ហេតុអ្វី​បានជា​ប្រទេស​ទាំងអស់​លើ​ពិភពលោក បណ្តុះ​ក្មេង​ជាមួយ​មុខវិជ្ជា​សិល្បៈ?

ការបណ្តុះបណ្តាល​មនុស្ស​ជំនាន់​ថ្មី គឺជា​រឿង​ចាំបាច់​បំផុត​សម្រាប់​គ្រប់​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក ព្រោះថា​ប្រទេស​ណា​ក៏​បណ្តុះបណ្តាល​មនុស្ស​ឱ្យ​សិក្សា​យ៉ាងហោចណាស់​កម្រិត​មូលដ្ឋាន​ដែរ ដើម្បីឱ្យ​ប្រជាជន​របស់គេ​ក្លាយជា​មនុស្ស​ដែលមាន​សក្តានុពល។ ក្នុង​នោះគេ​សង្កេតឃើញថា​សិល្បៈ គឺជា​មុខវិជ្ជា​ដែលមាន​គ្រប់​ទីកន្លែង​នៅលើ​ពិភពលោក ខណៈ​អាណាព្យាបាល​ខ្មែរ​ជាច្រើន​មិនសូវ​យកចិត្តទុកដាក់​នោះទេ។

គេហទំព័រ​ផ្នែក​អប់រំ​កុមារ PBSparents បាន​លើកឡើងថា សិល្បៈ​សំខាន់​ខ្លាំងណាស់​សម្រាប់​កុមារ​ដែល​មនុស្ស​ជាច្រើន​មើលរំលង តែ​ប្រសិនបើ​យើង​ពិនិត្យ​ឱ្យបាន​ល្អិតល្អន់ យើង​នឹង​ឃើញថា​វា​មាន​ធាតុសំខាន់ៗជាច្រើន​ដែល​អាច​ពង្រឹង​ផ្នែក​បញ្ញា​ស្មារតី​របស់​កុមារ។

អត្ថប្រយោជន៍​របស់​សិ​ល្បៈ​សម្រាប់​កុមារ​មានដូចជា៖

  1. សិល្បៈ​ពង្រឹង​ជំនាញ​ក្នុងការ​សម្រេចចិត្ត

អ្នកជំនាញ​ផ្នែក​សិល្បៈ និង​ជា​អ្នកនិពន្ធ​សៀវភៅ​សិល្បៈ​សម្រាប់​កុមារ MaryAnn Kohl បាន​លើកឡើងថា តាម​របាយការណ៍​រប​ស់ Americants for the Arts បាន​បង្ហាញថា សិល្បៈ​ជំរុញ​ឱ្យ​កុមារ​ក្លាយជា​មនុស្ស​ដែល​ចូលចិត្ត​ដោះស្រាយ​បញ្ហា និង​មាន​ជំនាញ​ក្នុង​ការគិត​បាន​ស៊ីជម្រៅ ព្រោះថា​នៅពេលដែល​កុមារ​ស្រឡាញ់​អ្វីមួយ​ដែលមាន​សម្រស់​ស្រស់ស្អាត ឬ​សមិទ្ធផល​សិល្បៈ​ដែល​រូបគេ​ចូលចិត្ត គេ​នឹង​ព្យាយាម​បង្កើត​វា​ដោយ​ខ្លួនឯង ហើយ​ព្យាយាម​ដោះស្រាយ​បញ្ហា​ដើម្បី​ធ្វើ​វា​ឱ្យបាន។

នៅពេលដែល​កុមារ​ចាប់ផ្តើម​ទទួលបាន​ការជំរុញ​ពី​សិល្បៈ​ឱ្យ​បង្កើត​អ្វី​ម្យ៉ាង​ដោយ​ខ្លួនឯង ក្មេង​នឹង​អាច​ក្លាយជា​អ្នកសម្រេចចិត្ត​ដ៏​ពូកែ ឬ​ហ៊ាន​សម្រេចចិត្ត​លើ​បញ្ហា​ដែល​គេ​កំពុង​ធ្វើ​ដោយ​ខ្លួនឯង ដែល​អាចធ្វើ​ឱ្យគេ​ក្លាយជា​មនុស្ស​ដែលមាន​សមត្ថភាព​ខ្ពស់​នៅ​ថ្ងៃ​អនាគត។

