ចិត្តសាស្ត្រទំនាក់ទំនង បង្កើនគុណភាពជីវិតរបស់ប្រជាជនខ្មែរ

គ្មានមនុស្សណាម្នាក់អាចរស់នៅតែម្នាក់ឯងបានទេនៅលើលោកយើងនេះ ហេតុនេះមនុស្សកើតមកជាមួយនឹងទំនាក់ទំនង តាំងពីដើមរហូតមកដល់បច្ចុប្បន្ន។ ទំនាក់ទំនងមានសារៈសំខាន់ណាស់ ព្រោះប្រសិនបើ​មនុស្សបង្កើតទំនាក់ទំនងល្អ វានឹងផ្តល់ផលវិជ្ជមាន​មកដល់ខ្លួនយើងយ៉ាងច្រើន ដូចជាសុភមង្គលក្នុងគ្រួសារ ភាពជោគជ័យក្នុងការងារ អាជីវកម្ម និងក្នុងសង្គម តែប្រសិនបើ​យើងមិនមានការប្រុងប្រយ័ត្ន ហើយបណ្តោយឱ្យគ្រប់ទំនាក់ទំនងកើតឡើងដោយភាពមិនល្អវិញ វានឹងអាចបំផ្លាញជីវិតរបស់យើងឱ្យជួបវិបត្តិម្តងហើយម្តងទៀតជាក់ជាមិនខាន។

ដោយមើលឃើញពីគុណសម្បត្តិនៃការ​ទំនាក់ទំនងនេះហើយ ទើប​ក្រុមយុវជនមួយដែលមានឈ្មោះថា Daily Plus បានបង្កើត​កម្មវិធីបណ្តុះបណ្តាលមួយដែលមានឈ្មោះថា «ចិត្តសាស្រ្តទំនាក់ទំនង» ដើម្បី​ជាទុននៃការពិចារណា ក៏ដូចជាចំណេះដឹង​សម្រាប់ប្រជាជនកម្ពុជាឱ្យ​បង្កើតទំនាក់ទំនងកាន់តែល្អឡើង។

លោក ពេជ្រ វិសាល ស្ថាបនិករបស់ Daily Plus បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលស្តីពី «ចិត្តសាស្ត្រទំនាក់ទំនង» ត្រូវបានបង្កើតឡើង​ក្នុងគោលបំណង​ផ្តល់ឱកាសឱ្យយុវជន អាចអភិវឌ្ឍ​ខ្លួនឯង​លើផ្នែកទំនាក់ទំនង​ដើម្បីឈានទៅដល់ភាពជាបុគ្គលដែលពោរពេញទៅដោយសមត្ថភាពសម្រាប់ចូលរួមចំណែកជួយដល់សង្គមរបស់យើងទាំងអស់គ្នា។

លោក វិសាល បានលើកឡើងថា៖ «តាមរយៈសិក្ខាសាលានេះ យុវជន​នឹងមានសមត្ថភាពក្នុងការទំនាក់ទំនងតាមរយៈការទទួលយកចំណេះដឹង គន្លឹះសំខាន់ៗ និងបទពិសោធ​តាមរយៈ​គ្រូបង្វឹក​ដែលមានជំនាញ និងជោគជ័យ​ក្នុងអាជីវកម្ម»។​

វាគ្មិនដែលបានចូលរួមក្នុងវេទិកាយ៉ាងមានសារៈសំខាន់នេះ មានដូចជាលោកឧកញ៉ា ជា ដែន អគ្គនាយក​ក្រុមហ៊ុនសម្ព័ន្ធ វ៉ា​ន់ សុភី គ្រុប លោកឧកញ៉ា តាំង ណាំស្រ៊ុន អគ្គនាយក​ក្រុមហ៊ុន ហង្សនាគ និងលោក កែវ ឡង់ឌី នាយក​អភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន Baby Outlet Cambodia៕

Advertisement