វេសឡាញ បញ្ចុះតម្លៃសិក្សា 30% ដើម្បីសម្រាលបន្ទុកដល់អាណាព្យាបាល និងបង្កើនគុណភាពសិក្សាអនឡាញ

ក្នុងដំណាក់កាល​ដែលពិភពលោកកំពុងប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺ Covid-19 នេះ គ្រប់ប្រទេសទាំងអស់សុទ្ធតែឆ្លងកាត់ការលំបាកទាំងអស់​ ជាពិសេស​បញ្ហាហិរញ្ញវត្ថុ ដោយក្នុងនោះ​កម្ពុជាក៏ត្រូវជួបប្រទះបញ្ហាប្រឈមជាច្រើនផងដែរ។ ដើម្បីសម្រាលបន្ទុកដល់អាណាព្យាបាល វេសឡាញនឹងបញ្ចុះតម្លៃសិក្សា ៣០% សម្រាប់វគ្គសិក្សាថ្មីថ្ងៃទី១១ ខែឧសភាសខាងមុខនេះ និងបង្កើនគុណភាពសិក្សាអនឡាញ ។

លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប បានលើកឡើងថា ក្នុងស្ថានភាពប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នេះ ប្រជាពលរដ្ឋគ្រប់គ្នាសុទ្ធតែ​ទទួលរងនូវផលប៉ះពាល់​សេដ្ឋកិច្ច ដោយក្នុងនោះរួមទាំងបុគ្គលិក គ្រូបង្រៀន និងអ្នកអាណាព្យាបាលសិស្សផងដែរ។ យើងទាំងអស់គ្នាសុទ្ធតែមាន​ក្រុមគ្រួសារ​ និងកាតព្វកិច្ច​ចំណាយត្រូវរ៉ាប់រង ចំណែកឯសាលារៀន​ក៏ត្រូវប្រើប្រាស់ថ្លៃ​សិក្សាសិស្សដែលនៅសល់ និងកម្ចីបន្ថែមពីធនាគារសម្រាប់រ៉ាប់រងចំណាយបៀវត្សគ្រូ បុគ្គលិកសិក្សា ការវិនិយោគ​ និងការចំណាយលើការផលិតមេរៀនអនឡាញជាដើម។ បន្ថែមពីលើនេះយើងក៏ត្រូវការចំណាយលើការទិញ​ឧបករណ៍សម្រាប់ថត និងផ្សាយខ្លឹមសារមេរៀន ការចំណាយថ្លៃអគារ ថ្លៃភ្លើង ចំណាយរដ្ឋបាលបន្ទាប់បន្សំ និងការប្រាក់ធនាគារផងដែរ។ វាជាស្ថានភាពលំបាកទាំងអស់គ្នាដែលត្រូវការការសហការ ការយល់ពីគ្នាទៅវិញទៅមក​ខ្ពស់ដើម្បីយើងអាចឆ្លងផុតវិបត្តិនេះទាំងអស់គ្នា ជាពិសេស​គឺដើម្បីបន្តធានា​គុណភាព និងស្ថិរភាព​សិក្សារបស់សិស្សទាំងអស់គ្នា។

លោក ប៉ិច បូឡែន បាននិយាយថា៖ «​ក្នុងស្ថានភាពលំបាកនេះ យើងពិតជាត្រូវជួយគ្នាខ្លាំងណាស់។ សាលារៀនបានសម្រេចចិត្តលែងគិតប្រាក់ចំណេញអំឡុងពេលលំបាកនេះ ដោយយើងបានកាត់បន្ថយចំណាយ​ដែលមិនចាំបាច់ទាំងអស់ ទុក​តែចំណាយថែទាំអគារតិចតួច និងចំណាយសម្រាប់បង្រៀនអនឡាញប៉ុនណោះ។ ក្នុងដំណាក់កាលលំបាកនេះ យើងបានសុំការបញ្ចុះថ្លៃជួលទីតាំងខ្លះ ហើយបុគ្គលិកគ្រូបង្រៀនទាំងអស់​ក៏ត្រូវបានសុំការយោគយល់បន្ថយបៀវត្សន៍​ និងប្រាក់ឈ្នួលប្រចាំខែផងដែរ។ សាលារៀន និងបុគ្គលិកធ្វើបែបនេះ​ក្នុងគោលបំណងធំមួយ​គឺអាចមានលទ្ធភាពបញ្ចុះតម្លៃ 30% ដើម្បីជួយ​សម្រួល​បន្ទុកចំណាយ​ជូនសិស្សានុសិស្ស និងអាណាព្យាបាល​ទាំងអស់ក្នុងស្ថានភាពលំបាក​នេះ ជាពិសេស​គឺការលៃលក និងប្រឹងប្រែងបន្តបង្រៀន​សិស្សជាទីស្រឡាញ់របស់យើងក្នុងកម្រិតគុណភាពខ្ពស់មួយក្នុងស្ថានភាព​ Covid-19 នេះ»។