  1. សិល្បៈ​ជំរុញឱ្យមាន​គំនិត​បង្កើត​ថ្មី

សមិទ្ធផល​ទាំងអស់​នៅលើ​ពិភពលោក​កើតឡើង​ពី​ក្តី​ស្រឡាញ់ និង​សិល្បៈ​នៃ​ការបង្កើត​ស្នាដៃ​ថ្មី ហេតុនេះ​សិល្បៈ​គឺជា​ផ្នែក​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​មនុស្ស​ឱ្យមាន​គំនិត​ច្នៃប្រឌិត​ប្រកបដោយ​ថាមពល និង​ភាព​រីករាយ។ ជាធម្មតា ក្មេង​ដែល​ស្រឡាញ់​សិល្បៈ​គាត់​នឹង​ចង់​បង្កើត​ស្នាដៃ​សិល្បៈ ហើយ​នៅពេលដែល​គាត់​បង្កើតបាន​របស់​អ្វីមួយ គាត់​នឹង​យល់​ពី​ហេតុផល​នៃ​ធាតុ​ផ្សំ​នានា​ដែល​បង្កើតជា​ស្នាដៃ​នោះ។ ចំណេះដឹង​ជា​មូលដ្ឋាន​របស់​សិល្បៈ និង​គំនិតតូចៗរបស់​វា​អាច​នឹង​ក្លាយជា​ចំណុចសំខាន់ៗដែល​ជំរុញ​ឱ្យ​ក្មេង​ប្រើ​វា​ជា​មូលដ្ឋាន​ក្នុងការ​កែច្នៃ ឬ​រកឃើញ​គំនិត​ថ្មី​ដើម្បី​បង្កើត​រឿង​ដ៏​អស្ចារ្យ​ជាច្រើន​ដែល​មនុស្ស​ទូទៅ​នឹកស្មាន​មិន​ដល់។

  1. សិល្បៈ​ជួយ​ឱ្យ​កុមារ​ក្លាយជា​មនុស្ស​ដែលមាន​គំនិត​វិជ្ជមាន

សិល្បៈ​បង្កើត​ក្តី​ស្រឡាញ់ ជាមួយនឹង​ភាពស្ងប់ស្ងាត់​ដែល​អាច​អនុញ្ញាតឱ្យ​ក្មេង​មានឱកាស​សិក្សា​ពី​ជីវិត​ខ្លួនគេ​បាន​យ៉ាង​ល្អ ហេតុនេះ​កុមារ​ដែលមាន​ចំណេះដឹង ឬ​កម្សាន្ត​ជាមួយ​សិល្បៈ​ដែល​វិជ្ជមាន នឹង​ក្លាយជា​មនុស្ស​ដែលមាន​គំនិត​សុទិដ្ឋិនិយម និង​តស៊ូ​ជាង​កុមារ​ធម្មតា។ កុមារ​ដែលមាន​គំនិត​សិល្បៈ​ជាម​នុស្ស​ដែល​ចេះ​រង់ចាំ មាន​ភាពក្លាហាន​ក្នុង​ការមើល​លើ​រឿង​គ្រប់យ៉ាង​ដែល​កុមារ​ដទៃ​គិតថា​មិនអាច​ទៅរួច ហើយ​ថែមទាំង​ហ៊ាន​ប្រើ​ថាមពល​របស់ខ្លួន​ដើម្បី​សម្រេច​នូវ​រឿងល្អៗជាច្រើន​ដែល​អាចធ្វើឱ្យ​មនុស្ស​ធំ​ភ្ញាក់ផ្អើល ព្រោះ​សិល្បៈ​អាចធ្វើឱ្យ​ពួកគេ​អាចមាន​ពេល​គ្រប់គ្រាន់​ក្នុងការ​មើល​ពី​ចំណុច​ជាច្រើន​ដែល​មនុស្ស​ដទៃ​មិនដែល​គិតដល់៕

Advertisement