អ្នកជំនាញ ៖ វិស័យ​ទេសចរណ៍​កម្ពុជា​ត្រូវការ​ផលិតផល​ទេសចរណ៍​បន្ថែមទៀត

របាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ចកម្ពុជា​ដែល​ចេញផ្សាយ​ដោយ​ធនាគារពិភពលោក (World Bank) កាលពីពេលថ្មីៗនេះ បាន​លើកឡើងថា ការទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ឱ្យមក​ប្រទេស​របស់ខ្លួនកម្ពុជា​នៅ​ដើរ​ពីក្រោយ​ថៃ និង​វៀតណាម​ឆ្ងាយ​នៅឡើយ​ក្នុង​វិស័យ​ទេសចរណ៍។ ក្នុង​របាយការណ៍​បានបញ្ជាក់ថា “នេះ​បង្ហាញ​ពី​ការដែល​កម្ពុជា​មិនទាន់​ជោគជ័យ​ខ្លាំង និង​ខកខាន​មិនបាន​ទាញយក​ប្រ-យោជន៍​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ពី​ប្រទេសជិតខាង​ឱ្យ​បន្ត​ចូលមក​ប្រទេស​ខ្លួន​បាន​ច្រើន​នៅឡើយ”។

នៅ​ឆ្នាំ2017 កម្ពុជា​ស្រូប​បាន​ភ្ញៀវទេសចរ​អន្តរជាតិ 5.6លាន​នាក់ ខណៈ​ថៃ​ទទួលបាន​ទេសចរ 35.4លាន​នាក់ និង​វៀតណាម 12.9លាន​នាក់។ បើ​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​ប្រទេសជិតខាង​ទាំងនេះ​កម្ពុជា​ចាប់យក​ភាគរយ​ភ្ញៀវទេសចរ​បាន​ប្រមាណ​តែ 10%ប៉ុណ្ណោះ រីឯ​ភ្ញៀវទេសចរ​ដែល​ចូល​ពី​ប្រទេស​វៀតណាម​មកលេង​កម្ពុ​ជាមាន​ត្រឹមតែ 5%ប៉ុណ្ណោះ និង​ទេសចរ​ថៃ​ចូលមក​កម្ពុ​ជាមាន​ចំនួន13.5%។ នេះ​ជាការ​បង្ហាញ​នៅក្នុង​របាយការណ៍​នោះ។

របាយការណ៍​នោះ​នៅបាន​បង្ហាញ​ទៀតថា ច្រើនជាង 80%នៃ​ទេសចរ​បរទេស​ដែល​មក​កម្ពុជា គឺជា​ភ្ញៀវ​ថ្មី​សុទ្ធសាធ ឬ​ភ្ញៀវ​ដែល​មក​កម្ពុជា​លើកដំបូង។ នេះ​ក៏​ព្រោះ​ផលិតផល និង​គោលដៅ​ទេសចរណ៍​របស់​កម្ពុជា​នៅមានកម្រិត។ របាយការណ៍​បន្ថែមថាកម្ពុជា​អាច​រៀនសូត្រ​ពី​វៀតណាម ដែល​បាន​អនុវត្ត​កំណែទម្រង់​នៅ​ឆ្នាំ2016 និង​បានធ្វើឱ្យ​ទេសចរ​របស់គេ​កើន30%។ កំណែទម្រង់​ទាំងនោះ រួមមាន​ការអនុវត្ត​ច្បាប់​ទេសចរណ៍ គោលនយោបាយ​លើកទឹកចិត្ត​ការវិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍ និង​លើកកម្ពស់​ការបណ្ដុះបណ្ដាល​ធនធានមនុស្ស​ជាដើម។

ធនាគារពិភពលោក​បាន​បញ្ជាក់​នៅក្នុង​របាយការណ៍​របស់ខ្លួន​ថា កម្ពុជា​ត្រូវ​អភិវឌ្ឍ​យុទ្ធសាស្ត្រដើម្បី​ទាក់ទាញ​ទេសចរ​អន្តរជាតិ ព្រមជាមួយ​ការតភ្ជាប់​ទៅនឹង​ទីតាំង​ទេសចរណ៍សំខាន់ៗរបស់​ថៃ និង​វៀតណាម។

