដូចគ្នាចំពោះការដែលបេក្ខជន​អង្គុយខុស​លេខ​តុរបស់ខ្លួនដោយគ្មាន​ការអនុញ្ញាត​ពីអនុរក្ស​ ឬរំកិលមកអង្គុយ​កៀកអ្នកដទៃ រំកិលតុមកអង្គុយជាប់គ្នាខុសពីប្លង់កំណត់ដោយគណៈមេប្រយោគ ការបង្កឱ្យអ្នកដទៃចម្លង និងប្តូរ​សន្លឹក​កិច្ចការគ្នា ឬប្តូរក្រដាស​ព្រាងគ្នា ឬផ្ទៀងផ្ទាត់ចម្លើយគ្នា ឬចម្លងគ្នា​ជាក់ស្តែងជាដើម។

ករណីសំខាន់ៗមួយចំនួនខាងលើ​អាចនឹងត្រូវ​ពិន័យឱ្យទទួល​បានពិន្ទុសូន្យ និងបញ្ឈប់​មិនឱ្យប្រ​ឡងបន្តទៅទៀតក្នុងសម័យប្រឡងនេះ។ ហេតុនេះ​បេក្ខជនត្រូវខិតខំប្រឹងប្រែងប្រឡងដោយសមត្ថភាព​ខ្លួនឯងផ្ទាល់ ចៀសវាង​ត្រូវជួបបញ្ហា​ដោយ​នឹកស្មានមិនដល់៕

Advertisement