ការប្រើប្រាស់​ភាសា​ខ្មែរ​ខុស​លើ​បណ្តាញ​សង្គម​អាចជា​ចំណុច​គ្រោះថ្នាក់

«វប្បធម៌​រលត់​ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ​ជាតិ​ថ្កើងថ្កាន» នេះ​ជា​សុភាសិត​ដែល​ប្រជាជន​ខ្មែរ​គ្រប់គ្នា​បានដឹង បាន​ចាំ និង​បានឮ​យ៉ាងហោចណាស់​ម្តង​ក្នុង​ជីវិត តែថ្មីៗនេះ​យើង​មើលឃើញ​ជាទូទៅ​ថា ការប្រើប្រាស់​ភាសា​ខ្មែរ​ដែលជា​ផ្នែក​មួយ​យ៉ាងសំខាន់​របស់​វប្បធម៌ ហាក់​ត្រូវបាន​គេ​ប្រើប្រាស់​ខុស​ច្រើន​នៅក្នុង​បណ្តាញ​សង្គម ជាពិសេស​នៅក្នុង​បណ្តាញ Facebook។

អ្នក​ដែល​បាន​ប្រើ​ភាសា​ខ្មែរ​ខុស​នោះ​មាន​ទាំង​យុវជន និស្សិត អ្នកជំនាញ​បច្ចេកទេស អ្នកធ្វើការងារ​ក្នុង​ស្ថាប័ន​សាធារណៈ ស្ថាប័នឯកជន និង​អ្នក​ខ្លះទៀត​ជា​អ្នក​ដែលមាន​ប្រជាប្រិយភាព​ក្នុងសង្គម​ថែមទៀត​ផង ដែល​ចំណុច​ទាំងអស់នេះ​បាន​ជំរុញឱ្យមាន​ការយល់ច្រឡំ និង​បញ្ហា​កើតឡើង​សម្រាប់​វិស័យ​អក្សរសាស្ត្រ​ខ្មែរ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ឡា​រ៉ែ​ន ពាណិជ្ជ បាន​ជួប​សម្ភាសន៍​ជាមួយ​លោក ឈិន សីហា ប្រធាន​ស្ថាបនិក​ក្លិប​អក្សរសាស្ត្រ​ខ្មែរ ដើម្បី​បង្ហាញ​ពី​ផល​លំបាក​នៃ​ការប្រើប្រាស់​ភាសា​ខុស និង​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់​នៅក្នុង​សង្គម៖

តើ​ការប្រើប្រាស់​ភាសា​ខុស​ក្នុង​បណ្តាញ​សង្គម​បាន​ជះ​ផលប៉ះពាល់​អ្វីខ្លះ​ដល់​សង្គម?

ការប្រើប្រាស់​ភាសា​ខុស​ជា​រឿង​គ្រោះថ្នាក់​មួយ​សម្រាប់​វិស័យ​អក្សរសាស្ត្រ​ជាតិ ព្រោះថា​នៅពេលដែល​យើងទាំងអស់គ្នា​ជា​មនុស្ស​ទូទៅ​ដែល​មិន​ស្ថិតក្នុង​ចំណាប់អារម្មណ៍​របស់​សាធារណជន​សរសេរ​ខុស​វា​មិនសូវ​ជា​បញ្ហា​ប៉ុន្មាន​នោះទេ តែ​ប្រសិនបើ​មនុស្ស​ដែលមាន​ប្រជាប្រិយភាព​សរសេរ​ខុស​វិញ​នោះ គេ​គ្រប់គ្នា​នឹង​គិតថា​សំណេរ​នោះ​ត្រូវ ហើយនឹង​អនុវត្តតាម។ ការអនុវត្ត​តាម​គ្នា​នេះ​អាចធ្វើឱ្យ​មនុស្ស​ទូទៅ​លែង​ស្គាល់​ពាក្យ​ត្រឹមត្រូវ​ពិតប្រាកដ ហើយ​ក្លាយជា​រឿង​ខុស​ដោយ​មិនដឹង​ខ្លួន។ ម្យ៉ាងវិញទៀត ពេលខ្លះ​យើង​ក៏​ឃើញ​មាន​ស្ថាប័ន​សាធារណៈ​មួយចំនួន​បាន​សរសេរ​ផ្ទាំង​ផ្សព្វផ្សាយ​របស់ខ្លួន​ដោយមាន​កំហុស​អក្ខរាវិរុទ្ធ​ផងដែរ ដែលជា​ហេតុ​ធ្វើឱ្យ​ប្រជាជនមាន​ការយល់ច្រឡំ។

