TVET កំពុងស្ថិត​ក្នុង​តម្រូវការ​របស់​សង្គម​នាពេល​បច្ចុប្បន្ន និង​អនាគត

ការបណ្តុះបណ្តាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ (Technical and Vocational Education and Training ហៅ​កាត់​ថា TVET) ជា​ផ្នែក​មួយ​មិនអាច​ខ្វះ​បាន​នៅ​កម្ពុជា ព្រោះ​បច្ចុប្បន្ននេះ​សង្គម​ចាប់ផ្តើម​ត្រូវការ​ធនធានមនុស្ស​កា​ន់​តែ​ច្រើនឡើង​ដើម្បី​អភិវឌ្ឍ​លើ​ផ្នែក​ឧស្សាហកម្ម និង​សំណង់​អគារ​ជាដើម។

ឯកឧត្តម ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើកឡើងថា TVET ជា​ប្រព័ន្ធ​សំខាន់​មួយ​ក្នុង​ទីផ្សា​ការងារ​នៅ​កម្ពុជា ក៏ដូចជា​ការអភិវឌ្ឍ​សង្គម​ទាំងមូល​ផងដែរ ព្រោះ​នៅពេល​បច្ចុប្បន្ននេះ សំណង់​អគារ​ជាច្រើន​បាន​រីក​ឡើង ខណៈ​កំណើន​នៃ​ការវិនិយោគ​ក៏​សុទ្ធតែ​ត្រូវការ​ធនធានមនុស្ស​ដើម្បី​ធ្វើ​ការងារ។

យុវជន​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ផ្នែក​បច្ចេកទេស និង​វិជ្ជាជីវៈ នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ​បាន​បង្កើន​សមត្ថភាពរ​បស់​ខ្លួន​កាន់តែខ្លាំង​ឡើង ស្របតាម​ស្តង់ដារ​កំណត់ដោយ​និយោជក និង​ផ្នែក​ឧស្សាហកម្ម ដូចជា​ជំនាញ​មេកា​និក សំណង់ ធុរកិច្ច ព័ត៌មានវិទ្យា កម្មន្តសាល អគ្គិសនី ក្រឡឹង កែច្នៃ​ម្ហូបអាហារ និង​ផ្នែក​សេវាកម្ម​មួយចំនួនទៀត។

ឯកឧត្តម ពេ​ជ សោភ័ន បាន​មានប្រសាសន៍ថា ៖“យុវជន​កំពុង​ទទួលបាន​ផល​វិជ្ជមាន​ពី​ប្រព័ន្ធ TVET នេះ​ក៏ពិតមែន តែបើ​ធៀប​នឹង​បណ្តា​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់ គឺ​នៅមាន​ភាពយឺតយ៉ាវ​ខ្លះ ព្រោះ​សមត្ថភាព​គ្រូបង្រៀន​នៅមានកម្រិត តែ​ទោះជា​យ៉ាងនេះ​ក្តី ក្រសួង​ការងារ​បាន​បង្កើន​កញ្ចប់​ថវិកា​ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​សមត្ថ​ភាព​គ្រូ រួមទាំង​កម្មវិធីសិក្សា​ឱ្យ​កាន់តែ​ល្អ​ឡើង សំដៅ​ធ្វើយ៉ាងណា​ឱ្យ​សិស្ស និស្សិត​មាន​ជំនាញ​ច្បាស់លាស់។

ឯកឧត្តម​រដ្ឋលេខាធិកា​រ បានលើកឡើង​ផងដែរ​ថា ក្រសួង​ការងារ​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​សហការ​ជាមួយនឹង​ដៃគូ​អភិវឌ្ឍ​នានា ដើម្បី​ជំរុញ​ឱ្យ​វិស័យ TVET កាន់តែ​អភិវឌ្ឍ​ខ្លាំង​ឡើង ហើយ​ក្រសួង​ក៏មាន​យុទ្ធនាការ​ជាច្រើន​ដើម្បី​ជំ​រុញឱ្យ​និស្សិត​ជ្រើសរើស​មុខវិជ្ជា TVET ជា​អាជីព​នៅ​ថ្ងៃ​អនាគត ដើម្បី​ទទួលបាន​ឱកាស​ការងារ​យ៉ាង​សម្បូរបែប​នៅពេល​បច្ចុប្បន្ន និង​ថ្ងៃ​អនាគត​ផងដែរ។

នៅ​ឆ្នាំ​សិក្សា​ថ្មី​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​លើ​មុខវិជ្ជា បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បី​លើកទឹកចិត្ត​ឱ្យ​សិស្ស​នៅ​ទូទាំងប្រទេស​ទទួលបាន​ឱកាស​សិក្សា​លើ​មុខវិជ្ជា​ដ៏​មាន​សក្តានុពល​នេះ។ ស្រប​ជាមួយគ្នានេះដែរ ដៃគូ​អភិវឌ្ឍន៍​ជាច្រើន​បាននិងកំពុង​បង្កើន​កិច្ចសហការ​រៀបចំ​កម្ម​វិធី​សិក្សា រួមទាំង​សាង់សង់​អគារសិក្សា​ទំនើប​បន្ថែមទៀត​ផងដែ​រ។

លោក Norman LaRocque អ្នកឯកទេស​អប់រំ របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ដែល​ហៅ​កាត់​ថា ADB បាន​លើកឡើងថា ប្រព័ន្ធ TVET នៅ​កម្ពុជា​ត្រូវការ​ការធ្វើកំណែទម្រង់ និង​វិនិយោគ​បន្ថែមទៀត​ដើម្បី​បំពេញ​ចំណុច​ខ្វះខាត​លទ្ធភាព គុណភាព និង​សមត្ថភាព​ស្ថាប័ន សំដៅ​ចូលរួម​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ប្រកបដោយ​និរន្តរភាព។ ដោយ​មើលឃើញ​ពី​បញ្ហា​នេះ ធនាគារពិភពលោក​ក៏បាន​បង្កើត​គម្រោង​មួយ​រួម​ជាមួយនឹង​កម្ចីសម្បទាន​ប្រមាណ30លាន​ដុល្លារ សម្រាប់​បង្កើន​គុណភាព​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ដែល​ចាប់ផ្តើម​ដំណើរការ​តាំងពី​ឆ្នាំ2014 ហើយ​រំពឹងថា​នឹង​បញ្ចប់​គម្រោង​ទាំងស្រុង​នៅ​ខែធ្នូ ឆ្នាំ2019។

គម្រោង​នេះ​នឹង​ដាក់ឱ្យអនុវត្ត​លើ​ប្រព័ន្ធ​ធានា​គុណភាព​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​សាធារណៈ​ដើម្បីឱ្យ​សិស្ស និស្សិត​ទទួលបាន​បទពិសោធ​ផ្នែក​ឧស្សាហកម្ម។ ក្រុមប្រឹក្សា​ជំនាញ​តាមវិស័យ​ដែលមាន​សមាសភាព​ជាស​មា​គម​ឧស្សាហកម្ម និង​និយោជកធំៗ ក្នុង​វិស័យ​អាទិភាព​ចំនួន4ដូចជា​សំណង់ ជួសជុល​រថយន្ត ការងារ​អគ្គិសនី និង​កម្មន្តសាល និង​ត្រូវ​បង្កើតឡើង​ដើម្បី​ជួយ​ដល់​ការអភិវឌ្ឍ​មណ្ឌល​ធនធាន ជំនាញ​ជាក់លាក់​ផងដែរ៕

Advertisement