ភាពជោគជ័យ​ចាប់ផ្តើម​ពី​សេចក្តីក្លាហាន និង​ហ៊ាន​ធ្វើ​រឿង​វិជ្ជមាន​ពី​ក្មេង

ក្លាយជា​បុគ្គល​ដែលមាន​តម្លៃ​សំខាន់​សម្រាប់​គ្រប់គ្នា​ជា​អ្វីដែល​មនុស្ស​ជាច្រើន​ចង់បាន តែ​វិថី​ទៅកាន់​ភាពជោគជ័យ​ក្នុង​ជីវិត​មិនមែនជា​រឿង​ងាយ​នោះទេ ព្រោះ​មាន​មនុស្ស​មិនតិច​ទេ​ជួប​រឿង​ខកចិត្ត​នៅពេលដែល​ខិតខំ​ប្រឹងប្រែង ហើយ​មនុស្ស​ជាច្រើន​ផ្សេងទៀត​មិន​ហ៊ាន​ចាប់​ផ្តើមធ្វើ​រឿងដែលមានប្រយោជន៍​សម្រាប់​ការរស់នៅ​ដោយសារតែ​ហេតុផល​ជាច្រើន ដូចជា​កត្តា​វ័យក្មេង​ពេក ឬ​កត្តា​ភ័យខ្លាច​ជាច្រើន​ទៀត។

លោកស្រី ស្រូ​យ សុជាតិ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​កម្មវិធី The Perspectives Cambodia បាន​លើកឡើងថា សូមកុំ​រង់ចាំ​ពេលវេលា តែ​ត្រូវ​ព្យាយាម​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន​ពីថ្ងៃ​នេះ​ដើម្បី​រួមចំណែក​ក្លាយជា​គ្រាប់ពូជ​យ៉ាង​មាន​ប្រយោជន៍​សម្រាប់​កម្ពុជា។ យុវជន​ខ្លះ​យក​លេស​ថា​រវល់​នេះ រវល់​នោះ ហើយ​មិន​ព្រម​ចូលរួម​ក្នុង​សកម្មភាព​ប្រកបដោយ​ភាព​វិជ្ជមាន ទើប​ធ្វើឱ្យ​ពួកគេ​បាត់បង់​ឱកាស​ក្នុងការ​អភិវឌ្ឍ​ខ្លួនឯង និង​ឱកាស​បង្កើត​រឿងល្អៗជាច្រើន​ផ្សេងទៀត​សម្រាប់​ភាពជោគជ័យ​ក្នុង​ជីវិត។ សូម​ចាប់ផ្តើម​ពិចារណា​ស្វែងរក​ឱកាស​ដើម្បី​ចាប់ផ្តើម​សកម្មភាព​ដែលមាន​ប្រយោជន៍​ពី​ពេលនេះ ទោះ​សកម្មភាព​ដែល​យើង​ធ្វើ​នោះ​ស្ថិតក្នុង​រូបភាព​តូចក្តី ឬ​ធំក្តី ឱ្យតែ​វិជ្ជមាន និង​មិន​ប៉ះពាល់​ដល់​សង្គម គឺ​យើង​អាច​ទាញយក​ប្រយោជន៍​បាន​ទាំងអស់។ ក្រោយ​ពេលដែល​យើង​មាន​ភាព​សកម្ម​ក្នុង​ការងារ​ហើយ យើង​ក៏​នឹង​ទទួលបាន​បទពិសោធ​ជាច្រើន​ដែល​មនុស្ស​ជាច្រើន​ផ្សេងទៀត​មិនមាន ដែល​វា​ជំ​រុញឱ្យ​យើង​ក្លាយជា​មនុស្ស​ខ្លាំង។

លោកស្រី ស្រូ​យ សុជាតិ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​កម្មវិធី The Perspectives Cambodia

