សិស្សភាគច្រើនមិនចូលចិត្តរៀនបច្ចេកទេស ទោះអាជីពនេះមានប្រាក់ខែច្រើនក៏ដោយ

ប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រប់សមាសភាពក្នុងសង្គម​សុទ្ធតែបានមើលឃើញថា សិស្សកម្ពុជាភាគច្រើនមិនសូវចូលចិត្តសិក្សាផ្នែក​បច្ចេកទេស ឬការងារទាំងឡាយណាដែល​ស្ថិតនៅខាងក្រៅការិយាល័យនោះទេ តែអ្វីដែលពួកគេចូលចិត្តនោះគឺការងារដែលនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ងួន ប៊ុននិត អគ្គនាយក​ក្រុមហ៊ុន​ធនធានមនុស្ស Idea plus បានលើកឡើងថា យុវជនកម្ពុជា​ប្រហែលជាច្រើនជាង​ 50% ចូលចិត្តសិក្សាលើជំនាញ​ដែលធ្វើការក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ខណៈមាននិស្សិតតិចតួចបំផុតរៀនផ្នែក​ជំនាញបច្ចេកទេស។

លោកបានបញ្ជាក់ផងដែរថា តាមពិតទៅការងារជំនាញបច្ចេកទេសជាការងារ​ដែលមានប្រាក់ខែច្រើន ហើយមានទីផ្សារការងារទូលាយណាស់ តែសិស្ស និស្សិត​ នៅប្រទេសយើងមិនទាន់សូវបានដឹងពីព័ត៌មាននេះ ហើយ​មានអ្នកខ្លះទៀត​មិនដឹងថា​រៀនបច្ចេកទេសហើយ គេធ្វើអ្វីខ្លះ ដែលជាហេតុធ្វើឱ្យ​ពួកគាត់​សម្រេចចិត្ត​រៀនលើមុខវិជ្ជាទាំងឡាយណាដែលមានមនុស្សរៀនច្រើន​​ ហើយរៀនតាមគេ។

លោក ងួន ប៊ុននិត បាននិយាយថា៖ «​ការជ្រើសរើសសិក្សាជំនាញដែល​​ត្រូវធ្វើការងារក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ច្រើន​អាចធ្វើឱ្យប៉ះពាល់ដល់​ការវិនិយោគនៅក្នុងប្រទេសខ្លះដែរ ព្រោះអ្នកវិនិយោគ​បរទេស នៅពេលដែលបោះទុន​រកស៊ីនៅកម្ពុជា​ គេត្រូវការច្រើនជាងគេ​គឺអ្នកបច្ចេកទេស តែយើងបែរជាខ្វះ ហើយសម្រាប់អ្នកធ្វើការនៅការិយាល័យ មានតម្រូវការតិច បែរជា​យើងសម្បូរទៅវិញ»។

ប្រធានក្រុម​ហ៊ុន​ផ្នែកធនធានមនុស្សខាងលើ​បានលើកឡើងផងដែរថា នៅពេលដែល​យើងខ្វះកម្លាំងពលកម្ម​ជំនាញ​ដើម្បីផ្គត់ផ្គង់ទីផ្សារការងារ​ដែលអ្នកវិនិយោគត្រូវការ អ្នករកស៊ី គេអាច​នឹងមិនចង់​មកបណ្តាក់ទុន​ដែលជាហេតុធ្វើឱ្យប្រទេសយើងខាតបង់ច្រើន។ ជាដំណោះស្រាយសម្រាប់បញ្ហានេះ លោក​បានបង្ហាញថា យើងគួរមាន​ការតម្រង់ទិស និងការផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែទូលំទូលាយ​ទៅដល់គ្រប់សមាសភាពក្នុងសង្គម ជាពិសេស​គឺសិស្សវិទ្យាល័យ ដើម្បីឱ្យគាត់បានយល់ពី​ស្ថានភាពជាក់ស្តែងនៃតម្រូវការការងារក្នុងប្រទេសរបស់យើង៕

Advertisement