តើ​គួរ​ធ្វើយ៉ាងណា​ដើម្បី​ដោះស្រាយ​បញ្ហា​ពាក្យ​ខុស​នេះ​ក្នុង​ស្ថាប័ន​សាធារណៈ?

ចំពោះ​ការសរសេរ​ខុស នៅក្នុង​ស្ថាប័ន​សាធារណៈ​គឺជា​រឿង​មួយ​ដែល​មិនគួរ​កើតឡើង​នោះឡើយ​ព្រោះ​ការផ្សព្វផ្សាយ​របស់គាត់​ជាការ​ផ្សព្វផ្សាយ​ផ្លូវ​ការដែល​មនុស្ស​ជឿទុកចិត្ត​ច្រើន ហេតុនេះ​នៅពេលដែល​គាត់​សរសេរ​ខុស ប្រជាជន​នឹង​យល់ថា​ត្រូវ ហើយ​នៅពេលដែល​ឃើញ​ពាក្យ​ត្រូវ​វិញ​ប្រជាជន​អាច​គិតថា​ខុស។ ហេតុនេះ​ដើម្បី​ដោះស្រាយ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​មាន​វិធានការ​ក្នុងការ​ធ្វើ​វិ​ក្រឹ​ត​ការ​ផ្នែក​អក្សរសាស្ត្រ​ដើម្បីឱ្យ​មន្ត្រី ឬ​បុគ្គលិក​បាន​យល់ច្បាស់​ពី​ការប្រើប្រាស់​ភាសា ឬ​ចំណុច​មួយចំនួន​ដែលមាន​ការយល់ច្រឡំ ហើយ​ចៀសវាង​កំហុស​ដទៃទៀត។ ក្រៅពីនេះ​យើង​ក៏​អាចធ្វើ​សិក្ខាសាលា​មួយចំនួន​ដោយ​អញ្ជើញ​អ្នកជំនាញ​អក្សរសាស្ត្រ​ដើម្បី​ធ្វើ​បទ​បង្ហាញ​ពី​ការប្រើប្រាស់​អក្សរសាស្ត្រ​ជា​ទៀងទាត់ តែ​កុំឱ្យ​រំខាន​ច្រើន​ដល់​ការធ្វើ​កិច្ចការងារ​របស់គាត់ ដើម្បី​ផ្តល់ឱកាស​ឱ្យ​គាត់​បាន​ស្វែងយល់​ពី​អក្សរសាស្ត្រ​ឱ្យបាន​ទូលំទូលាយ។ លើសពីនេះទៅទៀត ការធ្វើ​សេចក្តីណែនាំ​ជា​លាយ​លក្ខ​អក្សរ ឬ​ជាការ​ពិន័យ​រដ្ឋបាល​ចំពោះ​កំហុសដដែលៗអាចជា​វិធីសាស្ត្រ​មួយ​ក្នុងការ​ជំរុញឱ្យមាន​កា​រ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការប្រើប្រាស់​ភាសា​ក្នុងការ​ផ្សព្វផ្សាយ​របស់​ស្ថាប័ន​សាធារណៈ។

តើ​ធ្វើយ៉ាងណា​ដើម្បី​ជំរុញ​ឱ្យ​សាធារណជន​ទូទៅ​ប្រើប្រាស់​ភាសា​ឱ្យបាន​ត្រឹមត្រូវ ជាពិសេស​ក្នុង​បណ្តាញ​សង្គម Facebook?

