សូមផ្អាកលេង Facebook ហើយងាកមក ប្រើវាឱ្យត្រឹមត្រូវបើមិនចង់ធ្លាក់បាក់ឌុប

នៅក្នុងសម័យបច្ចេកវិទ្យានេះ​ សិស្សស្ទើរតែ100% មានប្រើប្រាស់ទូរស័ព្ទទំនើប និងបណ្តាញសង្គម ដែលវាអាចផ្តល់ទាំងគុណសម្បត្តិ និងគុណវិបត្តិដល់ពួកគេយ៉ាងច្រើន។ មានសិស្សមិនតិចទេដែល​បានជ្រុលខ្លួន​លេងបណ្តាញសង្គម​ច្រើន​ហួសហេតុរហូតដល់ធ្វើឱ្យ​ការសិក្សារបស់ខ្លួនត្រូវធ្លាក់ចុះ ឬ​ចំណាយពេលវេលាច្រើនហួសក្នុងការ​ប្រើប្រាស់ Facebook ហើយទើបភ្ញាក់ខ្លួនពេលជិតប្រឡង ហេតុនេះ​ដើម្បីស្តារស្ថានការណ៍​មុនពេលប្រឡងនេះ ពួកគេអាចកែប្រែស្ថានការណ៍អាក្រក់បានខ្លះ ដោយការ​បង្វែ​ទិសដៅពីការប្រើប្រាស់បណ្តាញសង្គម​បែបអវិជ្ជមាន​មកប្រើដើម្បីជួយដល់ការសិក្សាវិញ។

ស្របពេលជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា រួមទាំង​អ្នក​អប់រំជាច្រើន​បាន​ចែករំលែកឯកសារយ៉ាងទូលំទូលាយ​តាមបណ្តាញបច្ចេកវិទ្យាដោយប្រភពព័ត៌មានសំខាន់ៗទាំងអស់នោះសុទ្ធតែ​ចំណុចប្រកបដោយគុណតម្លៃសម្រាប់ការត្រៀមប្រឡង។ លើសពីនេះទៅទៀត ក្រសួងអប់រំ ក៏បានដាក់ចេញនូវកម្មវិធីធ្វើតេស្តសាកល្បងសមត្ថភាពដោយខ្លួនឯងផ្ទាល់​តាមបណ្តាញ​បច្ចេកវិទ្យា និងសៀវភៅ​ជំនួយ​ដល់សិស្សស្ទើរជារៀងរាល់ថ្ងៃនៅក្នុងទំព័រ Facebook ផ្លូវការរបស់ក្រសួង ដែលសិស្សអាចទាញយក​ទៅប្រើប្រាស់បាន។ ម្យ៉ាងវិញទៀត មាន​អ្នកអប់រំ​ជាច្រើន​ក៏​បានដាក់បញ្ចូលនូវ​វិញ្ញាសាប្រឡង ឬឯកសារដែល​ធ្លាប់ប្រឡងពីឆ្នាំមុនៗ ជាមួយ​នឹងការពន្យល់​សម្រាប់ជួយដល់សិស្ស​ដើម្បីស្វែងយល់មុនពេលប្រឡង។

រដ្ឋមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ ជួនណារ៉ុន បានលើកឡើងថាកាលពីមុន​យើងចងក្រងឯកសារ ឬស្រាវជ្រាវ​តាមបែបបុរាណដែលធ្វើឱ្យមានការពិបាកស្វែងរក​ តែបច្ចុប្បន្ននេះ​បច្ចេកវិទ្យាមានការរីកចម្រើន​ ហេតុនេះស្ថាប័ន​អប់រំក៏បានប្រើប្រាស់បច្ចេកវិទ្យា​ដើម្បី​ជួយសម្រួលដល់ការសិក្សារបស់សិស្សឱ្យកាន់តែមានភាពងាយស្រួលក្នុងការស្វែងរកឯកសារ និងយល់កាន់តែច្បាស់ពីការអនុវត្តជាក់ស្តែង។ ហេតុនេះយុវជន​កម្ពុជា​គួរ​បង្វែរពេល​ប្រើប្រាស់បណ្តាញ សង្គមដើម្បី​ជំនួយដល់ការសិក្សា ព្រោះ​ការសិក្សាតាម​បច្ចេកវិទ្យា​អាចធ្វើឱ្យសិស្សចំណេញពេលវេលាច្រើនណាស់។ តាមរយៈបច្ចេកវិទ្យាសិស្សមិនចាំបាច់អង្គុយរៀន​ជាមួយគ្រូគ្រប់ពេលនោះទេ ហើយសិស្សក៏អាច​ទាញយកឯកសារ​បានងាយស្រួល​ ដោយមិនចំណាយលុយ និងមានភាពទូលំទូលាយថែមទៀតផង។

