ការអានលើឯកសារបោះពុម្ព និងការអានលើប្រព័ន្ធបច្ចេកវិទ្យាមួយណាល្អជាង?

មនុស្សភាគច្រើនគ្រប់គ្នាសរសើរបច្ចេកវិទ្យាដែលអាចបង្កើត PDF អាច​មានកម្មវិធីអាន និងអាច​ធ្វើឱ្យយើងទទួលបានចំណេះដឹងច្រើន ខណៈដែលពេលមុនមិនធ្លាប់មាន។ បណ្ណាល័យ​មួយអាចដាក់សៀវភៅបានច្រើន ឬតិចគឺអាស្រ័យលើទំហំនៃអាគារ តែពេលនេះកាន់តែទូរស័ព្ទ ឬកុំព្យូទ័រមួយ អាចដាក់បណ្ណាល័យមួយតាមខ្លួនដោយលែងបារម្ភ។

ទន្ទឹមនឹងមានចំណុចល្អនេះ មនុស្សមួយចំនួនធំ បានលើកឡើងថាទូរស័ព្ទ និងកុំព្យូទ័ររបស់គាត់មានសៀវភៅច្រើន​ តែពេលខ្លះពិបាកអាន។ ពិបាកមិនមែនមកពីគាត់មិនទាន់ទម្លាប់ជាមួយនឹងបច្ចេកវិទ្យា ឬមកពី Screen ខុសពីសៀវភៅនោះទេ តែពិបាកត្រង់​ការគ្រប់គ្រងចិត្តខ្លួនឯង។ នៅពេលដែលកាន់ឧបករណ៍អេឡិចត្រូនិចដើម្បីអាន មានរឿងជាច្រើនបានលោតឡើងស្របពេលដែលគាត់អាន ហើយធ្វើឱ្យចិត្តគាត់ចង់បើកមើល ចង់ដឹងពីហេតុការណ៍នៃ notification ដែលបានលោតឡើងនោះ ហើយក៏ចង់​ចូលទៅកាន់កម្មវិធីកម្សាន្តជាច្រើនទៀតនៅក្នុងដៃរបស់គាត់។

ជាដំណោះស្រាយនៃបញ្ហាខាងលើនេះ មានមនុស្សមួយចំនួនបានឱ្យយោបល់ថា​គ្រាន់តែបិទ Internet នៅពេលដែលយើងកំពុងអានសៀវភៅជាការស្រេច តែមានអ្នកខ្លះលើកឡើងថា បើទោះបីជាគ្មាន Internet ក៏ដោយ គាត់ក៏នៅតែពិបាកដែរ ព្រោះ​មានកម្មវិធីដែលគាត់ជក់ចិត្តច្រើនណាស់នៅក្នុងដៃរបស់គាត់ ហើយរង់ចាំឱ្យ​គាត់ទៅបើកវាមើល។

ជារួមគឺ បច្ចេកវិទ្យាល្អ តែមកពីមនុស្សខ្លួនឯងគ្រប់គ្រងវាមិនបានល្អ។ សំណួរសួរថា ចុះបើពិបាកគ្រប់គ្រងម្លឹងៗ ម្តេចក៏មិនប្រើវាឱ្យមានតុល្យភាព? កុំបដិសេធការប្រើបច្ចេកវិទ្យា តែក៏កុំភ្លេចការមើលឯកសារបោះពុម្ព៕

Advertisement