កម្ពុជា​គួរ​ចាំបាច់​ដាក់ចេញ​គោលនយោបាយ​ដើម្បី​ជំរុញ​កំណើន​ទេសចរឱ្យចំៗតែម្ដង។ របាយការណ៍​បានលើកឡើង​ដូច្នេះ​ថា៖ “គោលនយោបាយ​គួរតែ​មើល​ទៅលើ​ផ្នែក​នៃ​តម្រូវការ​លើសពី​អ្វីដែល​ផ្ដល់ឱ្យ​ទេសចរ​នៅ​ថៃ និង​វៀតណាម។ ទីផ្សារ​សក្ដានុពល​ទំនងជា​ត្រូវ​រួមបញ្ចូល​អេកូ​ទេសចរណ៍ ជាពិសេស​ទេសចរណ៍​បែប​ទស្សនា​សត្វព្រៃ ដើរ​ព្រៃ ឡើង​ភ្នំ ខណៈ​ទឹកដី​កម្ពុជា​គ្របដណ្ដប់​ដោយ​តំបន់​ឧទ្យាន និង​តំបន់​អភិរក្ស​យ៉ាង​ធំ ហើយ​ពោរពេញ​ដោយ​ជីវចម្រុះ”។

ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពេញលេញ​ពី​វិស័យ​ទេសចរណ៍ របាយការណ៍​នេះ​ស្នើឱ្យ​បង្កើន​សក្តានុពល​វិស័យ​ទេសចរណ៍ តាមរយៈ​ការបង្កើន​តំបន់​គោលដៅ និង​ផលិតផល​សម្រាប់អ្នកទេសច​រណ៍ និង​តាមរយៈ​ការតភ្ជាប់​ទំនាក់ទំនង​គ្រួសារ​នៅ​ជនបទ​ទៅនឹង​ខ្សែចង្វាក់​ផ្គត់ផ្គង់​វិស័យ​ទេសចរណ៍។ របាយការណ៍​នេះ​ក៏បានផ្តល់​អនុសាសន៍​ផងដែរ​ឱ្យ​ផ្តល់នូវ​ការគាំទ្រ​បន្ថែមទៀត​ដល់​កសិករ​នានា​ដែល​បាន​ទទួលរង​ផលប៉ះពាល់​ដោយសារតែ​តម្លៃ​កសិផល​ធ្លាក់ចុះ ដែល​កំពុងតែ​ខិតខំ​ស្វែងរក​ឱកាស​ប្រសើរ​ជាង​នេះ​ដើម្បី​ចូលទៅ​កាន់​ទីផ្សារ និង​បង្កើន​ផលិតកម្ម​ឱ្យបាន​ច្រើន​ប្រភេទ។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជាលោក ហូ វណ្ឌី បាន​ប្រាប់​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា លោក​ទទួលស្គាល់ថា កម្ពុជា​ពិតជា​សម្រេចបាន​កំណើន​ភ្ញៀវទេសចរ​មែន ដែល​ភាគច្រើន​ជា​ភ្ញៀវទេសចរ​ចិន។ លោក​បន្តថា៖ “គោលនយោបាយ​បើកចំហ​ជើងមេឃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល បានទទួល​ជោគជ័យ​ដែល​ធ្វើឱ្យ​ចំនួន​ក្រុមហ៊ុន​អាកាសចរណ៍ និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍​បាន​កើនឡើង​យ៉ាងគំហុក”។ តែ​លោក​បាន​បន្តថា អ្វីដែល WB និយាយ​នៅក្នុង​របាយការណ៍ គឺជា​រឿង​ដែល​យើង​ត្រូវ​យកចិត្តទុកដាក់ ព្រោះថា ចំណុច​ខ្វះខាត​ដែល​បានលើកឡើង​នោះ គឺ​មកពី​យើង​នៅ​ខ្វះ​ចំណុចសំខាន់ៗមួយចំនួន ចំណែកគេៗមាន​ចំណុច​ទាំងនោះដូច​ជាទី1-គេ​មាន​អាកាសចរណ៍​ជាតិ(Thai Airline, Vietnam Airline) មាន​មធ្យោបាយ​ដឹកជញ្ជូន​ផ្លូវ-អាកាស​របស់​ជាតិ។ ទី2-ការិយាល័យ​ទំនាក់ទំនង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ខ្លាំង​ក្លា។ ទី3-បណ្តាញ​មធ្យោបាយ​នៃ​ការតភ្ជាប់​ព័ត៌មាន​ទំនាក់ទំនង​ទេសចរណ៍​ច្រើន។ ទី4-បណ្តាញ​ត​ភ្ជាប់​មធ្យោបាយ​ធ្វើដំណើរ​សម្បូរបែប មាន​ផ្លូវដែក ផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស និង​ទី5-ការលើកទឹកចិត្ត​ដល់​ជនបរទេស​ជា​ភ្ញៀវទេសចរ។

