ប្រឡង​បាក់​ឌុប​ឆ្នាំនេះ មាន​អ្នក​អវត្តមាន​ជាង1ពាន់​នាក់ និង​ភាពមិនប្រក្រតី​មួយចំនួន

ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ដំណើរការ​សំណេរ នៃ​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​ក្នុងសម័យ​ប្រឡង​ថ្ងៃទី 21 ខែសីហា ឆ្នាំ2017 ដើម្បី​បង្ហាញ​ពី​ស្ថានភាព​ទូទៅ និង​សរុប​ស្ថានភាព​ទូទៅ​នៃ​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ។

ជា​ស្ថានភាព​ដែល​បង្ហាញ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្ហាញថា នៅ​ឆ្នាំ 2017 នេះ ការប្រឡង​មាន​ស្ថានភាព​ស្ងប់ស្ងាត់​ល្អ និង​ប្រព្រឹត្ត​ទៅដោយ​រលូន ដោយមាន​បេក្ខជន​ប្រឡង​សរុប​ចំនួន 101,410នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន 178មណ្ឌល ក្នុងនោះ​មាន​ថ្នាក់​វិទ្យាសាស្ត្រ​ពិត​ចំនួន 108មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ចំនួន 70មណ្ឌល។ ការប្រឡង​នេះ​ក៏មាន​ការចូលរួម​ពី​អ្នកសង្កេតការណ៍​ចំនួន 4,678នាក់។

ក្នុង​ដំណើរ​ការប្រឡង​នេះ​មាន​បេក្ខជន​អវត្តមាន​ចំនួន 1,647នាក់ ក្នុងនោះ​មាន​សិស្សស្រី​ចំនួន 584នាក់ គិត​ជា​ភាគរយ​គឺ​ប្រមាណ​ជា 1,62ភាគរយ​នៃ​បេក្ខជន​សរុប។ ចំពោះ​ដំណើរការ​សំណេរ​នៅ​ឆ្នាំនេះ​ថ្វីត្បិតតែ​មាន​លក្ខណៈ​ល្អប្រសើរ​ជាងឆ្នាំមុនៗក៏ដោយ តែ​ក៏មាន​ចំណុច​ខ្លះ​ដែល​គួរឱ្យកត់សម្គាល់​ផងដែរ​ដូចជា​មាន​ភ្លៀង​ធ្លាក់​នៅតាម​បណ្តា​ខេត្ត​ខ្លះ រួមទាំង​មាន​បេក្ខជន​មួយចំនួន​មាន​បញ្ហា​សុខភាព​ដែលជា​ឧបសគ្គ​បន្តិចបន្តួច​ស​ម្រា​ប់​ដំណើរការ​ប្រឡង។

យោងតាម​ឯកសារ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្ហាញថា បេក្ខជន​ប្រឡង​ដែលមាន​កំហុសឆ្គង​ត្រូវ​បានរៀបចំ​កំណត់ហេតុ​ពិសេស​មាន​ចំនួន 13ករណី ក្នុងនោះ​ករណី​ដកហូត​ទូរស័ព្ទដៃ6ករណី ប្តូរ​លេខ​តុ​អង្គុយ​មាន1ករណី លួច​ចម្លង​សំណៅ​ឯកសារ 1ករណី លួច​ប្រើ​ម៉ាស៊ីន​គិត​លេខ 1ករណី ប្រឡង​ជំនួស 1ករណី លួច​ប្តូរ​លេខ​តុ1ករណី និង​បុគ្គលិក​អប់រំ​មាន​កំហុសឆ្គង5ករណី (ប្រើប្រាស់​ទូរស័ព្ទ ឱ្យគេ​មក​ជំនួស ខ្ជីខ្ជា​ក្នុងការ​បំពេញភារកិច្ច)។

ចំពោះ​បញ្ហា​សុខភាព​វិញ ជារួម​ឃើញថា​កើតឡើង​ចំនួន70ករណី ប៉ុន្តែ​អាច​ដំណើរការ​ប្រឡង​បន្តទៀត​បាន​បន្ទាប់ពី​ទទួល​ការសង្គ្រោះ​បឋម​ចំនួន 31ករណី និង9ករណី​ផ្សេងទៀត​មិនអាច​បន្ត​ប្រឡង​បាន។ ចំពោះ​បុគ្គលិក​អប់រំ​វិញ មាន​បញ្ហា​សុខភាព​ចំនួន2ករណី៕

Advertisement