អ្នកដឹកនាំគ្រឹះស្ថានអប់រំខាងលើបានបញ្ជាក់បន្ថែមទៀតថា ទោះជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ​ យើងនៅតែគិតគូរពីគុណតម្លៃ និងគុណភាពសិក្សាសម្រាប់សិស្សានុសិស្សរបស់យើង។ ចំណូល​ដែលនៅសេសសល់ប៉ុន្មាន គឺយើងព្យាយាមធ្វើយ៉ាងណា ដើម្បីឱ្យចំណាយទទួលបានគុណភាពខ្ពស់បំផុត ដោយយើងលើកទឹកចិត្តគ្រូបង្រៀនដែលក្រាញននាលលើសមរភូមិ​បង្រៀនអនឡាញនេះប្រកបដោយការយកចិត្តទុកដាក់។ នៅក្នុងស្ថានភាពនេះ មនុស្សជាច្រើនយល់ថាការងាររបស់គ្រូបង្រៀន និងបុគ្គលិកប្រហែលជាមានតិចជាងមុន តែស្ថានភាពជាក់ស្តែងគឺគ្រូបង្រៀន និងបុគ្គលិកត្រូវធ្វើការច្រើនជាងមុន​ ព្រោះគាត់ត្រូវស្រាវជ្រាវឯកសារផង ថតមេរៀនជាវីដេអូផង ឆ្លើយសំណួរសិស្ស និងអ្នកអាណាព្យាបាលសិស្សគ្រប់ពេលផង និង​ត្រូវព្យាយាម​បង្រៀនច្រើនលើកច្រើនសារទៅតាមក្រុមតូចៗ និងបត់បែនទៅតាមពេលវេលាទំនេររបស់សិស្ស និងអ្នកអាណាព្យាបាលផង។ ពួកគាត់ត្រូវធ្វើការងារទាំងព្រឹក រសៀល​ ល្ងាច និងចុងសប្តាហ៍ ដោយទទួលបានប្រាក់កម្រៃមធ្យម សម្រាប់ទ្រទ្រង់ជីវភាពក្រុមគ្រួសារ និងកាតព្វកិច្ចហិរញ្ញវត្ថុ​ជាច្រើនផ្សេងទៀត។ ហេតុនេះហើយទើបយើងពិតជាមិនអាចបន្ទាបតម្លៃបន្ថែមទៀតបាននោះទេ ព្រោះវាអាចនឹងប៉ះពាល់បន្តគ្នាទៅដល់បៀវត្ស​ ប្រាក់ឈ្នួល និងជីវភាពរបស់គ្រូបង្រៀន និងបុគ្គលិកដែលគាត់ខិតខំប្រឹងប្រែងបង្រៀន​កូនៗរបស់យើងទាំងអស់គ្នា។