លោកស្រី ស្រូ​យ សុជាតិ បាន​និយាយថា៖ “ភាពរឹងមាំ និង​តម្លៃ​នៃ​ជីវិត មិនមែន​កើតឡើង​ដោយសារតែ​ចំណេះដឹង និង​ភាព​ឆ្លាត​វៃ​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​កើតឡើង​ដោយសារ​ទំនាក់ទំនង​ល្អ ក្នុងការ​ចែករំលែក​ស​កម្ម​ភាព​ដែល​ស្តែង​ចេញពី​ភាពខ្លាំង​របស់​បុគ្គលម្នាក់ៗលើ​ការងារ​រួម​ដើម្បី​ឆ្ពោះទៅរក​គោលដៅ​ប្រកបដោយ​ភាព​វិជ្ជមាន។ នៅពេលដែល​យើង​ចាប់ផ្តើម​ប្រើប្រាស់​ជីវិត​របស់​យើង​ប្រកបដោយ​ប្រយោជន៍​សម្រាប់​អ្នកដទៃ ឬ​សង្គម យើង​នឹង​ទទួលបាន​មកវិញ​នូវ​ការគោរព រួមទាំង​ទំនាក់ទំនង​ប្រកបដោយ​ភាពស្មោះត្រង់ និង​ភាព​វិជ្ជមាន”។

លោកស្រី សុជាតិ បានបញ្ជាក់​ផងដែរ​ថា មនុស្ស​ណា​ក៏​ចាំបាច់​ត្រូវមាន​ពេល​ចាប់ផ្តើម​ដ៏​ល្អ​ដែរ ហើយ​មុន​នឹងធ្វើ​រឿងធំៗបាន យើង​ចាំបាច់​ត្រូវអនុវត្ត​ការងារ​ពីតូចៗ និងសាមញ្ញៗទៅ ដើម្បី​បន្សាំ​ុខ្លួនឯង​ជាមួយនឹង​រឿង​លំបាក​មុននឹង​ឈាន​ជើង​ចូលទៅ​កាន់​ឧបសគ្គលំបាកៗដទៃទៀត។ ការចាប់ផ្តើម​ដ៏​ល្អ​របស់​យុវជន នឹងធ្វើ​ឱ្យ​ពួកគេ​អាច​រស់នៅ​ប្រកបដោយ​ថាមពល ក្នុងការ​អភិវឌ្ឍ​ខ្លួនឯង ឱ្យ​ក្លាយជា​ធនធានមនុស្ស ឬ​សមាជិក​សង្គម​ប្រកបដោយគុណតម្លៃ​សម្រាប់​សង្គម​នា​ថ្ងៃ​អនាគតដែល​វា​នឹង​អាច​រុញច្រាន​ឱ្យ​សង្គម​មានការ​អភិវឌ្ឍ​ល្អ​ផងដែរ។

