ការវិនិយោគ​ដែល​ធូរ​ថ្លៃ​ជាងគេ​លើ​ពិភពលោក គឺ​ការអាន

ការអាន​ជា​រឿង​សំខាន់​ណាស់​សម្រាប់​មនុស្ស​ទាំងអស់​លើ​ពិភពលោក ព្រោះថា ប្រភព​ចំណេះដឹង​ទាំងអស់​ត្រូវបាន​គេ​កត់​ត្រាទុក​នៅក្នុង​ក្បួនច្បាប់​នានា ដែល​ក្នុងនោះ​សៀវភៅ​ក៏​ជា​ប្រភព​នៃ​ចំណេះដឹង​ដែល​មនុស្សពូកែៗជាច្រើន​បាន​ចងក្រង​ទុក​សម្រាប់​អប់រំ​មនុស្ស​ជំនាន់​ក្រោយ​ដែរ។

សហ​ស្ថាបនិក​បណ្ណាល័យ​បញ្ញវន្ត លោក សុខ ឡាក់ បាន​លើកឡើងថា នៅលើ​ពិភពលោក​នាពេល​បច្ចុប្បន្ន​នេះ​គឺ សៀវភៅ​មាន​ដល់​ទៅ 130 លាន​ចំណងជើង បើតាម​ការស្រាវជ្រាវរ​បស់​ក្រុមហ៊ុន Google ហើយ​ប្រភព​ចំណេះដឹង​ទាំងអស់នោះ​សុទ្ធតែជា​ទ្រព្យសម្បត្តិ​ដ៏​សំខាន់​ដែល​អាចធ្វើឱ្យ​មនុស្ស​បង្កើត​លុយ​បាន​រាប់លាន​ដុល្លារ។

លោក សុខ ឡាក់ បាន​និយាយថា៖ “ មាន​មនុស្សពូកែៗច្រើនណាស់​នៅលើ​ពិភពលោក​នេះ​ដែល​បាន​បន្សល់ទុក​ស្នាដៃ​ដ៏​ច្រើន ដែល​យើងទាំងអស់គ្នា​អាច​យកមកប្រើ​បាន​ដោយ​គ្រាន់តែ​ចំណាយ​ពេលវេលា​ដើម្បី​អាន​ឯកសារ​ដែល​គាត់​ខិតខំ​ចងក្រង​ទុក​ប៉ុណ្ណោះ។ ស្ថាបនិក​បណ្ណាល័យ​ខាងលើ​បានលើកឡើង​ផងដែរ​ថា ការអាន គឺជា​ការវិនិយោគ​ដ៏​ឆ្លាត​វៃ ដែល​ទទួលបាន​ទាំង​ចំណេះដឹង ការកម្សាន្ត និង​អាច​ប្រើប្រាស់​វា​សម្រាប់​ជា​ប្រយោជន៍​ដល់​ជីវិត​បាន ព្រោះថា បើ​អ្នក​ទាំងអស់គ្នា​ប្រៀបធៀប​ជាមួយ​ការវិនិយោគ​បែប​ផ្សេង​វិញ យើង​នឹង​មើលឃើញថា ការអាន គឺជា​ការវិនិយោគ​ដែល​ចំណាយ​តិច តែ​ទទួលបាន​ផល​ច្រើន។

លោក​បានបញ្ជាក់​ផងដែរ​ថា បណ្ណាល័យ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន គឺមាន​ដល់​ទៅ​ជាង 1ម៉ឺន​បណ្ណាល័យ គឺ​ច្រើនជាង​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន ដូចជា​ប្រទេស​សិង្ហ​បុរី​ជាដើម តែ​ជា​អកុសលប្រជាជន​ឮ​ខ្មែរ​ជាច្រើន​មិនទាន់​បានដឹង​ច្បាស់​ហើយក៏​មិនទាន់បាន​យកចិត្តទុកដាក់​ខ្លាំង​លើ​ការងារ​អាន​ដែរ។

លោក សុខ ឡាក់ បាន​និយាយថា៖ “បើ​ចង់ឱ្យ​ប្រជាជន​ខ្មែរ​ចាប់ផ្តើម​អាន ហើយ​ទទួលបាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ លុះត្រាតែ​យើង​ធ្វើឱ្យ​បណ្ណាល័យ​ទាំងអស់នោះ​ដំណើរការ។ លោក​បាន​សង្កត់ធ្ងន់ថា នាពេល​បច្ចុប្បន្ននេះ មាន​បណ្ណាល័យ​មួយចំនួន​មិនសូវ​ត្រូវបាន​គេ​យកចិត្តទុកដាក់​នោះទេ ដែល​ពេលខ្លះ​វា​បណ្តាលមកពី​យើង​ខ្វះ​អ្នកជំនាញ​នៅ​បណ្ណាល័យ។ តាមពិត​នៅ​បណ្ណាល័យ​គឺ​ត្រូវការ​អ្នកជំនាញ​ច្រើន​ដើម្បី​ប្រឹក្សា​យោបល់ ជ្រើសរើស​សៀវភៅ​ដែល​ត្រូវ​នឹង​ស្ថានភាព​របស់​អ្នកអាន ដើម្បី​កុំឱ្យ​អ្នក​ដែល​ចង់​អាន​មានការ​ហត់នឿយ​ខ្លាំង​ក្នុងពេល​ចាប់ផ្តើម

ដំបូង ឬ​ផ្តល់នូវ​ប្រភព​ដែល​សំខាន់​ខ្លាំង​សម្រាប់​អ្នកស្រាវជ្រាវ។ ម្យ៉ាងវិញទៀត អ្នកជំនាញ​បណ្ណាល័យ​ក៏​ជា​អ្នក​ដែល​អាចជួយ​ឱ្យ​អ្នក​ទាំងអស់គ្នា​ចំណាយ​ថវិកា​តិច​ក្នុងការ​ស្វែងរក​ឯកសា​រ​នានាដែល​ខ្លួន​ចង់បាន​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ដែល​កំពុង​ប្រឈម​ក្នុង​ការរស់នៅ ក្នុង​ការងារ ឬ​ក្នុង​អាជីវកម្ម​ជាដើម៕

Advertisement