លោកបានបញ្ជាក់ផងដែរថា សាលារៀន គណនាយក បុគ្គលិក​ គ្រូបង្រៀនរបស់យើងបានខិតខំប្រឹងប្រែងបន្តគិត និងព្យាយាមឱ្យអស់ពីលទ្ធភាព សមត្ថភាព និងធនធាន​ដែលមាននៅសល់ទាំងប៉ុន្មាន​ ដើម្បីបន្តបង្រៀន​តាមអនឡាញជូនកូនៗរបស់យើង។ ក្នុងដំណាក់កាលនេះសាលាបានធ្វើសកម្មភាពជាច្រើនដើម្បី​រៀចចំបន្ថែមជូនសិស្ស និងអ្នកអាណាព្យាបាលទាំងអស់ដោយយើងបានផលិតវីដេអូបង្រៀនប្រមាណជាង 1,500បន្ថែមទៀត​សម្រាប់បង្រៀនសិស្ស។ ក្រៅពីនេះក៏មានផ្តល់ជូន​នូវវេទិកាសិក្សាអនឡាញថ្មីមួយចាប់ពីខែឧសភាតទៅ សម្រាប់សិស្សរៀនតាមវីដេអូ មើលមេរៀន និងប្រឡងអនឡាញជាដើម។ យើងក៏បានដាក់ឱ្យដំណើរការ​ប្រព័ន្ធគ្រប់គ្រង​ទំនាក់ទំនងសាលារៀននៅចុងខែឧសភា ឆ្នាំ2020នេះ។ លើសពីនេះទៅទៀត យើងបាន​បង្កើនកម្មវិធីអប់រំតាមទូរទស្សន៍​អនឡាញ ដោយមានកម្មវិធីអប់រំ ប្រឹក្សាយោបល់ និងកម្សាន្តជាច្រើនសម្រាប់សិស្សានុសិស្សរបស់យើងដែលកំពុងនៅផ្ទះផងដែរ។ ទន្ទឹមនឹងនេះដែរ វេសឡាញបានដាក់ឱ្យដំណើរការកម្មវិធីបង្រៀនដោយមានកាលវិភាគសិក្សា ម៉ោងចូល ម៉ោងចេញ ការតាមដាន​វត្តមាន និងស្រង់ពិន្ទុជាក់លាក់​កដូចជាការរៀននៅក្នុងសាលាដែរ ដើម្បីធានាពីគុណភាពក្នុងការអប់រំ។ យើងក៏បាន​រៀបចំកញ្ចប់​សម្ភារសិក្សា និងឧបករណ៍​កម្សាន្តបែបអប់រំជូនកុមារតូច និងផ្តល់ជូននូវកម្មវិធីបណ្តុះបណ្តាល​ និងពិគ្រោះយោបល់ការងារ និងអាជីវកម្មជូនអ្នកអាណាព្យាបាលដោយឥតគិតថ្លៃ ដើម្បីជាការឆ្លើយតបជាមួយនឹងតម្រូវការជាក់ស្តែងទាំងសិស្ស និងអ្នកអាណាព្យាបាល។ ស្របជាមួយគ្នានេះដែរយើង​បានបង្កើតវេទិកាលក់ដូរអេឡិចត្រូនិចមួយសម្រាប់ស្តា និងជំរុញ​មុខរបរមាតាបិតាសិស្សឱ្យបានប្រើសើរឡើងមួយកម្រិត និងបន្តគិតគូរពីយន្តការនានាបន្ថែមទៀតដើម្បីធានាឱ្យ​បាននូវការអប់រំពេញលេញមួយសម្រាប់សិស្ស និងអ្នកអាណាព្យាបាល។

ទន្ទឹមនឹងនេះលោក ប៉ិច បូឡែន ក៏បានសំណូមពរផងដែរឱ្យអាណាព្យាបាលសិស្សទាំងអស់សូម​ជួយសហការឱ្យកាន់តែជិតស្និទ្ធ ជាមួយនឹងសាលារៀននៅក្នុងការគាំទ្រការសិក្សាតាមអនឡាញ របស់បុត្រធីតា តាមរយៈការប្រាស្រ័យទាក់ទងមកសាលារៀនដើម្បីស្វែងយល់ពីបច្ចេកវិទ្យាក្នុងការអប់រំ និងកម្មវិធីសិក្សាអនឡាញ ក៏ដូចជាមាតិកាអនឡាញនានា។ សូមអាណាព្យាបាលភ្ជាប់ទំនាក់ទំនងល្អជាមួយលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលាឱ្យបានជិតស្និទ្ធបំផុតព្រោះស្ថានភាព Covid-19 ជារឿងបណ្តោះអាសន្ន​ តែបច្ចេកវិទ្យាក្នុងការសិក្សាអនឡាញជារឿងអនាគត ខណៈទំនាក់ទំនងរវាងគ្រូបង្រៀន សាលារៀន និងអាណាព្យាបាលជារឿងអចិន្ត្រៃយ៍សម្រាប់ការអប់រំបុត្រ បុត្រធិតារបស់យើងទាំងអស់គ្នា៕

Advertisement