លោក ហូ វណ្ឌី បាន​បញ្ជាក់ថា ទោះជា​យ៉ាងណា​បើ​និយាយ​ពី​ការផ្គត់ផ្គង់​ក្នុងស្រុក​យើង​មាន​ដូចគ្នាតំបន់​ទេសចរណ៍​យើង​មាន​ដូចគ្នា ក៏ប៉ុន្តែ​គេ​ឈានមុខ 5ចំណុច​ហ្នឹងឯង។ យើង​មិនទាន់មាន​អាកាសចរណ៍​ជាតិ និង​ការិយាល័យ​ផ្សព្វផ្សាយ​ពី​ទេសចរណ៍​ឱ្យបាន​ទូលំទូលាយ​ជាដើម។ ដូច្នេះ​យើង​ត្រូវ​ទទួលស្គាល់​ខ្លួនឯង​លើ​ចំណុច​ខ្វះខាត​នេះ។

ទោះជា​យ៉ាងណា លោក ហូ វណ្ឌី​បាន​មានប្រសាសន៍ថា៖“ក្នុងនាម​ជា​អ្នករកស៊ី​ទៀងត្រង់មិនត្រូវ “ហៃអើ អា​ជ័យ​ធ្លាក់ទឹក” នោះទេ ត្រូវ​ហ៊ាន​និយាយ​ការពិត ពី​ចំណុច​ដែល​យើង​ខ្វះខាត”។ តែ​កម្ពុជា​ត្រូវបាន​មើលឃើញថា បានធ្វើ​ច្រើន​ហើយទាំង​ឯកជន​ក្តី ស្ថាប័នរដ្ឋ​ក្តី ពិសេស​បញ្ហា​សណ្តាប់ធ្នាប់​សាធារណៈ អនាម័យ​ដែល​បាន​ពង្រីក និង​ពង្រឹង​គួរឱ្យកត់សម្គាល់ តែ​ក៏​សូម​សំណូមពរ​ដល់​រដ្ឋាភិបាលជាពិសេស​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ និង​ស្ថាប័ន​ជំនាញ​ត្រូវ​រៀបចំ​អភិវឌ្ឍ​រមណីយដ្ឋាន​ទេសចរណ៍ និង​ផលិតផល​ទេសចរណ៍​បន្ថែម​ទៀតផង​ដែរ។

យោងតាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​កម្ពុជា បាន​បង្ហាញថា ក្នុង​រយៈពេល 9ខែ ឬ3ត្រីមាស​នៃ​ឆ្នាំ2018 នេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​មកលេង​នៅតាម​តំបន់​រមណីយដ្ឋាន​នានា​ចំនួន 4,376,033នាក់។ ខណៈដែល 3ត្រីមាស​កាលពី​ឆ្នាំ2017 ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា​នៅ​កម្ពុ​ជាមាន​ចំនួន 3,912,761នាក់។ នេះ​បង្ហាញឱ្យឃើញថា មានការ​កើនឡើង​ប្រមាណ11,8%។