កញ្ញា នាង សុ​វាត​នា ឬ​ DJ Nana

ស្រដៀង​គ្នា​នេះដែរ កញ្ញា នាង សុ​វាត​នា ឬ​គ្រប់គ្នា​ស្គាល់​ថា​ជា DJ Nana ដែលជា​អ្នកធ្វើការងារ​ស្និទ្ធ​ជាមួយនឹង​យុវជន​បាន​លើកឡើងថា ក្នុងនាម​ជា​អាណាព្យាបាល ជា​ឪពុកម្តាយ ឬ​ជា​ថ្នាក់ដឹកនាំ គាត់​ជា​អ្នកបង្កើត​ក្មេង និង​ជា​អ្នកជំរុញ​ក្មេង​ឱ្យ​ល្អ តែ​គាត់​មិន​មែនមាន​តួនាទី​ជា​អ្នកកំណត់​អនាគត​ក្មេង​នោះទេ ព្រោះ​បើ​ចង់ឱ្យ​ក្មេង​ក្លាយជា​មនុស្ស​ដែល​ជោគជ័យ​លុះត្រាតែ​គាត់​មាន​សិទ្ធិ​ក្នុងការ​សម្រេចចិត្ត ហើយ​ធ្វើ​អ្វីដែល​គាត់​មាន​ភាពប៉ិនប្រសព្វ។ ចំណែកឯ​តួនាទី​របស់​អ្នកគ្រប់គ្រង​គឺ ជា​អ្នក​ដែល​ផ្តល់​ចំណេះដឹង ជំនាញ និង​បទពិសោធ​សម្រាប់​ពួកគាត់​ក្នុងការ​ពិចារណា ដើម្បីឱ្យ​គាត់​មាន​សមត្ថភាព​ដើរ​ដោយ​ខ្លួនឯង​ប្រកបដោយ​ភាព​ប៉ិនប្រសប់ នឹង​រឹងមាំ។ កញ្ញា​បានបញ្ជាក់​ផងដែរ​ថា ជាធម្មតា​ទេ ដែល​អាណាព្យាបាល​មិនសូវ​ចង់​ផ្តល់​សិទ្ធិ​ឱ្យ​កូន​ច្រើន ព្រោះ​ពួកគាត់​បារម្ភ​ថា​ពេល​ដែលកូន​មាន​សិទ្ធិ ឬ​សេរីភាព ​គាត់​នឹង​រឹងទទឹងមិនសូវស្តាប់បង្គាប់ តែ​ប្រសិនបើ​យើង​គិត​មួយ​ជ្រុង​ទៀត​គឺ​យើង​អាច​ធ្វើជាអ្នក​តម្រង់ទិស ស្រប​ពេលដែល​គាត់​ អភិវឌ្ឍ​សមត្ថភាពខ្លួនឯង​តាំងពីវ័យ ក្មេងៗ ដើម្បីឱ្យ​គាត់​មាន​បទពិសោធឱ្យបាន​ច្រើនមុនពេលគាត់​នឹងក្លាយជា​មនុស្ស​ដែល​ត្រូវ​សម្រេចចិត្ត​លើ​វាសនា​ជីវិត​ដោយ​ខ្លួនឯង។

កញ្ញា នាង សុ​វាត​នា បាន​និយាយថា៖ “ខ្ញុំ​ជាម​នុស្ស​ដែលមាន​ការចាប់ផ្តើម​លឿន ហេតុនេះ​ខ្ញុំ​ឆាប់​ទទួលបាន​ប្រាក់ចំណូល ជោគជ័យ​លឿន​មិនមែនជា​រឿង​ចម្លែក ឬ​ពូកែ​អ្វី​នោះទេ តែ​មកពី​ខ្ញុំ​មាន​បទពិសោធ​ច្រើន​តាំងពី​វ័យក្មេង​មក”។

កញ្ញា នាង សុ​វាត​នា បានលើកឡើង​ផងដែរ​ថា គាត់​ក្លាយជា​តារា ឬ​ពិធី​ការិនី​នៅ​អាយុ 25ឆ្នាំ ហើយ​ក្លាយជា​អ្នកបកប្រែ​ម្នាក់​ដែលមានចំណូលនៅអាយុ20ឆ្នាំ។ បើ​គិត​ទៅ​វា​ជា​រឿង​អស្ចារ្យ​ណាស់​ដែល​ក្មេងស្រី​មិនទាន់​រៀន​ចប់​មហាវិទ្យាល័យ​មាន​អាជីព​នៅ​វ័យ​នេះ តែ​វា​មិន​ចម្លែក​ពេក​នោះទេ​បើ​គិតពី​ការចាប់ផ្តើម​របស់គាត់។ ឪពុក​គាត់​បាន​បណ្តោយឱ្យ​គាត់​ចាប់ផ្តើម​ការងារ​ជា​អ្នកបកប្រែ​តាំងពី​អាយុ 15ឆ្នាំ ដែល​គិត​ទៅ​រហូតដល់​អាយុ 20ឆ្នាំ​គាត់​មាន​បទពិសោធ 5ឆ្នាំ​រួច​បាត់ទៅហើយ ហេតុនេះ​វា​មិន​ចម្លែក ឬ​អស្ចារ្យ​ណាស់ណា​ទេ​ក្នុងការ​រកចំណូលបាន​នៅ​វ័យ​នេះ៕

Advertisement