កុមារ​កម្ពុជា​មានឱកាស​អភិវឌ្ឍ​ការអាន​តាម​បណ្តាញ​បច្ចេកវិទ្យា

បង្កើត​វប្បធម៌​នៃ​ការអាន ជា​ចំណុច​សំខាន់​មួយ​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា រួមទាំង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ​កំពុង​យកចិត្តទុកដាក់ ហើយ​បានដាក់​គោលដៅ​លើ​កុមារ​ដើម្បី​ជំ​រុញឱ្យ​វប្បធម៌​នេះ​កាន់តែ​រីកសាយ​ឡើង​នៅ​ថ្ងៃ​អនាគត។

នៅពេលថ្មីៗនេះ កម្មវិធី​មួយ​ដែលមាន​ឈ្មោះថា TEST (Technology for Education Systems Transformation) ត្រូវបាន​គម្រោង Development Innovation សហការ​ជាមួយនឹង​ក្រសួង​អប់រំ បង្កើតឡើង​ដើម្បី​សម្រួល​ដល់​ការវាយតម្លៃ​សមត្ថភាព​អំ​ណាន​របស់​សិស្ស កំណត់​វិធីសាស្ត្រ​ជួយ​សិស្ស​ដែល​ត្រូវ​ការរៀន​បន្ថែម​ប្រកបដោយ​ប្រសិទ្ធភាព និង​ពង្រឹងសមត្ថភាព​អំ​ណាន​របស់​សិស្ស​ផងដែរ។

កម្មវិធី TEST ជា​កម្មវិធី​ទូរស័ព្ទដៃ​មួយ​ដែល​អាចជួយ​សិស្សសាលា​ក្នុងការ​វាយតម្លៃ​ការអាន​របស់​ពួកគេ​តាមរយៈ​ការប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ,Tablet និង​កុំព្យូទ័រ។

កម្មវិធី​នេះ គឺ​បាន​ជួយ​ត​ភ្ជាប់​ការអប់រំ​រវាង​គ្រួ និង​សិស្ស​បានល្អ​ក្នុង​កាលៈទេសៈ​ជាច្រើន​ដែល​សាលា​ភាគច្រើន​នៅ​កម្ពុជា​មិនទាន់បាន​បង្រៀន​គ្រប់គ្រាន់​ក្នុងការ​ធ្វើឱ្យមាន​តុល្យភាព​ដើម្បី​បង្កើន​ចំនួន​សិស្សសាលា​តាម​អាយុ។ កម្ម​វី​ធី​នេះ​អនុញ្ញាតឱ្យ​គ្រូបង្រៀន​កំណត់​ពី​លំហូរ​នៃ​ការសិក្សា​របស់​សិស្ស​នៅក្នុង​ថ្នាក់រៀន​របស់ខ្លួន​បាន​យ៉ាង​ងាយ ហើយ​គាត់​ក៏​អាច​វាយតម្លៃ​ពី​ភាពប្រែប្រួល​ជា​លក្ខណៈ​បុគ្គល និង​តម្រូវការ​រៀនសូត្រ​រប​ស់សិស្សម្នាក់ៗផងដែរ។

ចំណុច​ពិសេស​នៃ​កម្មវិធី TEST នេះ​គឺអាច​ជួយ​ឱ្យ​សិស្ស​អាច​អភិវឌ្ឍ​ការអាន​របស់ខ្លួន​តាម​រយៈ​ការអាន​សៀវភៅ និង​លេងល្បែង​ពាក់ព័ន្ធ​នឹង​ការអាន​នៅក្នុង​ឧបករណ៍​អេឡិចត្រូនិក ដែលមាន​នៅក្នុង​បណ្ណាល័យ​នៃ​សាលាបឋមសិក្សា​មួយចំនួន​នៅ​កម្ពុជា។ តាមរយៈ​កម្មវិធី​នេះ គ្រូ​ក៏​អាច​តាមដាន​ការសិក្សា​របស់​សិស្ស​ដែល​បាន​ប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា​នេះ ដែល​វា​ជាការ​ងាយស្រួល​គ្រប់គ្រង និង​អភិវឌ្ឍ​សមត្ថភាព​ពួកគេ​យ៉ាង​ងាយស្រួល និង​ប្រកបដោយ​ប្រសិទ្ធភាព។

សព្វថ្ងៃ​មាន​សិស្សានុសិស្ស​ជាង 11,600នាក់ និង​គ្រូបង្រៀន​ជាង 280នាក់​នៅ​ប្រទេស​កម្ពុជា​កំពុង​ប្រើប្រាស់​កម្មវិធី​នេះ។ ក្រោម​ការគាំទ្រ​របស់ USAID តាមរយៈ​គម្រោង Development Innovations នៅ​ឆ្នាំ 2017នេះ អង្គការ​អប់រំ​ពិភពលោក​កំពុង​បង្កើត​កម្មវិធី​នេះ​សម្រាប់​សិស្សានុសិស្ស​ថ្នាក់​ទី3៕

Advertisement