វិធីសាស្រ្តរៀបចំការគិតឱ្យមានសណ្តាប់ធ្នាប់​ដើម្បីប្រឡងឱ្យបានពិន្ទុល្អ

ការប្រឡង ពេលខ្លះ​អាចបង្កឱ្យអ្នកសិក្សាធុញថប់ ឬចំណាយថាមពលច្រើន​ ព្រោះពួកគេត្រូវ​គិត និងបារម្ភ​ខ្លាំងនៅពេលដែល​ខួរក្បាល​មិនមានរបៀបរៀបរយ។ អារម្មណ៍ភ័យ ឬមិនទាន់បាន​បង្កើត​របៀបរៀបរយ អាចធ្វើឱ្យសិស្ស-និស្សិត​បាត់បង់ទំនុកចិត្ត ហើយមិនអាចធ្វើលំហាត់បានល្អ ដែលអាចបណ្តាលឱ្យធ្លាក់នៅក្នុងការប្រឡងទៀតផង។

ខាងក្រោមនេះជាគន្លឹះខ្លះៗក្នុងការដោះស្រាយបញ្ហា​ខាងលើតាមរយៈការរៀបចំខួរក្បាល និងការគិតឱ្យមានសណ្តាប់ធ្នាប់ល្អ។

១. ដាក់កាលវិភាគសម្រាប់ខ្លួនឯង

មនុស្សជាច្រើនបរាជ័យក្នុងការដាក់ផែនការសម្រាប់ខ្លួនឯងលើការសិក្សា ព្រោះវាមិនមែនជារឿងងាយនោះទេ តែប្រសិនបើ​អ្នកអាចធ្វើបាន វាអាចជួយដល់ការគិតរបស់អ្នកបានយ៉ាងល្អបំផុត។ តាមពិតទៅ​វាមិនមែនជារឿងពិបាកទាំងស្រុងនោះទេក្នុងការ​ដោះស្រាយបញ្ហា​មិនគោរពគោលការណ៍របស់ខ្លួនឯងនេះ តែមកពីអ្នកសិក្សាភាគច្រើន​មិន​ចេះទប់ខ្លួនឯងឱ្យបានក្នុងរយៈពេលដំបូងៗតែប៉ុណ្ណោះ។ ជាដំណោះស្រាយ អ្នក​គួរ​សាកល្បងដាក់កាលវិភាគដែលធូរបំផុត តែត្រូវអនុវត្តឱ្យបាន​ក្នុងរយៈពេលយ៉ាងតិច ២០ថ្ងៃជាប់គ្នាកុំខកខាន។​

២. កត់ត្រា​នូវអ្វីដែលខ្លួនបានធ្វើ​ និងកត់ពី​គម្រោងសម្រាប់ថ្ងៃស្អែក​

ការកត់ត្រានូវអ្វីដែលអ្នកបានធ្វើ និងមេរៀនដែលបានរៀនរួចមកហើយ អាចធ្វើឱ្យ​ការគិតរបស់អ្នក​មានរបៀបរៀបរយ។ អ្នកនឹងមិនបារម្ភឡើយថា នឹងត្រូវធ្វើអ្វីខ្លះនៅថ្ងៃនេះប្រសិនបើអ្នកបាន​រៀបចំ​កាលវិភាគរួចតាំងពីម្សិលមិញ។ ម្យ៉ាងវិញទៀតការកត់ត្រាពីអ្វីដែលខ្លួនបានធ្វើ និងបានរៀន​នៅពេលល្ងាចអាចធ្វើឱ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់ល្អដើម្បីរំលឹកមេរៀន ដើម្បីដឹងពីចំណុចខ្វះខាតរបស់ខ្លួន ហើយបន្តអភិវឌ្ឍនៅថ្ងៃបន្ទាប់ទៀត។

៣. គេងឱ្យបានគ្រប់គ្រាន់

ការគេងសម្រាកឱ្យបានគ្រប់គ្រាន់អាចជួយឱ្យមនុស្សមានទឹកមុខស្រស់ថ្លា និងធ្វើឱ្យខួរក្បាលមានថាមពល​ល្អ មិនស្ពឹកស្រពន់។ នៅពេលដែល​មនុស្សគ្មានទម្លាប់ល្អ ពួកគេនឹងបណ្តោយ​ខ្លួនឱ្យជ្រុលជាមួយនឹងការលេង​ឧបករណ៍អេឡិចត្រូនិចករហូតដល់យប់ជ្រៅ ហើយងោកនៅពេលរៀន។ ជាដំណោះស្រាយល្អ អ្នកគួរ​កំណត់ម៉ោងគេងឱ្យបានច្បាស់លាស់ ហើយកំណត់ម៉ោងភ្ញាក់ដើម្បីធានាថា​អ្នកអាចសម្រាកបានគ្រប់ចំនួនម៉ោង។ សម្រាប់ចំនួនម៉ោងដែលអ្នកត្រូវគេងសម្រាក គឺចន្លោះពី 6ម៉ោង ទៅ8ម៉ោង៕

Advertisement