កូន​ខ្មែរ​ដណ្តើមបាន​មេដាយ​ពី​កម្មវិធី ITMO 2017

International Teenagers Mathematics Olympiad (ITMO) ជា​កម្មវិធី​ប្រកួត​គណិតវិទ្យា​អូ​ឡាំ​ព្យ៉ា​ដ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ទីក្រុង Davao នៃ​ប្រទេស​ហ្វីលីពីន​ក្នុង​ឆ្នាំ 2017 នេះ ដែល​ក្នុងនោះ​មាន​សមាសភាព​មកពី 16ប្រទេស​ចូលរួម​ប្រកួត។

ក្នុង​កម្មវិធី ITMO 2017 នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជូន​គ្រូដឹកនាំ និង​សិស្សានុសិស្ស​បឋមសិក្សា​ចំនួន 16នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន 7នាក់ ដើម្បី​ចូលរួម​ប្រកួត ដោយ​ក្នុងនោះ​កម្ពុជា​ទទួលបាន​លទ្ធផល គឺ​ក្រុម​ទីមួយ (Team A) ដែលមាន​សមាជិក 4នាក់ ហើយ​មាន​សិស្សស្រី​ម្នាក់​បានទទួល​មេដាយសំរិទ្ធ។ បើ​គិត​ជា​ក្រុម​កម្ពុជា គឺ​ទទួលបាន​ចំណាត់ថ្នាក់​លេខ7 លើ​ក្រុម​ចំនួន 21 ហើយ​បើ​គិត​ជា​លក្ខខណ្ឌ​ប្រទេស​វិញ គឺ​កម្ពុជា​ទទួលបាន​លេខ 5 ក្នុងចំណោម​ប្រទេស​ចំនួន11។ ចំណែកឯ​សិស្ស​កម្ពុជា​ដែល​មិន​ទទួលបាន​មេដាយ គឺ​សុទ្ធតែ​ទទួលបាន Merri Certificate ហើយ​ក្នុងនោះដែរ កម្ពុជា​ទទួលបាន​ពានរង្វាន់​ដែល​សម្តែង​បានល្អ​បំផុត​ក្នុង​ពិធីជប់លៀង​ពេល​រាត្រី​ផងដែរ។

នៅក្នុង​ឱកាស​បើក​កម្មវិធី​ប្រកួត​នោះ​ស្ថាប័ន Mathematic Trainers Guild Philippines (MTG) ក៏បាន​ស្វាគមន៍​ដល់​អ្នកចូលរួម​ចំនួន 500នាក់ និង​គ្រូបង្វឹក​មកពី​បណ្ដា​ប្រទេស​មួយចំនួន​ដូចជា ប្រទេស​ប៊ុល​ការី កម្ពុជា ចិន ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីរ៉ង់ ម៉ុង​ហ្គោ​លី នេ​ប៉ាល អាហ្វ្រិក​ខាងត្បូង រុស្ស៊ី ស្រីលង្កា កោះ​តៃវ៉ាន់ ថៃ វៀតណាម និង​ហ្វីលីពីន។

លោកស្រី​បណ្ឌិត Usec. Nazareth Manzano បានលើកឡើង​នៅក្នុង​កម្មវិធី​បិទ​ការប្រកួត​នេះ​ថា នៅ​យុគសម័យ​ចុងក្រោយ​នេះ គណិតវិទ្យា និង​បច្ចេកវិទ្យា​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​សេដ្ឋកិច្ច។ ដោយ​មើល​តាម​ចរន្ត​នេះ យើង​បាន​បណ្តុះបណ្តាល​ឱ្យ​កុមារតូចៗចាប់ផ្តើម​មាន​វប្បធម៌​វិទ្យាសាស្ត្រ និង​គណិតវិទ្យា​នៅក្នុង​ខ្លួន។

លោកស្រី​បណ្ឌិត បានលើកឡើង​ផងដែរ​ថា សង្គម​ដែលមាន​វិទ្យាសាស្ត្រ​រឹងមាំ និង​មាន​វប្បធម៌​គណិតវិទ្យា​ខ្លាំង​អាច​ជំរុញ​ឱ្យ​មនុស្ស​មានគំនិត​ប្រាកដនិយម និង​មានការ​សម្រេចចិត្ត​ត្រឹមត្រូវ​លើ​គ្រប់​រឿង​ដែលមាន​ការវិភាគ​ផ្តោតលើ​ភាព​ពិត​ជាក់ស្តែង៕

Advertisement