អ្នកជំនាញ​បង្ហាញ​ពី​មូលហេតុ​ដែល​កម្ពុ​ជាមាន​អត្រា​អត់​ការងារ​ធ្វើ​តិច

ភាព​គ្មាន​ការងារ​ធ្វើ ឬ​និកម្មភាព (Unemployment) នៅ​កម្ពុជា​ត្រូវបាន​ស្ថាប័ន​អន្តរជាតិ​មួយចំនួន រួមទាំង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បង្ហាញថា មាន​ចំនួន​តិចជាង 1% ដែល​ចំណុច​ទាំងអស់នេះ​បានបង្ហាញ​ពី​វឌ្ឍនភាព​របស់​សង្គម តែ​ក៏មាន​ប្រតិកម្ម​មួយចំនួន​ពាក់ព័ន្ធ​នឹង​ចម្ងល់​ពី​និយមន័យ​នៃ​ការកំណត់​ពី​ភាព​គ្មាន​ការងារ​ធ្វើ​នេះ។

នៅ​ព្រឹក​ថ្ងៃទី29 ខែសីហា ឆ្នាំ2017 នេះ នៅ​ទីស្តីការក្រសួង​ព័ត៌មាន បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី «ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ឆ្នាំ2016-2025» ដោយមាន​អ្នកជំនាញ​មកពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្វើ​បទ​បង្ហាញ​ពី​ចំណុចសំខាន់ៗជាច្រើន​ស្តីពី​ការ​គាំពារ​សង្គម ដែលមាន​លក្ខណៈ​ជិត​សិ្ន​ទ្ធ​ជាមួយនឹង​វិស័យ​ការងារ​នៅ​កម្ពុជា​លើ​គ្រប់​វិស័យ។

នៅក្នុង​សិក្ខាសាលា​នោះ លោក ទូច ម៉េង​ឡេង វាគ្មិន​មកពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានលើកឡើង​ក្នុង​បទ​បង្ហាញថា និកម្មភាព (Unemployment) សំដៅ​ទៅលើ​ជន​ដែលមាន​សមត្ថភាព​ការងារ តែ​មិនអាច​រក​ការងារ​ធ្វើបាន។ និកម្មភាព នៅ​កម្ពុជា​បើតាម​អង្គការ​ពលកម្ម​អន្តរជាតិ បានបង្ហាញ​ថា​មាន​ចំនួន​ប្រហែលជា 0.7% តែប៉ុណ្ណោះ​ព្រោះ​បើតាម​និយមន័យ​នេះ គឺ​វា​ជា​ស្ថានភាព​ជាក់ស្តែង​ដែល​ប្រជាជន​កម្ពុជា​គ្រប់គ្នា​មានការ​ងារ​ធ្វើ គ្រាន់តែ​ក្នុង​ចំនួន​ប្រជាជន​ដែលមាន​ការងារ​ធ្វើ​ទាំងអស់នោះ​ធ្វើការ​ក្នុង​ប្រព័ន្ធ​ខ្លះ និង​ធ្វើការ​ក្រៅ​ប្រព័ន្ធ​ខ្លះ។

បង្ហាញ​ពី​ចំណុច​នេះ​ផងដែរ លោក ប៊ូ ច័ន្ទ​ភី​រូ ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញថា​តាមពិត​ប្រជាជន​កម្ពុជា​ភាគច្រើន​មានការ​ងារ​ធ្វើ គ្រាន់តែ​ប្រជាជន​ដែល​ធ្វើ​ការងារ​នៅក្នុង​ប្រព័ន្ធ​មាន​ចំនួន​តិចជាង​ប្រជាជន​ដែល​ធ្វើ​ការងារ​នៅក្រៅ​ប្រព័ន្ធ។ ការងារ​ក្នុង​ប្រព័ន្ធ គឺ​សំដៅលើ​ការងារ​មួយចំនួន​ដូចជា​ការងារ​ក្នុង​ក្រុមហ៊ុន ការងារ​សេវាកម្ម ឬ​ផលិតកម្ម​មួយចំនួន ហើយ​ការងារ​ក្រៅ​ប្រព័ន្ធ​គឺ​សំដៅលើ​ការងារតូចៗដូចជា​របរ​រត់​ម៉ូតូឌុប ធ្វើ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ ឬ​ការងារ​មួយចំនួន​ផ្សេងទៀត​ដែល​មិន​ស្ថិតក្នុង​ប្រព័ន្ធ​ការងារ​ដែល​ត្រូវ​បង់​ភាគទាន​ចូល​រដ្ឋ។

លោក ប៊ូ ច័ន្ទ​ភី​រូ បានលើកឡើង​ផងដែរ​ថា នៅ​កម្ពុជា​ដោយសារ​តែមាន​មនុស្ស​បម្រើ​ការងារ​នៅក្រៅ​ប្រព័ន្ធ​ច្រើន​ជាម​នុស្ស​ដែល​បម្រើ​ការងារ​នៅក្នុង​ប្រព័ន្ធ ហេតុនេះ​ស្ថាប័ន​គាំពារ​សង្គម​ក៏មាន​ការពិបាក​ផងដែរ ព្រោះ​មនុស្ស​ដែល​ត្រូវ​បង់​ភាគទាន​ចូល​រដ្ឋ​តិច ខណៈ​មនុស្ស​ដែល​ពិបាក​គ្រប់គ្រង​ការបង់​ភាគទាន​មាន​ចំនួន​ច្រើន។ កត្តា​នេះ ជា​កត្តា​ប្រឈម​មួយ​ដែល​ត្រូវ​គិតគូរ និង​ដោះស្រាយ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​រដ្ឋាភិបាល កំពុង​ព្យាយាម​ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម​នៅ​កម្ពុជា​ឱ្យ​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​អ្នកធ្វើការងារ​ទាំង​អស់​នៅ​កម្ពុជា ជាពិសេស​អ្នកធ្វើការងារ​នៅក្នុង​ប្រព័ន្ធ៕

Advertisement