ចុងឆ្នាំ​គួររៀបចំ​អ្វីខ្លះ​ដើម្បី​ធ្វើឱ្យ​ជីវិត​កាន់តែ​ប្រសើរ?

នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ឆ្នាំ2017 នឹងត្រូវ​បញ្ចប់ ហើយ​ជំនួស​មកវិញ​នូវ​ឆ្នាំ​ថ្មី​ដែល​បង្ហាញថា​អាយុ​របស់​មនុស្ស​គ្រប់គ្នា​នឹង​កើនឡើង​មួយឆ្នាំ​ទៀត ហើយ​វា​ក៏​ជា​ពេលវេលា​ដែល​អ្នក​ទាំងអស់គ្នា​ត្រូវ​បង្កើនល្បឿន​នៃ​ការអភិវឌ្ឍ​ឱ្យស្រប​ទៅតាម​ការវិវត្ត​នៃ​ពេលវេលា​ផងដែរ។

ខាងក្រោម​នេះ​ជា​វត្ថុ​មួយចំនួន​ដែល​អ្នកស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍ​មនុស្ស​ណែ​នាំឱ្យ​មនុស្ស​គ្រប់រូប​គួរ​ត្រៀម​ដើម្បី​ជា​ជំនួយ​សម្រាប់​ការសម្រេច​គោលដៅសំខាន់ៗ និង​បង្កើន​ប្រសិទ្ធភាព​ការងារ​សម្រាប់​ឆ្នាំ​ថ្មី​ខាងមុខ។

  1. ប្រតិទិន និង​តារាង​ផែនការ​ចុងខែ​ធ្នូ គឺជា​ពេលវេលា​ល្អ​បំផុត​សម្រាប់​អ្នក​ទាំងអស់គ្នា​ក្នុងការ​រំឭក​ពី​ផែនការ​សម្រាប់​ឆ្នាំ​ថ្មី​ដែល​អ្នក​គ្រោង​ថា​នឹង​សម្រេច ហើយ​វា​ក៏​ជា​ពេលវេលា​ល្អ​បំផុត​សម្រាប់​ពិនិត្យមើល និង​ត្រៀម​ទុកឱ្យហើយ​ពីថ្ងៃ​ដែល​ត្រូវ​ឈប់សម្រាក រួមទាំង​ធ្វើការ​ងារសំខាន់ៗនៅក្នុង​ខែនីមួយ។

ការប្រើប្រាស់​តារាង​គ្រប់គ្រង​ផែនការ អាចជា​វិធី​ល្អ​មួយ​ផងដែរ​ក្នុងការ​កំណត់​ឱ្យបាន​រួចជាស្រេច​ចំពោះ​ថ្ងៃសំខាន់ៗរួមទាំង​អាចជួយ​ឱ្យ​អ្នក​ស្មាន​ទុក​ផងដែរ​ពី​ខ្ទង់ចំណាយ​អាទិភាព​មួយចំនួន​លើ​កម្មវិធី​បុណ្យប្រពៃណី ឬ​កម្មវិធី​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ ដោយ​រាប់ទាំង​ខួបកំណើត​មនុស្ស​ជាទី​ស្រឡាញ់​ជាដើម។ ម្យ៉ាងវិញទៀត តារាង​គ្រប់គ្រង​ផែនការ និង​ប្រតិទិន​ជា​ឧបករណ៍​ដែល​អាចជួយ​សម្រាល​បន្ទុក​របស់​អ្នក​បាន​ច្រើន​បំផុត ព្រោះថា​មនុស្សម្នាក់ៗប្រាកដ​ជាមាន​ការងារ​ច្រើន​ត្រូវធ្វើ ហេតុនេះ​បើ​មាន​តារាង​ចំណាំ​ដែល​អ្នក​បានឃើញ​រាល់ថ្ងៃ អ្នកនឹង​មានការ​ទុកចិត្ត ហើយ​កាត់បន្ថយ​ការ​ខ្វល់ខ្វាយ​បាន​មួយកម្រិត​ដែរ។ នៅពេលដែល​អ្នក​អាច​កំណត់​ពី​ពេលសំខាន់ៗបាន​ច្បាស់​ហើយ អ្នកនឹង​ក្លាយជា​មនុស្ស​ដែល​ពូកែ​ទំនាក់ទំនង ហើយ​ជាម​នុស្ស ដែល​គ្រប់គ្នា​ស្គាល់​ជា​អ្នកធ្វើការ​ហ្មត់ចត់ និង​ទៀងទាត់។

