ការស្រាវជ្រាវ​រកឃើញ​ថា មនុស្ស​លេងសើច​ច្រើន ភាគច្រើន​ជាម​នុស្ស​ឆ្លាត

ការសន្និដ្ឋាន​របស់ Albert Einstein បានឱ្យដឹងថា​ដើម្បីឱ្យ​មានចិត្ត​ស្រឡះ​ល្អ និង​មាន​ថាមពល​ដ៏​អស្ចារ្យ​នោះ គឺត្រូវធ្វើ​ខ្លួន​ឱ្យ​រីករាយ​ដូច​កូនក្មេង។ ចាប់ផ្តើម​ពី​សេចក្ដីសន្និដ្ឋាន​ខាងលើនេះ មាន​ស្ថាប័ន​ស្រាវជ្រាវ​មួយ​បានចាប់ផ្តើម​ធ្វើការ​សាកល្បង​សិក្សា​កាន់តែ​សី​ុ​ជម្រៅ​ឡើង​ពី​ភាព​រីករាយ ឬ​ចរិត​កំប្លែង​លេង​របស់​មនុស្ស​ជាមួយនឹង​ភាព​វៃឆ្លាត របស់​ពួកគេ​ក្នុង​ការគិត​លើ​បញ្ហា​នានា។

តាម​ការស្រាវជ្រាវ​នៅក្នុង​ប្រទេស​អូទ្រីស កាលពីពេលថ្មីៗនេះ​បាន​រកឃើញថា មនុស្ស​ដែល​ចូលចិត្ត​កំប្លែង ឬ​លេងសើច​ច្រើន ភាគច្រើន​ជាម​នុស្ស​ដែលមាន​កម្រិត​នៃ​ភាព​វៃឆ្លាត (IQs) ខ្ពស់ជាង​មនុស្ស​ដែល​មិនសូវ​លេងសើច​ឬ​មិនសូវមាន​ភាព​រីករាយ​ក្នុង​ជីវិត។ របាយការណ៍​នៃ​ការស្រាវជ្រាវ​បានបង្ហាញ​ជា​ភ័ស្តុតាង​ថា ដើម្បី​ធ្វើឱ្យ​មនុស្ស​មានគំនិត​សប្បាយរីករាយ​បាន គឺ​ត្រូវមាន​ភាព​ឆ្លាត​វៃ​និង​សមត្ថភាព​ក្នុង​ការគិត​យ៉ាង​វិជ្ជមាន​ជាមុនសិន​បន្ទាប់មក​ពួកគេ​នឹង​បញ្ចេញ​សកម្មភាព ប្រកបដោយ​ភាពរស់រវើក ហើយ​ធ្វើ​ការងារ​បាន​លឿន និង​មិនចេះ​នឿយហត់។ ពួកគេ​បានបង្ហាញ​ពី​លទ្ធផល​នៃ​ការវិភាគ​ផងដែរ​ថា មនុស្ស​កំប្លែង​ក៏មាន​ភាព​វៃឆ្លាត​ផ្នែក​ការដោះស្រាយ​បញ្ហា​យ៉ាងពិត-ប្រាកដ​ដែរ (verbal and non-verbal intelligence)។

ក្រៅពីនេះ បុគ្គល​ដែលមាន​ភាព​ឆ្លាត​វៃ​ទាំងអស់នោះ​ក៏មាន​លក្ខណៈពិសេស​មួយ​ផ្សេងទៀត​ផងដែរ គឺ​មនុស្ស​គ្រប់គ្នា​ចូលចិត្ត​ទាក់ទង​ជាមួយ​គាត់ ព្រោះ​ការសិក្សា​ស្រាវជ្រាវ​បានបង្ហាញ​ភ័ស្តុតាង​ឱ្យឃើញ​យ៉ាងច្បាស់​ថា អ្នក​ដែលមាន​អារម្មណ៍​រីករាយ​ពី​ខាងក្នុង​មិន​ត្រឹម​តែមាន IQ ខ្ពស់​ប៉ុណ្ណោះ​ទេ តែ​ពួកគេ​ថែមទាំង​មាន​កម្រិត​ភាព​ឆ្លាត​វៃ​ខាង​អារម្មណ៍ (Emotional intelligence, EQ) និង​ទទួល​ពិន្ទុ​ល្អ​ផ្នែក​ទំនាក់ទំនង​ថែម​ទៀតផង។

មិន​ថា ពួកគេ​ជានា​រី ឬ​បុរស​នោះទេ បុគ្គល​ដែលមាន​អារម្មណ៍​រីករាយ​ច្រើន តែងតែ​ទទួលបាន​ពិន្ទុ​ខ្ពស់​នៅពេលដែល​ពួកគេ​បង្ហាញខ្លួន​ជា​សាធារណៈ ឬ​ទទួលបាន​ការចាប់​អារម្មណ៍​ច្រើន​នៅក្នុង​ការទំនាក់ទំនង ដែល​គេ​អាច​ក្លាយជា​ដៃគូ​ល្អ​សម្រាប់​រយៈពេល​យូរអង្វែង​លើ​រាល់​ការងារសំខាន់ៗ ក៏ដូចជា​អាជីវកម្ម​ជាដើម។

នៅក្នុង​ផ្នែក​ចិត្ត​វិទ្យា គេ​ប្រើប្រាស់​ភាព​វិជ្ជមាន​នៃ​គំនិត​រីករាយ​ដើម្បី​ជំរុញ​មនុស្ស​ឱ្យមាន​ទំនាក់ទំនង​ល្អ ហើយ​បង្កើត​ភាពខ្លាំង​នៅក្នុង​អារម្មណ៍​ដើម្បី​លើកទឹកចិត្ត​ឱ្យ​ពួកគេ​ក្លាយជា​មនុស្ស​ដែលមាន​សក្តានុពល​លើ​គ្រប់​ការងារ ទាំង​ផ្នែក​ឯកជន និង​ការធ្វើការងារ​ជា​ក្រុម។ អ្នកជំនាញ​បាន​រកឃើញ​ផងដែរ​ថា មនុស្ស​ដែល​អាច​រកឃើញ​នូវ​ការងារ​ដែលមាន​ភាពសប្បាយ​រីករាយ​ច្រើន ភាគច្រើន​ជា​អ្នក​ដែល​អាច​រកឃើញ​សេចក្តីសុខ​យ៉ាងពិត​ប្រាកដ ហើយ​មិន​ចូលចិត្ត​ធ្វើ​ការងារ​ទាំងឡាយណា​ដែល​គេ​មិន​ស្រឡាញ់ ឬ​ការងារ​បែប​មាន​សម្ពាធ​នោះទេ ព្រោះ​គេ​អាច​ឆាប់​ធុញទ្រាន់។ ភាគច្រើន​គេ​ជា​មនុស្ស​ដែល​ស្វែងរក​សេចក្តីសុខ និង​បន្ត​អភិវឌ្ឍ​លើផ្លូវ​ដែល​គេ​ពេញចិត្ត ដោយ​មិន​បង្ខំចិត្ត​ធ្វើ​រឿង​សាំញ៉ាំ​ដើម្បី​តែ​លុយកាក់ ឬ​មុខមាត់​នោះទេ៕

Advertisement