កំណត់ហេតុប្រចាំថ្ងៃ មានគុណសម្បត្តិយ៉ាងអស្ចារ្យ ដែលគ្រប់គ្នាមិននឹកស្មានដល់

កំណត់ហេតុប្រចាំថ្ងៃ គឺជារឿងដែលយុវជនភាគច្រើនចូលចិត្តធ្វើ តែក៏មានយុវជនមិនតិចដែរដែលចាប់ផ្តើមសរសេរវាហើយបោះបង់ចោលវិញ។ មានអ្នកខ្លះសរសេរកំណត់ហេតុប្រចាំថ្ងៃដើម្បីកត់ត្រាពីអារម្មណ៍ និងលទ្ធផលការងារ ឬដើម្បីតែបញ្ចេញនូវការព្រួយបារម្ភ ក៏ដូចជាភាពសប្បាយក្នុងចិត្តទៅក្នុងអត្ថបទប៉ុណ្ណោះ។ ទម្លាប់នៃការសរសេរកំណត់ហេតុប្រចាំថ្ងៃត្រូវបានអ្នកស្រាវជ្រាវផ្នែកអប់រំផ្លូវចិត្តរកឃើញថា វាបានផ្តល់ផលវិជ្ជមានជាច្រើនដល់ការគិត និងបង្កើនភាពស្វាហាប់ក្នុងជីវិត។

១. កំណត់ហេតុព្យាបាលរបួសស្នាមក្នុងចិត្ត
នៅពេលដែលមនុស្សម្នាក់មានការឈឺចាប់ ឬមានបញ្ហាអ្វីមួយកើតឡើង ពួកគេត្រូវការបំផុតក្នុងការបញ្ចេញរឿងនោះពីក្នុងខ្លួនទៅឱ្យអ្នកដទៃបានដឹង។ ជាធម្មតា មនុស្សចូលចិត្តស្តាប់រឿងសប្បាយៗ ហើយក៏គ្មានមនុស្សណាម្នាក់សុខចិត្តស្តាប់រឿងរ៉ាវក្នុងចិត្តរបស់មនុស្សម្នាក់ទៀតជារៀងរាល់ពេលនោះដែរ ព្រោះវាសុទ្ធសឹងជារឿងដែលនាំឱ្យឈឺក្បាល តែកំណត់ហេតុគឺអាចនៅជាមួយអ្នកគ្រប់ពេលវេលា។ នៅពេលដែលមានការមិនសប្បាយចិត្ត ជួបរឿងភ្ញាក់ផ្អើលក្នុងជីវិត និងមានការតក់ស្លុតបន្ទាប់ពីបានឃើញរឿងដែលពិបាកទទួលយកក្នុងជីវិត អ្នកអាចសរសេរវាក្នុងសៀវភៅកំណត់ហេតុដើម្បីឱ្យរឿងរ៉ាវទាំងអស់នោះវាបានចេញពីក្នុងខ្លួន ហើយវាក៏ធ្វើឱ្យអ្នកមានភាពធូរស្រាលក្នុងចិត្តដែរ។ គុណសម្បត្តិនេះផងដែរ ក៏អាចជំរុញឱ្យអ្នកស្ងប់អារម្មណ៍ ហើយធ្វើឱ្យមានអារម្មណ៍រឹងមាំដើម្បីបន្តគិតពីរឿងវិជ្ជមានរហូតបង្កើតជាសកម្មភាពប្រកបដោយគុណតម្លៃក្នុងជីវិត។

២. កំណត់ហេតុជួយឱ្យខួរក្បាលមានរបៀបរៀបរយ និងឆ្លាតជាងមុន
ការសរសេរកំណត់ហេតុ ជារឿងពេញនិយមមួយរបស់សិស្សនិស្សិតដែលពូកែ និងបុគ្គលិកដែលមានគំនិតអភិវឌ្ឍន៍ច្រើននៅក្នុងក្រុមហ៊ុន ព្រោះទម្លាប់នៃការកត់ត្រាសមិទ្ធផលដែលអាចធ្វើបាន រួមទាំងបញ្ហាដែលបានកើតឡើងអាចជួយឱ្យមនុស្សស្ងប់ចិត្ត ហើយងាយរកឃើញឡើងវិញពីប្រភពនៃបញ្ហា។ នៅពេលដែលមនុស្សណាម្នាក់មានអារម្មណ៍ស្ងប់ ហើយរកឃើញប្រភពនៃបញ្ហាដែលយាយីដល់ការងារ និងដំណើរជីវិត ពួកគេនឹងអាចរកឃើញដោយងាយនូវដំណោះស្រាយឆ្លាតវៃដើម្បីជម្នះវាឱ្យបាន។ អ្នកដែលសរសេរកំណត់ហេតុប្រចាំថ្ងៃ ភាគច្រើនជាអ្នកដែលមើលឃើញពីដំណោះស្រាយលើបញ្ហាខ្ពស់ជាងមនុស្សធម្មតា ព្រោះរាល់បញ្ហាអវិជ្ជមាននៅក្នុងគំនិតរបស់គេត្រូវបានកត់ត្រាទុកយ៉ាងរៀបរយ ដែលអាចអនុញ្ញាតឱ្យគាត់មានពេលគិតពីវិធីជម្នះវាបានល្អ។

៣. កំណត់ហេតុប្រចាំថ្ងៃជាភស្តុតាងសម្រាប់ជីវិត
មនុស្សតែងតែសោកស្តាយជាមួយនឹងរឿងរ៉ាវអាម៉ាសនៅក្នុងជីវិតនាពេលអតីតកាល តែក៏ចង់បង្ហាញពីការខិតខំប្រឹងប្រែង និងមោទនភាពនៃជីវិតទៅកាន់អ្នកដទៃផងដែរ។ ការសរសេរសៀវភៅកំណត់ហេតុបានធ្វើឱ្យមនុស្សមួយចំនួនក្លាយជាអ្នកល្បីល្បាញបាន ហើយក៏ធ្វើឱ្យមេរៀនជីវិតដែលបានកត់ទុកនោះក្លាយជាគំរូនៃការរៀនសូត្រសម្រាប់មនុស្សដទៃផងដែរ។
ហេតុនេះការសរសេរសៀវភៅកំណត់ហេតុ គឺជាភស្តុតាងសំខាន់បំផុតមួយដែលអាចអប់រំមនុស្ស រួមទាំងជាមោទនភាពមួយសម្រាប់ជីវិតខ្លួនឯងទៀតផង៕

Advertisement