អ្នកជំនាញ​បង្ហាញ​ពី​ហេតុផល​ដែល​ក្រសួង​ចាត់វិធានការ​លើ​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ការងារ

ការ​គាំពារ​បុគ្គលិក និង​ការជំរុញ​ឱ្យមាន​ការគោរព​សិទ្ធិ​ការងារ​ឱ្យ​កាន់តែ​ទូលំទូលាយ ជា​រឿង​សំខាន់​មួយ​ដែល​កម្ពុជា​កំពុង​យកចិត្តទុកដាក់។

វិធានការ​មួយចំនួន​ដែល​រដ្ឋាភិបាល ដែលមាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជា​សេនាធិការ បានចាប់ផ្តើម​ធ្វើ​ចំពោះ​ក្រុមហ៊ុន​ឯកជន​នាពេល​បច្ចុប្បន្ននេះ គឺ​ការដាក់ពិន័យ​ទៅលើ​ក្រុមហ៊ុន​ទាំងឡាយណា​ដែល​មិន​គោរព​តាមច្បាប់​ការងារ ជាពិសេស​លើ​លក្ខខណ្ឌ​មួយចំនួន​ស្តីពី​សិទ្ធិ​ការងារ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​មេធាវី សោម ចំណាន ដែលជា​អ្នកជំនាញ​ផ្នែក​ច្បាប់​ការងារ​បាន​លើកឡើងថា នេះ​ជា​ពេលវេលា​ដ៏​សំខាន់​ដែល​ក្រសួង​ចាប់ផ្តើម​ចាត់វិធានការ​លើ​ក្រុមហ៊ុន​ទាំងឡាយណា​ដែល​មិន​គោរព​សិទ្ធិ​ការងារ។ ដើម្បី​ធានា​ដល់​ការគ្រប់គ្រង​យន្តការ​នេះ ក្រសួង​បាន​បង្កើតឱ្យមាន​ក្រុមអធិការកិច្ច​ដែល​ក្នុងនោះ តួនាទី​របស់​ពួកគាត់​គឺ​ធ្វើការ​ត្រួតពិនិត្យ និង​ផាកពិន័យ​ចំពោះ​ក្រុមហ៊ុន ឬ​សហគ្រាស​ទាំងឡាយណា​ដែល​មិន​គោរព​សិទ្ធិ​បុគ្គលិក។

លោក​មេធាវី សោម ចំណាន បាន​និយាយថា៖ «នៅ​ឆ្នាំ 2015 ដល់​ឆ្នាំ 2016 មានការ​ផាកពិន័យ​កើនឡើង​ដល់​ទៅ 100%។ វា​ជា​ពេលដែល​ត្រូវ​ផាកពិន័យ​ហើយ ព្រោះ​ច្បាប់​ការងារ​បានធ្វើ​ប្រមាណ​ជាង 30ឆ្នាំ មកហើយ ហេតុនេះ​ល្មម​ដល់​ពេលដែល​ក្រុមហ៊ុន​នានា​យល់ច្បាស់ និង​ចូលរួម​អនុវត្ត​ហើយ»។

ក្រៅពីនេះ ហេតុផល​ដែល​ជំរុញឱ្យមាន​ការផាកពិន័យ​កាន់តែច្រើន​នេះ ព្រោះ​ក្រសួង​មាន​យន្តការ​លើកទឹកចិត្ត​ដល់​ក្រុមអធិការកិច្ច ដោយ​ក្រសួង​បានផ្តល់​ថវិកា​ប្រមាណ 70% នៃ​ចំនួន​ទឹកប្រាក់​ដែល​បានមកពី​ការផាកពិន័យ​ឱ្យទៅ​ក្រុមអធិការកិច្ច​ដែល​បាន​ចាត់វិធានការ​លើ​ក្រុមហ៊ុន​ឯកជន។ ក្រៅពីនេះ សហជីព​អន្តរជាតិ​ក៏​តែងតែ​ធ្វើការ​ស្នើសុំ (Complain) និង​ជំរុញ​ដើម្បីឱ្យ​ក្រសួង​ចាត់វិធានការ​ឱ្យបាន​ដិតដល់​ជុំវិញ​បញ្ហា​នេះ​ផងដែរ៕

Advertisement