អតីតសិស្សនិទ្ទេស A យុវជន ហេង គីមហុង បានលើកឡើងថា​ សិស្សគួរបង្វែរពេលលេងបណ្តាញសង្គម មកប្រើប្រាស់វាឱ្យមានប្រសិទ្ធភាព​ដើម្បីជាជំនួយដល់ការសិក្សាវិញ ព្រោះ​ប្រសិនបើយើង​មិនចេះប្រើប្រាស់បណ្តាញសង្គម វានឹងក្លាយជាគ្រឿងរំខានខ្លាំងដល់ការសិក្សា និងថែមទាំងធ្វើឱ្យយើងខាតបង់ពេលវេលាច្រើនឥតប្រយោជន៍ថែមទៀតផង។ ផ្ទុយមកវិញ ប្រសិនបើយើង​ចេះប្រើប្រាស់​បណ្តាញសង្គម​ត្រឹមត្រូវ យើងនឹងចំណេញពេលវេលា​ច្រើន​ ហើយថែមទាំងអាច​រក​ឃើញគន្លឹះល្អៗជាច្រើន​ដែលអាចដោះស្រាយចម្ងល់​ដែលយើងធ្លាប់មាន​បានយ៉ាងល្អទៀតផង។

យុវជន ហេង គីមហុង បាននិយាយថា៖ “​ការសិក្សា ជាពិសេស​ផ្នែកវិទ្យាសាស្រ្តពិត ចាំបាច់ត្រូវការយល់ឱ្យកាន់តែច្បាស់ពី​ហេតុផល​ និងឫសគល់សំខាន់ៗនៃមេរៀន​ មុននឹង​អាចយករូបមន្តមកប្រើប្រាស់បាន ហើយជាធម្មតា​នៅក្នុងការសិក្សា​នៅសាលាយើងមិនសូវបាន​អនុវត្ត ឬពិសោធជាក់ស្តែងនោះទេ ហេតុនេះ​ប្រសិនបើយើងចេះប្រើប្រាស់បណ្តាញសង្គមឱ្យ​ត្រឹមត្រូវ យើងនឹងអាចស្វែងរកប្រភពវីដេអូដែលមានការពន្យល់លម្អិតបានយ៉ាងលឿន និង​មានប្រសិទ្ធភាព”។

អតីតសិស្សពូកែខាងលើបានលើកឡើងផងដែរថា ម្យ៉ាងវិញទៀត ដោយសារតែ​បច្ចុប្បន្ននេះ​យុវជនជាច្រើនចេះភាសាអង់គ្លេស វាកាន់តែមានភាពងាយស្រួលថែមទៀតក្នុងការស្រាវជ្រាវ។ នៅពេលដែលយើងមើលមេរៀន ឬមិនយល់ត្រង់ចំណុចណានោះ ពីមុនយើងចាំបាច់ត្រូវ​រកគ្រូ ឬសិស្សច្បងដើម្បីសួរ ហើយប្រសិនបើគ្មានពួកគេទេនោះ យើងនឹងមិនអាចរៀនទៅមុខនោះទេ។ តែឥឡូវនេះមិនដូចពីមុននោះទេ រាល់ពេលដែលយើងឆ្ងល់នៅកន្លែងណាមួយ ហើយត្រូវការពន្យល់ យើងអាចស្រាវជ្រាវ​រក​សេចក្តីពន្យល់បានយ៉ាងលម្អិតពីមេរៀននីមួយៗ។ នៅពេលដែលបច្ចេកវិទ្យាដើរលឿន ការសិក្សាក៏កាន់តែងាយស្រួល និងសម្បូរបែបដូចគ្នា តែគួរឱ្យស្តាយ ដោយសារតែមានសិស្សជាច្រើនមិនព្រមធ្វើវាឱ្យមានប្រយោជន៍៕

Advertisement