ការប្រើប្រាស់​ភាសា​ខុស​ក៏​ជា​កត្តា​ប្រឈម​ផងដែរ​ដែល​កំពុង​ជួបប្រទះ​ក្នុងសង្គម​របស់​យើង ព្រោះ​នៅពេល​បច្ចុប្បន្ននេះ​យើងទាំងអស់គ្នា​បានឃើញ​ហើយ​ថា​ការប្រើប្រាស់​ភាសា​របស់​ប្រជាជន​ខ្មែរ​យើង​នៅមានកម្រិត ដែល​មនុស្ស​មួយចំនួន​កំពុង​ប្រើប្រាស់​ភាសា​ខុស​លើ​សំណេរ​របស់ខ្លួន ហើយ​តែងតែ​បង្ហាញ​ជា​សាធារណៈ​នៅក្នុង​បណ្តាញ​សង្គម។ បញ្ហា​ទាំងអស់នេះ​អាច​បណ្តាលមកពី​ពួកគាត់​មិនសូវ​យកចិត្តទុកដាក់​ក្នុងការ​ប្រើប្រាស់​ភាសា​ខ្មែរ​ឱ្យបាន​ត្រឹមត្រូវ តែ​វា​ក៏​អាចមកពី​យើង​មិនទាន់មាន​យន្តការ​ក្នុងការ​ដោះស្រាយ​បញ្ហា​អក្សរសាស្ត្រ​ក្នុង​បណ្តាញ​បច្ចេកវិទ្យា​ផងដែរ។

ជា​ដំណោះស្រាយ យើង​ឃើញ​ហើយ​ថា​សម្រាប់​ភាសាបរទេស​មួយចំនួន​គេ​មាន​កម្មវិធី​កែតម្រូវ​លើ​បណ្តាញ​បច្ចេកវិទ្យា រួមទាំង​កម្មវិធី​បង្ហា​ញ​កំហុស​អក្ខរាវិរុទ្ធ ដោយ​ដាក់​សញ្ញាផ្សេងៗដើម្បី​បង្ហាញថា​សំណេរ​នោះ​មិន​ត្រឹមត្រូវ ខណៈ​កម្មវិធី​មួយទៀត​គឺ​បាន​បិទ​មិនឱ្យ​សរសេរ​ពាក្យ​ខុស​នោះ​ថែម​ទៀតផង។ សម្រាប់​ភាសា​ខ្មែរ​យើង តាមពិតទៅ​យើង​ក៏​អាចធ្វើ​បែប​នោះ​បានដែរ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ពាក់ព័ន្ធ​នឹង​អក្សរសាស្ត្រ។

ប្រសិនបើ​យើង​កំណត់ឱ្យ​ពាក្យ​ខុស​ក្នុង​បណ្តាញ​បច្ចេកវិទ្យា​មិនអាច​សរសេរ​បាន នោះ​ប្រជាជន​យើង​នឹង​ស្វែងរក​ពាក្យ​ត្រូវ​មក​សរសេរ​វិញ ខណៈ​ពេលខ្លះ​កម្មវិធី​បង្ហាញ​ពាក្យ​ខុស​មួយចំនួន​ក៏​អាចជា​ដំណោះស្រាយ​លើ​កត្តា​ប្រឈម​ផងដែរ ដែល​អាចធ្វើឱ្យ​ប្រជាជន​ខ្មែរ​យើង​ដឹងខ្លួនភ្លាមៗបន្ទាប់ពី​គាត់​បាន​សរសេរ​ខុស ហើយ​ងាយ​កែតម្រូវ​វិញ៕

Advertisement