  1. សៀវភៅ​កត់ត្រា និង​សៀវភៅ​ទិនានុលេខន៍​ប្រចាំឆ្នាំ​ថ្មី (Diary) ក្រៅពី​ប្រតិទិន និង​តារាងធំៗដែល​បិទ​ជាប់​នៅ​ជញ្ជាំង​ការិយាល័យ ឬ​នៅផ្ទះ អ្នក​ក៏ត្រូវ​ការ​ជំនួយការ​មួយទៀត​ដែល​អាច​ទៅតាម​អ្នក​គ្រប់ពេលវេលា​នោះ គឺ​សៀវភៅ​ទិនានុលេខន៍ (Diary)។

សៀវភៅ​ប្រភេទ​នេះ​មាន​បញ្ជាក់​យ៉ាងច្បាស់​ពីថ្ងៃ​ខែ​ឆ្នាំ​ច្បាស់លាស់​នៅ​គ្រប់​ទំព័រ​រួចជាស្រេច​ដែល​ធ្វើឱ្យ​អ្នក​ងាយស្រួល​កត់ត្រា​នូវ​រឿង​ដែល​ត្រូវធ្វើ​ក្នុងមួយថ្ងៃៗបាន​យ៉ាង​ល្អ។ ក្រៅពី​កត់ត្រា​នូវ​អ្វីដែល​ខ្លួន​បានធ្វើ​សៀវភៅ​ទិនានុលេខន៍ ក៏មាន​មុខងារ​ជា​អ្នកធ្វើ​ផែនការតូចៗប្រចាំថ្ងៃ​យ៉ាង​ល្អ​ផងដែរ ព្រោះថា​អ្នក​អាច​សរសេរ​វា​ទុក​មុន​មួយថ្ងៃ​ដើម្បី​រំឭក​ខ្លួនឯង​ថា នៅ​ថ្ងៃស្អែក​ត្រូវធ្វើ​អ្វីខ្លះ ហើយ​នៅថ្ងៃនេះ​អ្នក​បានសម្រេច​អ្វីខ្លះ និង​នៅសល់​អ្វីខ្លះ​ទៀត​ដែល​មិនទាន់​បានធ្វើ។

ការប្រើប្រាស់​ទិនានុលេខន៍ នេះ​អាច​នឹង​ធ្វើឱ្យ​អ្នក​ក្លាយជា​មនុស្ស​មាន​របៀប ហើយ​ជំរុញ​ឱ្យ​ការងារ​ជាច្រើន​ទទួលបាន​ជោគជ័យ ព្រោះថា​វា​ជា​ជំនួយការ​ដាស់តឿន​អ្នក​ដែល​នៅ​ជាមួយ​អ្នក​ស្ទើរ​គ្រប់ពេល។

  1. សៀវភៅអាន​ដែល​ត្រូវ​នឹង​គោលដៅ​សម្រាប់​ឆ្នាំ​បន្ទាប់​មនុស្ស​ដែលមាន​គោលដៅ​ច្បាស់លាស់ និង​ជា​អ្នក​ដែល​តែងតែ​តាមដាន​ការរីកចម្រើន​សម្រាប់​ខ្លួនឯង ភាគច្រើន​ដឹង​រួចជាស្រេច​ពី​កន្លែង​ដែល​គេ​នឹង​ទៅដល់​នៅក្នុង​រយៈពេល​ដែល​គេ​កំណត់ទុក​រួចជាស្រេច។ សម្រាប់​អ្នក​ដែលមាន​គំនិត​បែបនេះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ គេ​នឹង​អភិវឌ្ឍ​ខ្លួនឯង​ឱ្យ​កាន់តែ​ប្រសើរ ហើយ​ទំនួល​ខុសត្រូវ​សម្រាប់​ខ្លួនឯង​ក៏​កាន់តែ​ខ្ពស់​ផងដែរ ដែល​ទាមទារ​ឱ្យ​ពួកគេ​ត្រូវ​អភិវឌ្ឍ​ខ្លួនឯង​ជាប់​រហូត​ទើប​ទទួលបាន​ជោគជ័យ។

បន្ទាប់ពី​កំណត់​ពី​កន្លែង​ដែល​ត្រូវ​ទៅហើយ យើង​គួរ​ត្រៀមខ្លួន​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​អាច​រាំងស្ទះ​ដល់​ការងារ ឬ​អាជីវកម្ម​នៅ​ឆ្នាំ​ថ្មី ហេតុនេះ​ការជ្រើសរើស​សៀវភៅអាន​ដើម្បី​ឆ្លើយតប​ឱ្យ​ត្រូវ​ស្ថានការណ៍​ជាក់ស្តែង​ដែល​អ្នកនឹង​អាច​ជួបប្រទះ​ជា​រឿង​ល្អ​បំផុត ព្រោះ​អ្នក​អាច​នឹង​ក្លាយជា​មនុស្ស​ដែល​គ្រប់គ្រង​ស្ថានការណ៍​បានល្អ​ប្រសិនបើ​អ្នក​ត្រៀម​ចំណេះដឹង​ជាស្រេច​ដើម្បី​ទប់ទល់៕

Advertisement