របាយការណ៍​បានបង្ហាញ​ទៀតថា ក្នុងចំណោម​ភ្ញៀវទេសចរ​បរទេស​ទាំង​ជាង 4លាន​នាក់​ដែល​មកដល់​កម្ពុជា​នោះ គេ​សង្កេតឃើញ​មាន​ភ្ញៀវ​ចូល​តាម​ច្រក​អាកាសយានដ្ឋាន​ទាំង3 មាន​ចំនួន​ច្រើនជាងគេ​រហូតដល់​ទៅ 2,958,921នាក់ ឬ​ប្រមាណ​ជា 67%ឯណោះ។ ក្នុងនោះ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​អន្តរជាតិ​ច្រើនជាងគេ គឺមាន​ចំនួន1,432,499នាក់។ ចំណែក​ភ្ញៀវ​ដែល​ចូល​តាម​ច្រកព្រំដែន​គោក និង​ទឹក មាន​ចំនួន 1,417,112នាក់។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានលើកឡើង​កាលពីពេល​កន្លងមក​ថា ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​មក​លេង និង​ស្នាក់នៅ​កម្ពុជា​បានយូរ ក្រសួង​បាន​ស្វែងរក និង​បង្កើត​រមណីយដ្ឋាន​បន្ថែ​ម​ទៀត ដូចជា​នៅតាម​បណ្ដា​កោះ​ក្នុងប្រទេស​កម្ពុជា និង​រមណីយដ្ឋាន​ធម្មជាតិ ដែលមាន​សក្ដានុពល។

ឯកឧត្តម​រដ្ឋមន្ត្រី​បន្ដថា កម្ពុជា​តែង​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​នានា​ដើម្បីឱ្យ​ភ្ញៀវ​បាន​កម្សាន្ត​សប្បាយ​ដូចជា ពិធីបុណ្យ​សមុទ្រ បុណ្យ​ទន្លេ និង​បុណ្យ​មហាសង្ក្រាន្ត​នៅ​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ​ជាដើម។ មិនតែប៉ុណ្ណោះ ពិធីបុណ្យ​ទាំងនេះ​ក៏បាន​ដាស់សតិ​អារម្មណ៍​ពលរដ្ឋ​ខ្មែរ​ឱ្យ​ចេះ​ថែរក្សា​បរិស្ថាន​ដើម្បី​ទទួលបាន​ប្រយោជន៍​ពី​សមុទ្រ និង​ទន្លេ ដែលជា​សម្បត្តិ​ធម្មជាតិ​របស់​កម្ពុជា​ផងដែរ។

ឯកឧត្តម​បញ្ជាក់ថា៖ “នៅ​ឆ្នាំ2018 កម្ពុជា​រំពឹង​នឹង​ទទួលបាន​ភ្ញៀវ​អន្តរ​ជាតិប្រមាណ 6.2លាន​នាក់​ និង​ប្រមាណ 7លាន​នាក់​នៅ​ឆ្នាំ2020 និង​នាំមក​នូវ​ចំណូល​សរុប​ប្រមាណ 5ពាន់​លាន​ដុល្លារ​អាមេរិក និង​បង្កើត​នូវ​ឱកាស​ការងារ​បាន​ប្រមាណ​ជា 1លាន​នាក់។ ក្នុង​ឆ្នាំ2030 កម្ពុជា​ក៏​គ្រោង​នឹង​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិ​ឱ្យបាន 15លាន​នាក់ ដោយ​រំពឹងថា ចំណូល​ពី​វិស័យនេះ​នឹងមាន​ប្រមាណ​ជា 10ពាន់-​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ប្រមាណ 2លាន​នាក់​ជូន​ពលរដ្ឋ​ក្នុងស្រុក”៕

Advertisement