កំហុស​គឺជា​មគ្គុទេសក៍​នាំឱ្យ​ជីវិត​ជោគជ័យ

នៅលើ​ពិភពលោក​យើង​នេះ​គ្មាន​មនុ​ស្សណា​ម្នាក់​អាច​គេច​ផុតពី​កំហុស​បានទេ តែ​អ្វីដែល​សំខាន់​គឺ​ការគ្រប់គ្រង​កាលៈទេសៈ និង​មាន​សេចក្តីក្លាហាន​គ្រប់គ្រាន់​ក្នុងការ​កែច្នៃ​កំហុស​ដែល​យើង​មាន​នោះ​ឱ្យ​ក្លាយជា​ប្រយោជន៍​សម្រាប់​ការរស់នៅ និង​ប្រកបការងារ។

លោក ចា​ស្ទី​ន ដា​រ៉ា អ៊ុ​ប សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា បាន​លើកឡើងថា មនុស្សម្នាក់ៗត្រូវតែ​រៀន​ឱ្យបាន​ច្រើន​ពី​កំហុស​ដែល​បាន​កើតឡើង នៅពេលដែល​យើង​ធ្វើ​ខុស យើង​នឹង​បាន​ស្គាល់​រឿង​ថ្មី​មួយ​បន្ថែមទៀត ដូច្នេះ​ត្រូវ​ក្លាហាន​ទទួលយក​រឿង​ថ្មី​ដែលមាន​តម្លៃ​សម្រាប់​ជីវិត​ខ្លួនឯង​នោះ​ដោយ​កុំ​ខ្លាច​ខុស ព្រោះ​វា​នឹង​ក្លាយជា​មេរៀន​ជីវិត​ដែល​ធ្វើឱ្យ​យើង​យល់​កាន់តែច្បាស់។ នៅពេលដែល​យើង​ខ្លាច​ខុស យើង​នឹងមិន​ហ៊ាន​ធ្វើ​អ្វី​ទាល់តែសោះ បន្ទាប់មក​ជីវិត​នឹង​មិនអាច​ទទួលបាន​ស​មិទ្ធ​ផល​ថ្មី​នៃ​ការអភិវឌ្ឍ​នោះទេ។

លោក ចា​ស្ទី​ន ដា​រ៉ា អ៊ុ​ប បាន​និយាយថា ៖ “កុំ​ខ្លាច​កំហុស ខុស​ចុះ កាន់តែ​ខុស​កាន់តែ​ល្អ តែ​សូម​កុំឱ្យ​ខុស​ក្នុង​រឿង​ដដែល។ មនុស្សម្នាក់ៗអាច​រៀន​បាន​ច្រើនណាស់​ពី​កំហុស ចាប់ផ្តើម​ពី​ចំណុច​ខុស​ទើប​រក​ត្រូវ​ឃើញ យើង​នឹង​ចេះ​អភិវឌ្ឍ​ខ្លួនឯង យើង​នឹងមិន​បណ្តោយឱ្យ​កំហុស​នោះ​កើតឡើង​ម្តង​ទៀតឡើយ។

សាស្ត្រាចារ្យ ខាងលើ​បាន​លើក​ជា​ឧទាហរណ៍​ថា ពេលខ្លះ​ប្រសិនបើ​យើង​មាន​គោលដៅ​ច្បាស់លាស់​ដើម្បី​ធ្វើ​អ្វីមួយ​ឱ្យ​ល្អប្រសើរ​ហើយ យើង​នឹងមិន​ខ្លាច​ខុស​នោះទេ។ ជា​ឧទាហរណ៍ លោក Thomas Edison ជា​អ្នក​ដែល​រកឃើញ​អំពូល​ភ្លើងអគ្គិសនី​មុនគេ​បង្អស់​លើ​ពិភពលោក​បានលើកឡើង​ថា វា​មិនមែនជា​កំហុស​ទេ​ដែល​គាត់​បរាជ័យ​ជាង 10,000ដងនោះ តែ​វា​គ្រាន់តែ​ជាការ​រកឃើញ​វិធី 10,000យ៉ាង​ដែល​មិនអាច​ដំណើរការបាន​តែប៉ុណ្ណោះ ហើយ​ទីបំផុត វិធី​ចុងក្រោយ​របស់គាត់​បានធ្វើ​ឱ្យ​គាត់​ទទួលជោគជ័យ។ ប្រសិនបើ​គ្មាន​កំហុស​ទាំងអស់​នោះទេ មនុស្ស​ក៏​មិន​អាចមាន​អំពូល​ភ្លើង​សម្រាប់​បំភ្លឺ​រហូតដល់​ពេលបច្ចុប្បន្ន​នេះដែរ។

ស្រដៀង​គ្នា​នេះដែរ លោក ថៃ វណ្ណ​ថា នាយក​ក្រុមហ៊ុន​ថតរូប @home Photography បាន​លើកឡើងថា មនុស្ស​ទាំងអស់គ្នា​តែងតែមាន​ពេលវេលា​ធ្វើ​ល្អ សប្បាយចិត្ត និង​មានការ​ពិបាកចិត្ត តែ​អ្វីដែល​យើង​អាច​ធ្វើបាន គឺ​ចេះ​ប្រើប្រាស់​វិធី​គ្រប់គ្រង​ភាព​សោកសៅ​នោះ​ឱ្យបាន​ល្អ។ នៅពេលដែល​យើង​ធ្វើ​អ្វីមួយ ហើយ​យើង​គិតថា​កំពុងមាន​កំហុស យើង​នឹងមាន​អារម្មណ៍​ថា​បាក់​ទឹកចិត្ត ឬ​មាន​អារម្មណ៍​ថា​ពិបាកចិត្ត​ខ្លាំង ដែល​ក្នុង​ពេលនេះ​វា​ជា​ដំណាក់កាល​មួយ​អាចធ្វើឱ្យ​យើង​ធ្លាក់​ដុនដាប​ទៅក្នុង​សេចក្តី​ទុក្ខ​យូរអង្វែង ឬ​អាច​ជះ​ផលប៉ះពាល់​ជាច្រើន​ដល់​ជីវិត។

លោក ថៃ វណ្ណ​ថា បាន​និយាយថា ៖ “មនុស្ស​យើងម្នាក់ៗមានមុខ​តែមួយ តែ​អាច​បង្ហាញ​ទឹកមុខ​បាន​ច្រើនយ៉ាង ដែល​ពេលខ្លះ​យើង​បង្ហាញ​ទឹកមុខ​សប្បាយចិត្ត បង្ហាញ​ភាព​រីករាយ​ទៅកាន់​អ្នកដទៃ បង្ហាញ​ទឹកមុខ​ស្រងូតស្រងាត់ តែ​ជាក់ស្តែង​នៅពេលដែល​យើង​សោកសៅ គឺមាន​តែ​យើង​ខ្លួនឯង​ម្នាក់​គត់​ដែល​ដឹង​ច្បាស់ ហេតុនេះ​យើង​ត្រូវតែ​ចេះ​ប្រើ​អារម្មណ៍​គ្រប់គ្រង​ភាព​សោកសៅ​នោះ​ឱ្យបាន។

បើតាម លោក ថៃ វណ្ណ​ថា មនុស្សម្នាក់ៗមាន​សិទ្ធិ​កើតទុក្ខ ដែល​ពេលខ្លះ​ជួបនឹង​កំហុស​ដែល​មិនអាច​ចៀសបាន តែ​អ្វីដែល​សំខាន់​គឺ​យើង​ត្រូវ​ហ៊ាន​ប្រឈមមុខ​ជាមួយ​វា ហើយ​ចាត់ទុកថា​វា​ជាបទពិសោធ​យ៉ាង​ល្អ​សម្រាប់​ជីវិត ព្រោះ​រឿងរ៉ាវ​ទាំងអស់នេះ សំខាន់​ខ្លាំងណាស់​សម្រាប់​ការរស់នៅ។ ការដកស្រង់​យក​បទ​ពិសោធ​នៃ​វិបត្តិ​នៅក្នុង​ជីវិត ជា​មេរៀន​ដែល​គ្មាន​សាលាបង្រៀន ហើយ​វា​ក៏​ជា​រឿង​ដែល​ធ្វើឱ្យ​មនុស្ស​កាន់តែ​ក្លាហាន និង​រឹងមាំ​ឡើង​ផងដែរ។ កុំ​ខ្លាច ឬ​កុំ​បណ្តោយ​ខ្លួន​ឱ្យ​ដុនដាប​តាម​កំហុស តែ​ត្រូវ​ប្រើ​វា​ឱ្យ​ក្លាយជា​មេរៀន​សំខាន់​ដែល​អាច​ផ្តល់​ជា​បទពិសោធ​ឱ្យ​ជន​ជំនាន់​ក្រោយ​បានដឹង និង​ស្គាល់ ចៀសវាង​ការ​ខាត​ពេល​ជាមួយ​វា​ម្តង​ហើយ​ម្តងទៀត ដែល​ពេលខ្លះ​កំហុស គឺជា​មគ្គុទេសក៍​នាំឱ្យ​ជីវិត​ជោគជ័យ៕

Advertisement